(កណ្ដាល)៖ មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន «Japan Heart Children’s Medical Center» ដែលជាអង្គការស្ម័គ្រចិត្តជួយដល់កុមារ ស្ថិតនៅ​ក្នុងមន្ទីរពេទ្យបង្អែកពញាឮ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩​នេះ បានទទួលឧបករណ៍វេជ្ជសាស្ត្រ ពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ​អុិឈិ ឡាយហ្វ៍​ ​ដើម្បីជួយសង្គ្រោះដល់កុមារ ដែលទទួលបានការព្យាបាលពីមន្ទីរពេទ្យ​។

ព្រឹត្តិការណ៍នេះ មានការចូលរួមពីថ្នាក់ដឹកនាំ បុគ្គលិកនៃក្រុមហ៊ុន​ធានារ៉ាប់រងអាយុជីវិត ដាយអុិឈិ ឡាយហ្វ៍ អុីនសួរ៉ិនស៍ (ខេមបូឌា) ម.ក ថ្នាក់ដឹកនាំ បុគ្គលិកនៃមជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន ព្រមទាំងវេជ្ជបណិ្ឌត កុមារ ឳពុកម្តាយរបស់កុមារ និងសមាជិកសារព័ត៌មានទាំងអស់។ កិច្ចព្រមព្រៀងផ្តល់ជំនួយរបស់គម្រោងនេះ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ រវាងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយអុិឈិ ឡាយហ្វ៍ និងមជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន។ ស្ថិតនៅក្រោមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុននឹងឧបត្ថម្ភឧបករណ៍វេជ្ជសាស្ត្រមួយចំនួន ដល់មន្ទីរពេទ្យមានដូចជា​ ម៉ូនីទ័រអ្នកជំងឺ ឧបករណ៍វះកាត់កុមារ និងថ្លៃវះកាត់សម្រាប់អ្នកជំងឺជាង ១០០នាក់ ជារៀងរាល់ឆ្នាំ នៅក្នុងគោលបំណង ដើម្បីលើកកម្ពស់គុណភាពនៃការព្យាបាល និងសេវាកម្មថែទាំសុខភាពសម្រាប់កុមារ និងអ្នកជំងឺដទៃទៀត ដែលត្រូវទទួលការព្យាបាលនៅក្នុងមន្ទីរពេទ្យនេះ។

លោក អាឡិន ថៃ នាយកប្រតិបត្តិ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយអុិឈិ ឡាយហ្វ៍ ខេមបូឌា មានប្រសាសន៍ថា​ ក្រុមហ៊ុន ដាយអុិឈិ ឡាយហ្វ៍ ពេញចិត្តក្នុងការចូលរួមចំណែក ជួយដល់សហគមន៍ ដែលជាកន្លែងដែលខ្លូនកំពុងមានប្រតិបត្តិការ ស្របតាមការអភិវឌ្ឍអាជីវកម្មរបស់ខ្លួន។ នេះគឺជាការជួយអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចប្រកបដោយនិរន្តភាព។ ពិធីនៅក្នុងថ្ងៃនេះគឺសរបញ្ជាក់ពីការបេ្តជ្ញាចិត្ត យ៉ាងមុតមាំរបស់យើងក្នុងការជួយលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជនកម្ពុជា។ យើងជឿជាក់យ៉ាងមុតមាំថា ឧបករណ៍វេជ្ជសាស្ត្រទាំងអស់នេះនឹងផ្តល់នូវគុណភាព ល្បឿននៃការព្យាបាល និងការយកចិត្តទុកដាក់ខ្ពស់ដល់អ្នកជំងឺ ជាពិសេសកុមារ។

