(ភ្នំពេញ)៖ នគរបាល គឺសំដៅទៅលើ​អ្នករក្សា​នគរ ដែលមា​នតួនាទី និង​ភារកិច្ច​​យ៉ាង​សំខា​ន់​ក្នុង​ការការពារ ថែរក្សានូវ ​សណ្តាប់​ធ្នាប់​សាធារណៈ សន្តិ​សុខ សុវត្ថិ​ភាព ​និងភាព​​សុខ​សា​ន្ត​ជូន​ប្រ​ជាពលរដ្ឋ។

នៅពេលដែលមានបទល្មើសកើតឡើង ប្រជាពលរដ្ឋអាចដាក់ពាក្យបណ្តឹងទៅនគរបាលដែលទទួលបានគុណសម្បត្តិជាមន្រ្តីនគរបាលយុត្តិធម៌ ដែលនៅជិតខ្លួនបំផុត។

ដើម្បីយល់កាន់តែច្បាស់ថាតើមន្រ្តីនគរបាលយុត្តិធម៌មានបេសកកម្មយ៉ាងណាក្នុងការចូលរួមចំណែកផ្តល់សេវាយុត្តិធម៌ជូនប្រជាលរដ្ឋ ដូច្នេះកម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាព FRESH NEWS ក្រោមកិច្ចសហការជាមួយក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្តីពី «បេសកកម្មមន្រ្តីនគរបាលយុត្តិធម៌» មកធ្វើការបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិត​ដូច​ខាង​ក្រោម៖

នគរបាល​យុត្តិធម៌​រួម​មាន មន្រ្តី​នគរបាល​​យុត្តិធម៌ ភា្នក់ងារ​នគរបាល​យុត្តិធម៌ និងមន្រ្តី​រាជការនិ​ងភ្នាក់ងារ សាធារណៈ​ដទៃទៀត​ដែលច្បាប់ដោ​យទ្បែក​ប្រគល់​អំណាចឲ្យធ្វើ​ការពិនិត្យបទ​ល្មើ​សខ្លះៗ ក្នុងរង្វង់​សមត្ថកិច្ច​របស់ខ្លួន។

សម្រាប់សប្តាហ៍នេះ កម្មវិធី​យើង​សូមលើ​កយក​តែបេ​សកកម្មមន្រ្តី​នគរបា​ល​យុត្តិធម៌ ដែលបា​នបញ្ញាត្តិនៅក្នុង មាត្រា៧១​-៧៥ នៃក្រមនីតិវិធី​ក្រ​មព្រហ្ម​ទណ្ឌ ដូចខាង​ក្រោម៖

មន្ត្រីនគរបាល​យុត្តិធ​ម៌ទ​ទួល​បណ្តឹង​ទាមទារ និងបណ្តឹងប​រិហារ។ មន្ត្រីនគរបាលយុត្តិធម៌មានតួនាទីពិនិត្យបទល្មើសទាំងឡាយ និងធ្វើការស៊ើបអង្កេតបទល្មើសជាក់ស្តែង និងធ្វើការស៊ើបអង្កេតបឋម ក្នុងលក្ខខណ្ឌនៃច្បាប់។

កាលណាការស៊ើប​សួរបាន​ចាប់ផ្តើម មន្ត្រីនគរបាល​យុត្តិធម៌​អនុវត្តដីកាចាត់ឲ្យ​ស៊ើបសួរជំ​នួស​ពីចៅក្រម​ស៊ើបសួរ នៅក្នុង​លក្ខខណ្ឌ​ដែលបា​នចែងដោ​យមាត្រា ១៧៣ (ដីការ​ចាត់​ឲ្យស៊ើ​បសួរជំនួស) ដល់មាត្រា​ ១៨៤ (កំណត់ ហេតុក​សាងដោ​​យមន្ត្រីនគរបាល​យុត្តិធម៌) នៃក្រម​នេះ។

