(ភ្នំពេញ)៖ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោក អាំង សិរីពិសិដ្ឋ អភិបាលរងខណ្ឌចំការមន បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យជាក់ស្តែងលំនៅឋានរបស់ប្រជាពលរដ្ឋ ដែលរងការប៉ះពាល់ ពីការដ្ឋានសំណង់ចិនមួយកន្លែង ដែលធ្វើសកម្មភាពបង្កឲ្យផលប៉ះពាល់ ដល់ការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ នៅភូមិ១២ ផ្លូវច្រក៩៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ការចុះទៅពិនិត្យមើលជាក់ស្តែង និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋខាងលើនេះ បានកើតឡើងបន្ទាប់ពីក្រុមហ៊ុនការដ្ឋានសំណង់ «ឆាយណាខន់ស្ត្រាក់សិន» ត្រូវបានពួកគាត់ប្តឹង ដែលធ្វើសកម្មភាពប៉ះពាល់ការរស់នៅប្រចាំថ្ងៃ និងបង្កឲ្យខូចខាតទ្រព្យសម្បត្តិប្រជាពលរដ្ឋ។

ភ្នាក់ងារព័ត៌មាន Fresh News បានរាយការណ៍ថា ក្រុមការងារបានពិនិត្យលំនៅឋានប្រជាពលរដ្ឋ ដែលរងការប៉ះពាល់របស់ការដ្ឋានសំណង់របស់ក្រុមហ៊ុន «ឆាយណាខន់ស្ត្រាក់សិន» ឃើញថា៖

*ទី១ ៖ ការបាក់ព្រំប្រកដំបូលក្បឿងធ្លាក់មកលើដំបូលបន្ទប់ទឹក ជាព្រំផ្ទះចាស់
*ទី២ ៖ ក្រោយពីបានពិភាក្សាជាមួយតំណាងក្រុមហ៊ុនសាសង់ ដើម្បីសិក្សាពីការបាក់ ឬប្រេះស្រាំតំណាងក្រុមហ៊ុន បានឯកភាពឲ្យរកក្រុមវិស្វករអាជីព ឬ ក្រុមហ៊ុនបច្ចកទេស ដើម្បីមកសិក្សាពីការបាក់ព្រំប្រកដំបូលក្បឿង ឬការប្រេះស្រាំនេះ
*ទី៣ ៖ រដ្ឋបាលខណ្ឌចំការមនកំពុងសិក្សាដើម្បីរកដំណោះស្រាយ និងផ្សះផ្សាគ្នា។

ខណៈចុះពិនិត្យផ្ទាល់នេះ ប្រជាពលរដ្ឋបានសំណូមពរដល់អាជ្ញាធរខណ្ឌចំការមនចំនួន ៣ចំណុច៖

*ទី១ ៖ សំណូមពរឲ្យក្រុមហ៊ុនបញ្ឈប់ការកាត់ដែក ដែលបង្កឲ្យមានក្លិនឈ្ងៀមប៉ះពាល់ដល់សុខភាពពួកគាត់
*ទី២ ៖ បញ្ឈប់ការសាចស៊ីម៉ង់តិ៍មកលើផ្ទះរបស់ពួកគាត់
*ទី៣ ៖ សូមបញ្ឈប់ការដ្ឋាននៅម៉ោង ១០យប់ ដើម្បីកុំឲ្យរំខានកាដេកពួនរបស់ប្រជាពលរដ្ឋ។

ពាក់ព័ន្ធនឹងសំណូមពររបស់ប្រជាពលដ្ឋខាងលើនេះ លោក អាំង សិរីពិសិដ្ឋ បានទទួលយក ដើម្បីទៅប្រាប់ដល់ក្រុមហ៊ុនឲ្យបញ្ឈប់ជាបន្ទាន់ផងដែរ។ បើតាមលោក អ៊ាង ធារិទ្ធ អាយុ៣៧ឆ្នាំ ម្ចាស់ផ្ទះទទួលរងនូវដុំថ្មព្រំផ្ទះធ្លាក់ចំដំបូលផ្ទះបន្ទប់ទឹកនោះ បានឲ្យដឹងថា «ការដ្ឋានសំណង់បានបុកគ្រឹះបណ្តាលឲ្យញ័ររញ្ជួយបណ្តាលឲ្យធ្លាក់ដុំថ្មមកលើបន្ទប់ទឹក និងសំយ៉ាបផ្ទះខាងក្រោម ហើយខ្ញុំបានដាក់ពាក្យបណ្តឹង ដោយសុំឲ្យអាជ្ញាធរជួយដឹងឮ និងដោះសំណងជូនតាមការជាក់ស្តែង»។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋរស់នៅក្នុងភូមិ១២ ផ្លូវច្រក៩៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បានធ្វើពាក្យបណ្តឹងរួមគ្នា ប្តឹងក្រុមហ៊ុនការដ្ឋានសំណង់ចិនមួយកន្លែង ដែលធ្វើសកម្មភាពបង្កឲ្យផលប៉ះពាល់ ដល់ការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។ នេះបើយោងតាមពាក្យបណ្តឹង ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩។

ពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ដែលផ្ញើជូនទៅអភិបាលខណ្ឌចំការមន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សុំប្តឹងក្រុមហ៊ុនឆាយណាខន់ស្ត្រាក់សិន គ្រឹះស្ថានទី១ ពីបទបង្កឲ្យខូចខាតទ្រព្យសសម្បត្តិរំខាន ប៉ះពាល់សុខភាព និងធ្វើឲ្យមានការភ័យខ្លាចដល់ការរស់នៅប្រចាំថ្ងៃ»

យោងតាមពាក្យបណ្តឹងដដែលនេះ បានឲ្យដឹងបន្តថា នៅដើមឆ្នាំ២០១៩នេះ មានក្រុមហ៊ុនឆាយណាខន់ស្ត្រាក់សិនគ្រឹះស្ថានទី១ បានបើកការដ្ឋានសំណង់ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ជាប់របងផ្ទះប្រជាពលរដ្ឋដើមបណ្តឹង និងបានបង្កឲ្យការរញ្ជួយរង្គើផ្ទះ ស្រុតប្រេះជញ្ជាំង សំឡេងរំខាន២៤ម៉ោង សាចកម្ទេចថ្ម សាចផ្កាភ្លើង ជះក្លិនឈ្ងៀម ស្រក់ទឹកស៉ីម៉ង់ត៍លើទ្រព្យសម្បតិ្ត ដំបូលផ្ទះ និងធ្វើឲ្យមានការភ័យខ្លាច ពីសុវត្ថិភាព ការរស់នៅប្រចាំថ្ងៃ ដោយដែកយោងសម្ភារការដ្ឋានសំណង់ វិលនៅលើដំបូលផ្ទះពួកគាត់ ជាប្រចាំរាល់ពេលសាងសង់៕