(ត្បូងឃ្មុំ)៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានទទួលជួបសំណេះសំណាល ប្រតិភូខេត្តប៊ិញភឿក ដឹកនាំដោយលោក ង្វៀន វ៉ាន់ត្រាំ ប្រធានគណៈកម្មាធិការប្រជាជនខេត្តប៊ិញភឿក នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្តែងការគួរសម នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងន័យដើម្បីបង្កើនចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងខេត្តសម្ព័ន្ធមិត្តឲ្យកាន់តែជិតស្និទ្ធថែមទៀត។

ក្នុងជំនួបរវាងខេត្តទាំងពីរនេះ លោក ង្វៀង វ៉ាន់ត្រាំ ប្រធានប្រតិភូ បានបញ្ជាក់ពីគោលបំណងនៃអញ្ជើញមកសួរសុខទុក្ខ និងផ្សាភ្ជាប់ចំណង មិត្តភាព រវាងខេត្តជាប់ព្រំដែន ដែលមានខេត្តត្បូងឃ្មុំ និងខេត្តប៊ិញភឿក ដែលរដ្ឋាភិបាលទាំងពីរតែងតែយកចិត្តទុកដាក់ ក្នុងការទំនាក់ទំនងចំណងមិត្តភាព រវាងប្រទេសទាំង២ ឲ្យកាន់តែទទួលបានភាពជោគជ័យរួមគ្នា ក្នុងការយោគយល់គ្នាទៅវិញទៅមក ដើម្បីឲ្យខេត្តជាប់ព្រំដែនធានាទទួលបាននូវការអភិវឌ្ឍ លើគ្រប់វិស័យ ទាំងការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម ក៏ដូចជាការឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការ ចំណងសាមគ្គីភាពរវាងខេត្តជាប់ព្រំដែន ព្រោះវាជាទំនៀមទំលាប់ដ៏ល្អជាយូរមកហើយ។

ថ្លែងក្នុងឱកាសនោះ លោក ជាម ច័ន្ទសោភ័ណ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ព្រមទាំងសម្តែងភាពរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះការអញ្ជើញមកដល់នៃប្រតិភូ ខេត្តប៊ិញភឿក នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីបង្កើនចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងខេត្តសម្ព័ន្ធមិត្ត ឲ្យកាន់តែជិតស្និទ្ធថែមទៀត។

ថ្នាក់ដឹកនាំខេត្តទាំង២ បានបញ្ជាក់ថា ក្នុងឱកាសជួបសំណេះសំណាលនេះ បានបង្ហាញឲ្យឃើញពីការខិតខំប្រឹងប្រែង ក្នុងការអនុវត្តការងារ កិច្ចសហប្រតិបតិ្ត ការយ៉ាងល្អរវាងកម្ពុជា និងវៀតណាម និយាយជារួម និងនិយាយដោយឡែករវាងខេត្តត្បូងឃ្មុំ និងខេត្តប៊ិញភឿក តែងតែមានកិច្ចសហប្រតិបត្តិការល្អ ក្នុងនាមជាមិត្តភាព សាមគ្គីភាព និងអ្នកជិតខាង ក្នុងការអនុវត្តការងារ កិច្ចសហប្រតិបត្តិការលើវិស័យ សេដ្ឋកិច្ច សង្គម ការងារសន្តិសុខសណ្តាប់ធ្នាប់ តាមព្រំដែន និងសហការអភិវឌ្ឍន៍គ្រប់វិស័យរវាងខេត្តទាំងពីរ។

តាមរយៈជំនួបនេះ ថ្នាក់ដឹកនាំខេត្តទាំងពីរ បានប្តេជ្ញាថា បន្តរក្សានូវចំណងមិត្តិភាព កិច្ចសហការដ៏ល្អជាបន្តទៀត ពិសេសគឺជំរុញការអភិវឌ្ឍសេដ្ឋកិច្ច តំបន់ច្រកទ្វាព្រំដែន ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ប្រជាពលរដ្ឋរស់នៅជាប់ព្រំដែនទាំងសងខាង អាចធ្វើដំណើរទៅវិញទៅមក ការធ្វើវិនិយោគ ផ្លាស់ប្តូរទំនិញ ការពិនិត្យជំងឺ សួរសុខទុកសាច់ញាតិផងដែរ៕