គ្រប់បណ្តឹងដែល​ទទួល​បានដោ​យមន្ត្រីន​គរបាល​យុ​ត្តិធម៌នោះតម្រូវឲ្យមានអ្នកធ្វើកំណត់ហេតុ។ កំណត់ហេតុត្រូ​វស្រង់ដោយត្រឹម​ត្រូវនូវ​សេចក្តីរាយ​ការណ៏របស់អ្នកប្តឹង។ ក្នុងករណីចាំបាច់ មន្ត្រី​នគរបា​ល​យុត្តិធម៌ អាច​ហៅរក​​អ្នកបក​ប្រែម្នាក់ដែ​លត្រូវស្បថតាមជំនឿ ឬសាសនា ខ្លួននឹង​បកប្រែភាសាឲ្យ​បានត្រឹមត្រូវតាម​សេចក្តីរាយការណ៏។ នៅក្នុងករ​ណីណាក៏ដោយ អ្នក​បក​ប្រែភាសា​មិនអាចត្រូវបាន​ជ្រើសរើស​ក្នុងចំ​ណោម​នគរបាល ឬកងរា​ជអាវុធហត្ថ​ដែលជាកម្លាំងរួម​ប្រតិបត្តិ​ការបា​នឡើយ ។

កំណត់ហេតុស្តីអំពីការដាក់ពាក្យបណ្តឹងត្រូវមានចុះសេចក្តីដូចតទៅ ៖

* ឈ្មោះ និងឋានៈរបស់មន្ត្រីនគរបាលយុត្តិធម៌
* អង្គភាពរបស់មន្ត្រីនគរបាលយុត្តិធម៌នេះ
* កាលបរិច្ឆេទ។

ទំព័រនីមួយៗ ត្រូវចុះហត្ថលេខាដោយមន្ត្រីនគរបាលយុត្តិធម៌ និងអ្នកប្តឹង ។ ការឆូត ការថែម និងការយោង ត្រូវតែមាន​បញ្ជាក់​ដោយ​មានចុះហត្ថលេខារបស់មន្ត្រីនគរបាលយុត្តិធម៌ និងអ្នក​ប្តឹង​នៅរឹម​ទំព័រ។ មុននឹងចុះហត្ថលេខា ឬផ្តិតម្រាមដៃ អ្នកប្តឹងត្រូវអានកំណត់ហេ​តុឡើងវិញ។ ក្នុងករណីចាំបាច់ មន្ត្រីនគរបា​លយុត្តិធ​ម៌ ត្រូវអានខ្លឹម​សារកំណ​ត់ហេតុ​ដោយសម្លេងខ្លាំងៗ។

នៅគ្រប់អង្គភាព​នគរ​បាលយុត្តិធម៌ ត្រូវតែមានប​ញ្ជីបណ្តឹងមួយ និងនៅគ្រប់ពេ​លដែ​លមានការដាក់ពាក្យបណ្តឹង មន្ត្រីនគរបា​លយុត្តិធម៌ត្រូវ​ចុះក្នុងប​ញ្ជីនិទ្ទេស​ដូច​តទៅ ៖

* អត្តសញ្ញាណរបស់អ្នកប្តឹង
* កាលបរិឆ្ឆេទនៃការដាក់ពាក្យប្តឹង
* ឈ្មោះ និងឋានៈរបស់មន្ត្រីនគរបាលយុត្តិធម៌ ដែលធ្វើកំណត់ហេតុស្តីពីការដាក់ពាក្យប្តឹង
* ប្រភេទនៃអំពើដែលប្តឹង
* ចំណាត់ការលើបណ្តឹងដូចជាបញ្ជូនទៅព្រះរាជអាជ្ញា ឬក៏ផ្តើមធ្វើការស៊ើបអង្កេត ។

បញ្ជីបណ្តឹងត្រូវតែកាន់កាប់ជា​អចិន្ត្រៃយ៏សម្រាប់ជូនអាជ្ញាធរតុលាការតាមត្រូវការ។ មន្ត្រីនគរបាលយុត្តិធម៌ដែលទទួលបណ្តឹងនោះ ត្រូវតែចាប់ផ្តើមភ្លាមៗធ្វើការស៊ើបអង្កេត ឬក៏ប​ញ្ជូនកំណត់ហេ​តុស្តីពីការដាក់ពាក្យប្តឹងនោះ ទៅព្រះរាជអាជ្ញាដើ​ម្បីចាត់កា​រតទៅ ។

មន្ត្រីនគរបាលយុត្តិធម៌ មុនធ្វើការស៊ើបអង្កេត អាចសុំសេចក្តីណែនាំពីព្រះរាជអាជ្ញា។ កាលណាទទួលបណ្តឹងបរិហារ ដែលមានបង្ហាញមូលហេតុជាក់ច្បាស់សមហេតុផល មន្ត្រីនគរបាលយុត្តិធម៌ ត្រូវជូនព័ត៌មានដល់ព្រះរាជអាជ្ញា និងសុំការណែនាំ ។

