(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានថ្លែងថា ពេលដែលកម្ពុជារីករាយនឹងសន្តិភាព គឺជាពេលដែលយុវជនត្រូវតែគិតបន្ថែមទៀត អំពីតួនាទី ទំនួលខុសត្រូវ និងការចូលរួមចំណែករបស់ខ្លួន ដើម្បីសង្គមជាតិ និងប្រជាជន។

លោកថ្លែងបែបនេះ ក្នុងឱកាសដែល ស.ស.យ.ក បានរៀបចំពិធីអបអរសាទរខួបលើកទី៤១ នៃថ្ងៃកំណើតរបស់ខ្លួន ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្រុមគ្រួសារ ស.ស.យ.ក រាជធានី ខេត្ត ទូទាំងប្រទេស សរុបចំនួនប្រមាណ ៩០០០ នាក់ នៅពហុកីឡដ្ឋានជាតិ​អូឡាំពិក នាព្រឹកថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩​នេះ។

លោក ហ៊ុន ម៉ានី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «អនាគតរបស់សង្គមជាតិ និងសុភមង្គលរបស់ប្រជាជន គឺមានសារៈសំខាន់បំផុត ដែលមិនអាចបណ្តោយទៅតាមយថាហេតុ ឬឲ្យមានភាពចៃដន្យណាមួយកើតឡើងធ្វើឲ្យប៉ះពាល់នោះទេ។ ប្រាកដណាស់ពេលនេះ ពេលដែលកម្ពុជារីករាយនឹងសន្តិភាព ស្ថិរភាព, វាក៏ជាពេលដែលយុវជនកម្ពុជាត្រូវតែគិតបន្ថែមទៀតអំពីតួនាទី ទំនួលខុសត្រូវ និងការចូលរួមចំណែករបស់ខ្លួនដើម្បីសង្គមជាតិ និងប្រជាជន»

ពិធីអបអរសាទរខួបលើកទី ៤១នេះ ត្រូវត្រូវបានរៀបចំឡើងក្នុងគោលបំណង៣គឺ៖ ១៖ ដើម្បីរម្លឹកនូវគុណូការៈ ​និងការលះបង់របស់យុវជនជំនាន់មុន និងបុព្វបុរសរបស់យើង, ២៖ អបអរសាទរនូវសមិទ្ធផលនានា ដែលសម្រេចបានកន្លងមករហូតដល់បច្ចុប្បន្ននេះ, និង៣៖ ត្រៀមខ្លួនក្នុងការចូលរួមចំណែកដើម្បីនាំកម្ពុជាទៅអនាគតឱ្យកាន់តែប្រសើរ។

ក្នុងឱកាសនៃកម្មវិធីដ៏ពិសេសនេះដែរ លោក ហ៊ុន ម៉ានី បានរម្លឹកឡើងវិញអំពីមូលហេតុ បរិបទ និងកាលៈទេសៈ ដែលជាហេតុនាំឲ្យមានការបង្កើតសហភាពសហព័ន្ធយុវជនកម្ពុជា។ ស.ស.យ.ក. ដែលជាផ្នែកមួយនៃរណសិរ្សសាមគ្គីសង្គ្រោះ​ជាតិកម្ពុជាត្រូវបានបង្កើតឡើងកាលពី៤១​ ឆ្នាំមុន នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ក្រោមការដឹកនាំរបស់ សម្តេច ជា ស៊ីម សម្តេច ហេង សំរិន និងសម្តេច ហ៊ុន សែន ក្នុងបុព្វហេតុផ្តួលរំលំរបបខ្មែរក្រហម និងរំដោះជាតិកម្ពុជាពីរបបប្រល័យពូជសាសន៍ ដ៏សាហាវយង់ឃ្នង។

លោក ហ៊ុន ម៉ានី បានរំលេចពីឆន្ទៈយ៉ាងមុះមុត និងហ៊ានលះបង់ក្រោមស្មារតី២ធ្នូ របស់ថ្នាក់ដឹកនាំ និងយុវជនជំនាន់មុន ដែលបានដាក់ជីវិតធ្វើជាដើមទុន ក្នុងការបំពេញបេសកកម្មដ៏គ្រោះថ្នាក់ដើម្បីសុខសុវត្ថិភាពរបស់ប្រជាជនខ្មែរ ខណៈពេលដែលពិភពលោកមិនបានខ្វាយខ្វល់ទាល់តែសោះអំពីឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងទុក្ខសោកដែលប្រជាជនកម្ពុជារងគ្រោះនាពេលនោះ។

លោកបានបន្តថា៖ «កម្ពុជាមិនមានជម្រើសណាផ្សេងក្រៅពីក្រោកឈរឡើងដោយខ្លួនឯង ហ៊ានលះបង់ដោយយកជីវិតធ្វើជាដើមទុនដើម្បីរំ​ដោះ សង្គ្រោះប្រជាជន និងកសាងជាតិឲ្យរស់ឡើងវិញ»

លោកក៏បានបង្ហាញពីការចងចាំមិនភ្លេចនូវគម្រូវីរភាពរបស់យុវជនជំនាន់មុន បើទោះបីជា ៤១ ឆ្នាំបានកន្លងផុតទៅ តែស្មារតី ២ ធ្នូ នៅតែដក់ជាប់ជាមួយយុវជនជំនាន់ក្រោយគ្រប់ៗរូប។

