(ភ្នំពេញ)៖ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឲ្យនាយឧត្តមសេនីយ៍ Maanat Wongwat មេបញ្ជាការកងទ័ពជើងអាកាសភូមិន្ទថៃ ចូលជួបសម្តែងការគួរសម នៅបន្ទប់សវនាការអគ្គបញ្ជាការដ្ឋាន។

នាឱកាសនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ ក្នុងនោះសភាពការណ៍នៅតាមបណ្តោយព្រំដែន មានភាពល្អប្រសើរ ដោយកងកម្លាំងប្រទេសទាំងពីរ បានផ្លាស់ប្តូរព័ត៌មានសន្តិសុខ ការសហការបង្រ្កាបបទល្មើសឆ្លងដែនខុសច្បាប់ ការជួញដូរគ្រឿងញៀន និងជួញដូរមនុស្សបានទាន់ពេលវេលា។

នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលថៃ ក៏ដូចជា កងទ័ព និងប៉ូលីសថៃ ដែលបានសហការល្អជួយទប់ស្កាត់ពួកជ្រុលនិយមដឹកនាំដោយទណ្ឌិត សម រង្ស៊ី ក្នុងការប៉ុងប៉ងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជានាពេលកន្លងមក។ នាយឧត្តមសេនីយ៍ បានចាត់ទុកសកម្មភាពជួយទប់ស្កាត់របស់ភាគីថៃនេះថា បានគោរពដល់គោលការណ៍មិនជ្រៀតជ្រែកផ្ទៃក្នុងប្រទេសដទៃ។
នាយឧត្តមសេនីយ៍ ក៏បានថ្លែងអំណរគុណដល់កងទ័ពភូមិន្ទថៃ ដែលកន្លងមក ក៏ដូចជាបច្ចុប្បន្នតែងបានយកចិត្តទុកដាក់ជួយបណ្តុះបណ្តាលធនធានមនុស្ស ក្នុងកងយោធពល ខេមរភូមិន្ទ ឲ្យមានការរីកចម្រើនជាបន្តបន្ទាប់លើផ្នែកសមត្ថភាព ហើយពេលថ្មីៗនេះថៃ ក៏បានជួយឧបត្ថម្ភជាសម្ភារដល់កងទ័ពពិសេសឆ័ត្រយោងកម្ពុជាផងដែរ។
ជាកិច្ចឆ្លើយតប នាយឧត្តមសេនីយ៍ Maanat Wongwat បានសម្តែងការអរគុណចំពោះ នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ ដែលបានអញ្ជើញទៅចូលរួមពិពណ៌ការងារសន្តិសុខ និងការពារជាតិ នៅព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី៨ ខែវិច្ឆិកា កន្លងទៅ ដោយនាយឧត្តមសេនីយ៍មេបញ្ជាការកងទ័ពអាកាសភូមិន្ទថៃ បានគូសបញ្ជាក់ថា ពិរព័ណ៌ការពារជាតិនេះ មានសារសំខាន់ដល់ការគិតគូរពី សន្តិសុខរួម របស់អាស៊ាន ហើយដែលប្រទេសជាសមាជិកនីមួយៗត្រូវយកចិត្តទុកដាក់រក្សាសុវត្ថិភាពឲ្យបានល្អ។

នាយឧត្តមសេនីយ៍ Maanat Wongwat បានផ្តល់លទ្ធភាពដល់កងទ័ពជើងអាកាសកម្ពុជា ក្នុងការទៅធ្វើទស្សនកិច្ចស្វែងយល់ពីភាពរីកចម្រើនរបស់កងទ័ពជើងអាកាសភូមិន្ទថៃ ជាពិសេស ការងារជួសជុល និងកិច្ចប្រតិបត្តិការបន្ធូបន្ថយគ្រោះមហន្តរាយនានាដែលកើតមាន៕