(កណ្តាល)៖ សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកណ្តាល បានបើកវគ្គបំប៉នសមត្ថភាពរយៈពេល ២ថ្ងៃគឺពីថ្ងៃទី២៥-២៦ វិច្ឆិកា ឆ្នាំ២០១៩ នេះ ដល់ក្រុមប្រឹក្សាប្រធាន និងសមាជិកក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ប្រមាណ ៣៨០រូប ក្នុងគោលបំណងពង្រឹង «អំណាចផ្ទាល់ខ្លួននិងភាពជាអ្នកដឹកនាំ» ដើម្បីលើកកម្ពស់ការអភិវឌ្ឍនៅមូលដ្ឋានឲ្យទទួលបានជោគជ័យ ស្របតាមគោលនយោបាយ នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។

វគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងអំណាចផ្ទាល់ខ្លួន (OPERACY)» សម្របសម្រួលដោយលោកគ្រូ Christopher Lee ដែលជាវាគ្មិនមានឈ្មោះល្បីល្បាញនៅក្នុងតំបន់អាស៊ី។

លោក គង់ ឆេង ប្រធានសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកណ្តាល មានប្រសាសន៍ថា តាមរយៈវគ្គបណ្តុះបណ្តាល សិក្ខាកាមនឹងពង្រឹងគុណតម្លៃផ្ទាល់ខ្លួន គុណធម៌ការងារ មានអំណាចផ្ទាល់ខ្លួនខ្ពស់ មានភាពអត់ធ្មត់និងការតស៊ូព្យាយាមប្រសើរជាងមុនក្នុងការដឹកនាំនៅមូលដ្ឋាន។

ពិធីបើក និងបិទវគ្គប្រព្រឹត្តទៅក្រោមអធិបតីភាពលោក នូវ ប៉េងច័ន្ទតារា អភិបាលរងខេត្តកណ្តាល៕