(ភ្នំពេញ)៖ ក្លិបអ្នកកាសែតកម្ពុជា (កអក) នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានសហការជាមួយអង្គការសមាគន៍អភិរក្សសត្វព្រៃកម្ពុជា (WCS) រៀបចំសិក្ខាសាលាស្តីពី «ការសង្កេត និងប្រមូលព័ត៌មានទាក់ទងការជួយដូរសត្វព្រៃ» ជូនដល់អ្នកសារព័ត៌មាន មកពីចម្រុះអង្គភាព-ស្ថាន និងមន្រ្តីមកពីក្រសួងពាក់ព័ន្ធផងដែរ។

សិក្ខាសាលានេះ ប្រព្រឹត្តឡើងនៅភោជនីយដ្ឋានទន្លេបាសាក់ I រាជធានីភ្នំពេញ ដោយមានការចូលរួមពី លោក ឆាយ សុផល អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន លោក ពុយ គា អ្នកសារព័ត៌មានជើងចាស់ និងជាអ្នកឆ្លើយឆ្លងសារព័ត៌មានKyodo ដ៏ល្បីរបស់ជប៉ុន រួមទាំងអ្នកសារព័ត៌មានល្បីៗមួយចំនួនទៀត។

គោលបំណងនៃសិក្ខាសាលានេះ ដើម្បីបង្ហាញដល់អ្នកសារព័ត៌មានពីស្ថានភាពទូទៅនៃការជួញដូរសត្វព្រៃ រួមទាំងវិធានការច្បាប់ អង្កេតការជួញដូរ សត្វព្រៃ នៅកម្ពុជា។ ដូច្នេះ ក្លិបអ្នកកាសែតកម្ពុជា បានអញ្ជើញមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ និងមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទចូលរួមជាវាគ្មិន រួមជាមួយសាស្ត្រាចារ្យផ្នែកសារព័ត៌មានមន្ត្រី អង្គការសមាគមន៍ អភិរក្សសត្វព្រៃ ដើម្បីផ្តល់នូវចំណេះដឹងទាក់ទងការស្វែងរកព័ត៌មាន រួមទាំងស្ថានភាពទូទៅនៃការជួញដូរសត្វព្រៃ និងវិធានការច្បាប់ បញ្ហាប្រឈមនានា ពាក់ព័ន្ធបទល្មើសនៃការជួញដូរសត្វព្រៃនៅកម្ពុជា។

ក្លិបអ្នកកាសែត ចាត់ទុកសិក្ខាសាលានេះមានសារៈសំខាន់ណាស់សម្រាប់អ្នកសារព័ត៌មានទូទៅ ដែលកំពុងបំពេញវិជ្ជាជីវៈក្នុងការបង្កើនសមត្ថភាព ស្វែងរកព័ត៌មាន ការសសេរព័ត៌មាន រាយការណ៍ព័ត៌មានទាក់ទងការជួញដូរសត្វព្រៃ៕