សូមជម្រាបជូនថា ក្រោយមហាសន្និបាទលើកទី៣ កាលពីថ្ងៃទី២-៣ ខែវិច្ឆិកា ឆ្នាំ២០១២ សមាគមយុវជន​​សាមគ្គី​សង្គ្រោះ​ជាតិកម្ពុជា និងសមាគមយុវជនកម្ពុជា បានប្រែឈ្មោះមក​ជា ​សហភាព​សហព័ន្ធ​យុវជន​​កម្ពុជា (ស.ស.យ.ក.​) ដើម្បីបន្តបុព្វហេតុ ការការពារ និងបេ្តជ្ញារក្សាមិនឱ្យ បាត់បង់នូវស្មារតី ២ធ្នូ ដែលបន្សល់ទុកដោយយុវជនជំនាន់មុន និងបន្តការចូលរួមជាមួយសង្គមជាតិ ក្នុងការស្តារ កសាង និង បង្កើតសមិទ្ធផលនានាសម្រាប់កម្ពុជា។​ ក្នុងរយៈពេល ៧ឆ្នាំចុងក្រោយ សហភាពសហព័ន្ធ​យុវជន​កម្ពុជា​ បាន​បង្កើន​ការ​ទទួល​ស្គាល់​យ៉ាង​​ទូលំទូលាយនូវ​កិត្តិនាម​របស់ខ្លួន ទាំងក្នុង និង​ក្រៅ​ប្រទេស និងមានការ​ទទួលស្គាល់ពីសំណាក់​ថ្នាក់​ដឹកនាំ សាធារណៈជន ជាពិសេសយុវជន តាមរយៈ​សកម្មភាពរបស់ខ្លួន។

ផើ្តមចេញពី​កិច្ច​ការងារ​សម្រាប់​យុវជន ស.ស.យ.ក. បាន​ក្លាយ​ជា​វេទិកា​មួយ​ដែលផ្តល់ឱកាស​ដល់​យុវជន​គ្រប់រូប​ដែល​មាន​ចិត្ត និង​គោលបំណង​ដូចគ្នាក្នុងការផ្តល់ក្តីស្រលាញ់ លះបង់ពេលវេលា ធនធានផ្ទា​ល់ខ្លួន ដើម្បីសង្គម​ជាតិ និងប្រជាជន។ ទន្ទឹមនឹងនេះ ស.ស.យ.ក. ក៏បានចូល​រួម​យ៉ាងសកម្មក្នុង សកម្មភាពវប្បធម៌ សាសនា តាមរយៈ​ការ​ជំរុញ​​ការ​ស្វែង​យល់​ពី​ប្រវត្តិសាស្រ្ត ការចូល​រួមចំណែកក្នុងវិស័យអប់រំ សង្គម មនុស្សធម៌ កីឡា សិល្បៈ កំសាន្ត ដែល​អនុញ្ញាតឲ្យ​យុវជន​គ្រប់​និន្នាការ​ចូលរួមបានយ៉ាងទូលំទូលាយ។

ជាមួយគ្នានោះ ស.ស.យ.ក. បានចូលរួមពង្រឹងអត្តសញ្ញាណជាតិ តាមរយៈការរៀបចំ​ព្រឹត្តិការណ៍​ធំៗ ជាច្រើនរួមមាន ព្រឹត្តិការណ៍​អង្គរសង្គ្រាន្ត ពិធីថ្វាយ​ព្រះពរ​សង្ក្រាន្ត​ឆ្នាំថ្មី ការបំបែក​ឯតទគ្គកម្មក្រមាវែង និងទូកវែង​ជាង​គេ និងព្រឹត្តិការណ៍នានាផ្សេងៗ។​

សហភាពសហព័ន្ធយុវជនកម្ពុជា បានធ្វើដំណើរមកយ៉ាងវែងឆ្ងាយ ហើយក៏សម្រេចបាននូវសមិទ្ធិផលជាច្រើនសម្រាប់ជាតិមាតុភូមិ។ ប៉ុន្តែលោក ហ៊ុន ម៉ានី បានបញ្ជាក់ថា ស.ស.យ.ក. នៅមានការងារជាច្រើនទៀតដែលត្រូវធ្វើ។

លោកបានថ្លែងថា៖ «យើងត្រូវរំលឹកខ្លួនឯងជាប់ជានិច្ចថា សង្គមអនាគតនឹងអាចប្រែប្រួលទាំ​ង​​លើទិដ្ឋភាពឱកាស និងបញ្ហាប្រឈម ដែលទាមទារឲ្យយើងមិនត្រឹមតែត្រៀមខ្លួនដើម្បីទប់​ទ​ល់​ប៉ុន្តែថែមទាំងប្រើប្រាស់ឲ្យអស់សមត្ថភាព និងឆន្ទៈមនសិការ ដើម្បីកែប្រែបញ្ហាប្រឈមទាំងនោះ ទៅជាកាលានុវត្តភាពថ្មីសម្រាប់ការរីកចម្រើនរបស់ជាតិយើងបន្តទៅទៀត»

ក្នុងឱកាសនោះ ថ្នាក់ដឹកនាំ សមាជិក សមាជិកា ស.ស.យ.ក. ទាំងអស់ បានធ្វើការប្តេជ្ញាចិត្ត និងជំហររឹងមាំឥតងាករេ ថានឹងបន្តខិតខំប្រឹងប្រែងទោះក្នុងតម្លៃណាក៏ដោយ ការពារឲ្យបាននូវឯករាជ្យភាព បូរណភាពទឹកដី និងការពារនូវសុខដុមរមនានៃសង្គមសម្រាប់ប្រជាជនយើង និងប្រឆាំងដាច់ខាតនូវរាល់ការគំរាមកំហែងគ្រប់រូបភាពទាំងអស់ទាំងក្នុង និងក្រៅប្រទេស៕