ដំណើរការរបស់ ក្រុមហ៊ុន ដាយអុិឈិ ឡាយហ្វ៍ នៅក្នុងប្រទេសកម្ពុជា គឺសម្រាប់រយៈពេលវែង ហើយក្រុមហ៊ុនបានត្រៀមខ្លួនរួចជា​ស្រេច ដើម្បីបម្រើនិងបំពេញនូវតម្រូវការធានារ៉ាប់រង អាយុជីវិតជូនដល់ប្រជាជនកម្ពុជាគ្រប់រូប ដូចពាក្យស្លោករបស់ក្រុមហ៊ុន ដាយអុិឈិ ឡាយហ្វ៍ «នៅក្បែរអ្នកជានិច្ច»។

លោក ហុរីអ៊ុឈិ យូស៊ុកិ អគ្គនាយកគ្រប់គ្រង មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន មានប្រសាសន៍ថា​ «មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន គឺជាអង្គការក្រៅរដ្ឋាភិបាលតែមួយគត់ ដែលដៃគូរសហការ និងរួមបញ្ចូលជាមួយមន្ទីរពេទ្យរដ្ឋ។ ពួកយើងបានសហការជាមួយ មន្ទីរពេទ្យបង្អែកពញាឮ ចាប់តាំងពីយើងបានបើកមន្ទីរពេទ្យ នៅឆ្នាំ២០១៦ មកម្ល៉េះ។ យើងផ្តោតការយកចិត្តទុកដាក់ ទៅលើការព្យាបាលជំងឺធ្ងន់ធ្ងរលើកុមារ ជាពិសេសគឺជំងឺមហារីក»

តើអ្នកដឹងអំពីអត្រារស់រាន មានជីវិតនៃជំងឺមហារីក ទៅលើកុមារនៅក្នុងប្រទេសអភិវឌ្ឍន៍ដែរឬទេ? កុមារ ៨០% ជាសះស្បើយ និងអកុសល ២០% នៃអ្នកជំងឺនឹងស្លាប់។ ម៉្យាងទៀត តើមានប៉ុន្មានភាគរយអាចរស់បាននៅក្នុងប្រទេសនេះ? គួរឲ្យភ្ញាក់ផ្អើលមានតែ ២០% ប៉ុណ្ណោះ ដោយសារតែប្រទេសកម្ពុជាកំពុងប្រឈមមុខ លំបាកក្នុងការព្យាបាលជំងឺមហារីកកុមារ ដោយសារកង្វះអ្នកជំនាញ និងឧបករណ៍នៅក្នុងមន្ទីរពេទ្យ។ ​ថ្ងៃនេះ ឧបករណ៍វេជ្ជសាស្ត្រ Electrocardiogram (ECG) Monitor និង Pediatric Stretchers ត្រូវបានបរិច្ចាគដោយ ក្រុមហ៊ុន ដាយអុិឈិ ឡាយហ្វ៍ ឧបករណ៍មានសារៈសំខាន់យ៉ាងខ្លាំង ដល់ការព្យាបាលសម្រាប់កុមារដែលមានជំងឺ។

លោកស្រីវេជ្ជបណ្ឌិត ម៉ៃកូ កូជីរ៉ូ នាយកគម្រោងមន្ទីរពេទ្យ មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន ​បានថ្លែងថា​ មន្ទីរពេទ្យនេះមានការកើនឡើង នូវចំនួនអ្នកជំងឺមកពីបណ្តាខេត្តនានា នៅក្នុងប្រទេសកម្ពុជា ហើយការសម្រាកព្យាបាលនៅ មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន ផ្តល់ជូនដោយឥតគិតថ្លៃសម្រាប់កុមារក្រីក្រ។ ដូច្នេះឳពុកម្តាយដែលគ្មានលទ្ធភាព មិនអាចបញ្ចូនកូនៗរបស់ពួកគេទៅ​ទទួលការព្យាបាលជំងឺមហារីក ​និងស្ថានភាពធ្ងន់ធ្ងរផ្សេងទៀត មកសម្រាកព្យាបាលនៅទីនេះ ​ដោយគ្មានការព្រួយបារម្ភ។ យើងបេ្តជ្ញាជួយស្តារ​សុខភាព និងសុភមង្គលដល់កុមារទាំងអស់នេះ៕