ក្នុងករណីណាក៏ដោយ មន្ត្រីនគរបាលយុត្តិធម៌ មិន​អាចត​ម្កល់រឿ​ងព្រ​ហ្មទ​ណ្ឌណាមួ​យទុក​ឥត​ចាត់ការបា​នទេ ទោះបីជាក្រោយពីមានការសម្រុះសម្រួលគ្នារវាងជនល្មើស និងជនរងគ្រោះ ឬក៏មានការដកពាក្យប្តឹងក៏ដោយ។

មន្ត្រីនគរបាល​យុត្តិធម៌ដែល​រក្សា​ទុកកំណត់ហេតុ ឬវត្ថុតា​ងដោយអ​ចេតនា ឬក៏លា​ក់បំបាំ​ងដល់អាជ្ញាធរ តុលាការ អំពីអ​ត្ថិភាព​នៃកំណត់ហេតុ ឬវត្ថុតាង ត្រូវចាត់ទុ​កថាមន្ត្រី​នគរបា​​ល​នោះបាន​ប្រព្រឹត្តិ​​បទល្មើស ដែល​ត្រូវផ្តន្ទាទោសតា​មក្រមព្រហ្ម​ទណ្ឌ​ពាក់ព័ន្ធនឹងជំពូកស្តីពីការស្រាវជ្រាវរកភស្តុតាង។

ដើម្បីយល់កាន់តែច្បាស់ពីចំណុចខាងលើនេះ យើងសូមជូនឧទាហរណ៏ដូចតទៅ៖ បុរស “ក” បានចាប់ផ្តើមមានទំនាក់ទំនងសេ្នហាជាមួយនារី “ខ” ដោយនៅថ្ងៃមួយបុរស “ក” បានបបួលនារី “ខ” ទៅដើរលេងកម្សាន្ត ហើយបានលួងលោមនារី “ខ” នោះឲ្យចូលមកលេងក្នុង​ផ្ទះរបស់ខ្លួន។

ដោយសារបុរស“ក” មានចំណងផ្លូវភេទជាខ្លាំងក៏បានចាប់បង្ខំនារី “ខ” រំលោ​ភ​សេពសន្ថវៈរហូ​តដល់បាន​សម្រេច បើទោះតែជាមានការសុំអង្វរ និងរើបម្រាស់ពីនារី “ខ” យ៉ាងណាក៏ដោយ។​ នៅថ្ងៃបន្ទា​ប់នារី “ខ” បា​នដាក់ពា​ក្យបណ្តឹងនៅមន្ត្រីនគរបាលយុត្តិធម៌ ប្តឹងបុរស “ក” ពីបទរំលោភ សេពសន្ថវៈ។ ដោយសារមានការសម្រុះសម្រួលគ្នា និងផ្តល់នូវសំណង់ជម្ងឺចិត្ត ទើបនារី “ខ” យល់ព្រមដកពាក្យ បណ្តឹងនៅមន្រ្តីនគរបាលយុត្តិធម៌។

ចំពោះករណីខាងលើនេះ ជាបទល្មើសព្រហ្មទណ្ឌមិនអាចត្រូវបានរំលត់ដោយការសម្រុះសម្រួលគ្នារវាងជនល្មើសជាមួយរងគ្រោះ ឬដោយសារមានការដកពាក្យបណ្តឹងវិញក៏ដោយ មន្ត្រីនគរបាលយុត្តិធម៌មិនអាចតម្កល់រឿងទុកឥតចាត់ការបានទ្បើយ ។

សរុបមក មន្រ្តីនគរបាលយុត្តិធម៌មានបេសកកម្មយ៉ាងសំខាន់ក្នុងការទទួលបណ្តឹងទាមទារ និងបណ្តឹងបរិហារ ដើម្បីធ្វើការស៊ើបអង្កេតបទល្មើសជាក់ស្តែង ធ្វើការស៊ើបអង្កេតបឋម និងចាប់ជនល្មើស ព្រមទាំងប្រមូលភស្តុតាងបញ្ជូនទៅស្ថាប័នអយ្យការ ចាត់ការបន្តតាមនីតិវីធិច្បាប់។

រៀបរៀងដោយ៖ លោកមេធាវី ម៉េង វណ្ណី និងលោក ហេង សុគន្ធ ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ, ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥, អ៊ីម៉ែល៖ [email protected], គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group ៕