(ម៉ានីល)៖ អត្តពលិកកម្ពុជា ៧ប្រភេទកីឡា នឹងបើកយុទ្ធនាការប្រកួតលក្ខណៈទ្រង់ទ្រាយធំលើកដំបូង នៅថ្ងៃទី០១ ខែធ្នូនេះ បន្ទាប់ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣០ នៅហ្វីលីពីន ត្រូវបានរៀបចំពិធីបើកការប្រកួតជាផ្លូវការដ៏កក្រើកនៅកីឡដ្ឋាន Philippines Arena កាលពីយប់មិញ ។

យោងតាមការឲ្យដឹងពីនាយបេសកកម្មលោក វ៉ាត់ ចំរើន បានឲ្យដឹងថា អត្តពលិកកម្ពុជាត្រូវធ្វើការប្រកួតថ្ងៃនេះ រួមមានកីឡាបាល់ទះឆ្នេរខ្សាច់, កីឡាវាយសី, កីឡាកាយសម្ព័ន្ធ, កីឡាសីប៉ាក់តាក្រ, កីឡារាំ, គុនល្បុក្កតោ(Arnis) និងកីឡាបាល់បោះ ៣ X ៣ ។ នេះជាការប្រកួតច្រើនប្រភេទកីឡាដំបូងរបស់កម្ពុជា បន្ទាប់ពីការប្រកួតរបស់ក្រុមបាល់ទាត់ជម្រើសជាតិ U22 កម្ពុជា និងក្រុមបាល់ទាត់ឆ្នេរខ្សាច់ កាលពីថ្មីៗ ។

លោកបន្ដថា ក្នុងចំណោម ៧ប្រភេទកីឡាខាងលើ មានកីឡា ២ប្រភេទ ដែលត្រូវប្រកួតប្រជែងមេដាយជាមួយបណ្ដាប្រទេសផ្សេងៗក្នុងថ្ងៃនេះ រួមមានកីឡារាំ និងគុនល្បុក្កតោ(Arnis) ។ ប៉ុន្ដែចំពោះលទ្ធផលយ៉ាងណានោះ នៅមិនទាន់ដឹងទេ ព្រោះកីឡាទាំង ២ប្រភេទនេះ ត្រូវប្រើរយៈពេលយូ មុនឈានដល់វគ្គដណ្ដើមមេដាយ ។ ចំណែកកីឡាផ្សេងៗ ស្ថិតក្នុងដំណាក់ការប្រកួតវគ្គជម្រុះនៅឡើយ ។

ក្រឡេកមកចាប់អារម្មណ៍ពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេមខួប ៦០ឆ្នាំ នៅហ្វីលីពីននេះយប់មិញ បានធ្វើឡើងយ៉ាងអធិកអធម ដោយមានការចូលរួមពីលោក Rodrigo Duterte ប្រធានាធិបតីហ្វីលីពីន នឹងមានការចូលរួមពីថ្នាក់ដឹកនាំ ប្រតិភូ និងអត្តពលិកគ្រប់បណ្ដាប្រទេសសមាជិកអាស៊ាន ខណៈថ្នាក់ដឹកនាំ និងអត្តពលិកកម្ពុជា ក៏បានចូលរួមផងដែរ ក្រោមការដឹកនាំរបស់លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ។

គួរបញ្ជាក់ថា ការប្រកួតកីឡាស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ គឺចាប់បើកការប្រកួតពីថ្ងៃទី៣០-វិច្ឆិកា ហើយបិទនៅថ្ងៃទី១១-ធ្នូ ។ ចំពោះកម្ពុជា បានបញ្ជូនប្រតិភូ និងអត្តពលិកសរុប ៣១ប្រភេទកីឡាទៅចូលរួម ខណៈបច្ចុប្បន្នមានអត្តពលិកជាង ១៥ប្រភេទកីឡាហើយ ដែលបានទៅដល់ហ្វីលីពីន ដើម្បីត្រៀមការប្រកួតជាបន្ដបន្ទាប់ ក្នុងគោលដៅដណ្ដើមកិត្តិយស និងលទ្ធផលល្អជូនជាតិមាតុភូមិ ៕