(ភ្នំពេញ)៖ កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការជាមួយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង អធិការដ្ឋាននគរបាលខណ្ឌពោធិសែនជ័យ អធិការដ្ឋានខណ្ឌចំការមន និងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានធ្វើការស្រាវជ្រាវបង្រ្កាបឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប្រើអាវុធវែងភ្ជង់ប្លន់យក រថយន្តចំនួន ១គ្រឿង ម៉ាក ហាយឡេនដឺ ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខស្វាយរៀង 2B-4517 នៅចំណុចមុខដីឡូតិ៍គ្មានលេខ ផ្លូវថៃហ្គរ័ ភូមិបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។

របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានឲ្យដឹងថា ករណីនេះបានកើតឡើង កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ១៖៣០នាទីរំលងអាធ្រាត្រ ដែលមានជនសង្ស័យឈ្មោះ ជុត ជីវន្ត័ អាយុ២៧ឆ្នាំ មានតួនាទីជាមន្រ្តីនគរបាលព្រហ្មទណ្ឌនៅខេត្តព្រៃវែង រស់នៅភូមិបឹងព្រះ ស្រុកបារភ្នំ ខេត្តព្រៃវែង ហើយជនរងគ្រោះឈ្មោះ ពុធ រិទ្ធី អាយុ៣៣ឆ្នាំ រត់តាក់ស៉ី រស់នៅភូមិត្រពាំងបុណ្យ ឃុំព្រៃគគីរ ស្រុកចន្រ្ទា ខេត្តស្វាយរៀង។

តាមដំណើររឿង កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ជនសង្ស័យឈ្មោះ ជុត ជីវន្ត័ បានចេញពីលេងល្បែងនៅណាហ្គាវ៉ើល ជិះម៉ូតូឌុប ទៅច្បារអំពៅដើម្បីម៉ៅរថយន្តទៅខេត្តព្រៃវែង ពេលទៅដល់ក៏បានឃើញរថយន្តតាក់ស៉ី០១គ្រឿង ម៉ាក ហាយឡេនដឺ ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខ ស្វាយរៀង 2B-4517 ដែលម្ចាស់រថយន្តជាមនុស្សធ្លាប់ស្គាល់គ្នាជិះរថយន្តទៅខេត្តព្រៃវែង ពេលនោះខ្លួនបានហៅម្ចាស់រថយន្តនោះឲ្យបើកជូនទៅខេត្តព្រៃវែង និងត្រឡប់មកភ្នំពេញវិញ។

ពេលបើករថយន្តដល់ខេត្តព្រៃវែង ជនសង្ស័យបានឲ្យម្ចាស់រថយន្តឈប់ចាំនៅច្រកខាងកើតចូលស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដោយជនសង្ស័យចូលទៅក្នុងបន្ទប់ដេកយកអាវុធ AK ស្វាយបត់ ០១ដើម ដាក់ក្នុងសាក់កាដូស្ពាយក្រោយ ត្រឡប់ចូលរថយន្តវិញ ហើយឲ្យអ្នកបើកតាក់ស៉ី ជិះចូលមកភ្នំពេញវិញ ពេលជិះតាមផ្លូវជនសង្ស័យរកមើលកន្លែងស្ងាត់ ដើម្បីធ្វើសកម្មភាពប្លន់ រហូតមកដល់ផ្លូវបំបែកចូលរោងចក្រថៃហ្គ័រ សង្កាត់ព្រែកឯង ខ្លួនបានឲ្យអ្នកបើករថយន្តទៅតាមរោងចក្រថៃហ្គរ័ បានប្រហែល ១គីឡូម៉ែត្រ ក៏ដកអាវុធពីក្នុងសាក់កាដូ ភ្ជង់ម្ចាស់រថយន្តឲ្យចុះរួចយកកាបូបលុយ និងរថយន្តបើកត្រឡប់ក្រោយចូលភ្នំពេញវិញ តាមផ្លូវជាតិលេខ១ មកដេកនៅផ្ទះសំណាក់ និងយកសាកកាដូ និងអាវុធទុកក្នុងបន្ទប់ផ្ទះសំណាក់ ហើយខ្លួនបានយករថយន្តដែលប្លន់បានជិះមកណាហ្គាវ៉ើល។

លុះដល់ម៉ោងប្រហែល០៨ព្រឹក ខ្លួនបានពឹងសន្តិសុខ ណាហ្គាវ៉ើលឲ្យមនុស្សប្រុសម្នាក់មិនស្គាល់ឈ្មោះមកទិញរថយន្តក្នុងតម្លៃ ១៤,០០០ ដុល្លារ ហើយក៏គេចខ្លួនបាត់។ ក្រោយមកនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ សមត្ថកិច្ចបានដកហូតរថយន្តម៉ាក ហាយឡេនដឺ ពាក់ស្លាកលេខ ស្វាយរៀង 2B-4517 ពីឈ្មោះ យ៉ាន សំអុល នៅកន្លែងលាងឡានម្តុំបឹងត្របែកស្ថិតក្នុងសង្កាត់បឹងត្របែក។

លុះដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល២០ ពេលដែលខ្លួនកំពុងនៅផ្ទះក្នុងបុរីផុនស៊ុយ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ក៏ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួន យកមកធ្វើការសាកសួរនៅការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់តែម្តង។

ដោយមានការស្នើសុំពីជនរងគ្រោះ និងមានការឯកភាពពីលោក ខាំ សុផារី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សមត្ថកិច្ចបានប្រគល់រថយន្តឲ្យជនរងគ្រោះ យកទៅប្រើប្រាស់បណ្តោះអាសន្ន។ ជាមួយគ្នានេះ សមត្ថកិច្ចក៏បានប្រគល់អាវុធម៉ាក AK ចំនួន ៣ដើម ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តព្រៃវែង យកទៅប្រើប្រាស់វិញ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបាននគរបាល កសាងរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