(ភ្នំពេញ)៖ ឆ្លើយតបនឹងតម្រូវការ ប្រើប្រាស់ទឹកស្អាតរបស់ប្រជាជន កាន់តែច្រើនឡើងជាលំដាប់ពី១ឆ្នាំទៅ១ឆ្នាំ, នៅចុងឆ្នាំ២០១៩នេះ រាជរដ្ឋាភិបាលកម្ពុជា នឹងចាប់ផ្ដើមសាងសង់រោងចក្រ ផលិតទឹកស្អាតថ្មីមួយកន្លែងទៀត នៅសង្កាត់បាក់ខែ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយប្រើប្រាស់ថវិកាជាង៣០០លានដុល្លារអាមេរិក ដែលមានសមត្ថភាពអាចផ្គត់ផ្គង់ទឹកបានជិត៤០ម៉ឺនម៉ែត្រគូប ក្នុង១ថ្ងៃ។

ពាក់ព័ន្ធនឹងគម្រោងសាងសង់ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត នៅបាក់ខែងនេះ លោក ស៊ឹម ស៊ីថា អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបញ្ជាក់លម្អិតក្នុងកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» របស់ទូរទស្សន៍ Fresh News។

លោក ស៊ឹម ស៊ីថា បានបញ្ជាក់ថា រោងចក្រផលិតទឹកស្អាតថ្មីនេះ មានសមត្ថភាពរហូតដល់៤០ម៉ឺនម៉ែត្រគូបក្នុង១ថ្ងៃ ចែកចេញជា២ជំហាន ដែលជំហានទី១ ផលិតទឹកស្អាតបានជិត២០ម៉ឺនម៉ែត្រគូបក្នុង១ថ្ងៃ ប្រើប្រាស់ទុនវិនិយោគសរុប១៥៦លានដុល្លារ។

អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមជម្រាបជូនថា គម្រោងសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត នៅបាក់ខែង ដែលមានតម្លៃសរុបជំហានទី១ ចំនួន១៥៦លានដុល្លារអាមេរិក គឺមានសមត្ថភាពផ្គត់ផ្គង់ទឹកផលិតបាន១៩៥ពាន់ម៉ែត្រគូបក្នុង១ថ្ងៃ»

លោក ស៊ឹម ស៊ីថា បានបន្ថែមទៀតថា «រោងចក្របាក់ខែងនេះ នឹងត្រូវធ្វើការសាងសង់ជា២ជំហាន។ ជំហានទី២ នឹងចាប់ផ្ដើមសាងសង់២១ខែ បន្ទាប់ពីជំហានទី១សាងសង់ហើយ»។ គម្រោងសាងសង់រោងចក្រប្រព្រឹត្តិកម្ម ទឹកស្អាតបាក់ខែងជំហានទី១នេះ អនុវត្តដោយក្រុមហ៊ុន Vinci Construction Grands Projets (VCGP) មកពីប្រទេសបារាំង នាចុងខែវិច្ឆិកា ឆ្នាំ២០១៩ ដោយសង្ឃឹមថា គម្រោងនេះ នឹងប្រើរយៈពេលសាងសង់៣៦ខែ។

ទន្ទឹមគ្នានោះ មេរដ្ឋាករទឹកស្វយ័តរូបនេះ ក៏បានគូសបញ្ជាក់ថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងក្រុមសាងសង់រំពឹងថា ការដ្ឋានសាងសង់នេះ នឹងបើកការដ្ឋានជាផ្លូវការ នៅក្នុងខែមករា ឆ្នាំ២០២០ខាងមុខនេះ។

បច្ចុប្បន្ននេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានរោងចក្រផលិតទឹកចំនួន៤ ក្នុងនោះរោងចក្រ១កំពុងតែសាងសង់ (រោងចក្របាក់ខែង)។ រោងចក្រទាំង៤នេះ មានសមត្ថភាព ត្រឹមតែ៥៦ម៉ឺនម៉ែត្រគូបប៉ុណ្ណោះក្នុង១ថ្ងៃ ហើយសព្វថ្ងៃបានផ្គត់ផ្គង់ ចេញពីរោងចក្រ៣រួមមាន៖ រោងចក្រភូមិព្រែក, រោងចក្រជ្រោយចង្វា និងរោងចក្រនិរោទិ៍។

ពីមួយឆ្នាំទៅមួយឆ្នាំ សេចក្ដីត្រូវការទឹកកើនឡើងជាលំដាប់ ជាក់ស្ដែងក្នុងឆ្នាំ២០១៤ រាជធានីភ្នំពេញ ត្រូវបានផ្គត់ផ្គង់ទឹកត្រឹមតែ១៦៣លានម៉ែត្រគូបក្នុង១ឆ្នាំ , ឆ្នាំ២០១៥ កើនឡើងដល់១៧៨ លានម៉ែត្រគូបក្នុង១ឆ្នាំ, ឆ្នាំ២០១៦ កើនដល់១៩៩លានម៉ែត្រគូបក្នុងមួយឆ្នាំ។

ចំណែកឆ្នាំ២០១៧ កើនឡើងដល់២០៦លានម៉ែត្រគូបក្នុងមួយឆ្នាំ ហើយឆ្នាំ២០១៨ លើសពី២០៦លានម៉ែត្រគូប ហើយផែនការក្នុងឆ្នាំ២០១៩ ត្រូវផ្គត់ផ្គង់២៥០លានម៉ែត្រគូបក្នុង១ឆ្នាំ និងក្រោយឆ្នាំ២០២៥ រាជធានីភ្នំពេញ មានតម្រូវការ១លានម៉ែត្រគូបក្នុង១ថ្ងៃ៕