(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១៣៖០៨នាទីរសៀល មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៧ (GS7-F9) មូលហេតុដោយសារមានអេស្កាវ៉ាទ័ររបស់ក្រុមហ៊ុន ថៃហ្គ័រ (TIGER) ជីកដីដាក់ទុយោ ប៉ះខ្សែបណ្ដាញតង់ស្យុងមធ្យម(MV) ក្រោមដី ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនី នៅតំបន់មួយចំនួន។

តំបន់ទាំងនោះ រួមមាន ១៖ ផ្លូវជាតិលេខ១ សង្កាត់និរោធ សង្កាត់វាលស្បូវ សង្កាត់ក្បាលកោះ, ២៖ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ, ៣៖ ភូមិព្រែករាំងទី១ និងទី២ សង្កាត់កំពង់សំណាញ់ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ និង៤៖ ភូមិទួលក្របៅ ឃុំគគី ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

អគ្គិសនីកម្ពុជា បានបញ្ជាក់ថា ក្រុមការងារបច្ចេកទេស បានធ្វើការផ្លាស់ប្ដូរប្រភពផ្គត់ផ្គង់ និងភ្ជាប់ចរន្តជូនអតិថិជន ឲ្យមានចរន្តប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង១៧៖០០នាទីល្ងាច។

អគ្គិសនីកម្ពុជា សូមអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួល ក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