(ភ្នំពេញ)៖ ក្រុមការងារអន្ដរក្រសួង ដែលដឹកនាំដោយលោក ជុច ភឿន រដ្ឋាលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាននិងកំពុងរៀបចំការពិភាក្សាគ្នា ឈានទៅរកការសម្រេចជ្រើសយកបេតិកភណ្ឌរូបី និងអរូបីរបស់កម្ពុជាមួយចំនួន ដើម្បីដាក់ស្នើទៅអង្គការយូនីស្កូ សូមការទទួលស្គាល់ ជាសម្បត្តិបេតិកភណ្ឌពិភពលោក។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News តាមទូរស័ព្ទនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ជុច ភឿន បានបញ្ជាក់ថា កាលពីពេលថ្មីៗនេះលោកបានដឹកនាំក្រុមការងារ អន្ដរក្រសួង ដើម្បីពិភាក្សាថា តើត្រូវសម្រេចដាក់បេតិកភណ្ឌអរូបី និងបេតិកភណ្ឌរូបីអ្វីខ្លះ ក្នុងបញ្ជីត្រៀម (Tentative List) ដើម្បីស្នើសុំបញ្ជូលជាបេតិកភណ្ឌពិភពលោក ទៅអង្គការយូនីស្កូ (UNESCO)។

លោករដ្ឋលេខាធិការបានបញ្ជាក់ថា បើតាមការពិភាក្សាគ្នាកាលពីពេលថ្មីៗ មានតំណាងខាងក្រសួងទេសចរណ៍ បានស្នើសុំឲ្យមានការដាក់ នំបញ្ចុក, អំបុក, បង្អែមខ្មែរ និងទូកង ដើម្បីរៀបចំជាបញ្ជីស្នើទៅអង្គការយូនីស្កូ។ ប៉ុន្ដែនេះគ្រាន់ជាការលើកឡើងរបស់តំណាងក្រសួងទេសចរណ៍ប៉ុណ្ណោះ ខណៈដែរការសម្រេចថា ត្រូវជ្រើសរើសយកបេតិកភណ្ឌអ្វីខ្លះ ដើម្បីស្នើទៅអង្គការយូនីស្កូ គឺមិនទាន់មានផ្លូវការនៅឡើយ ដែលទាមទារឲ្យមានការជួបប្រជុំពិភាក្សាគ្នាបន្ថែមទៀត។

លោក ជុច ភឿន បន្ថែមថា ប្រសិនបើគណៈកម្មាការអន្ដរក្រសួងបានពិភាក្សា និងរៀបចំឯកសារគ្រប់គ្រាន់ថា ត្រូវដាក់បេតិកភណ្ឌអ្វីខ្លះនោះ ឯកសារនឹងត្រូវបញ្ជូលដល់រដ្ឋមន្រ្ដីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីពិនិត្យ និងសម្រេច។

លោករដ្ឋលេខាបានពន្យល់ពីនីតីវិធី ក្នុងការស្នើសុំដាក់ញ្ជូលក្នុងសម្បត្តិបេតិកភណ្ឌអរូបិយ របស់ពិភពលោកថា មានតំណាក់កាលជាបន្ដបន្ទាប់ មុននឹងឈានទៅដល់ ការសម្រេច។ ក្នុងដំណើការស្នើសុំដាក់បញ្ជូលសម្បត្តិបេតិកភណ្ឌពិភពលោក ជំហានដំបូង ប្រទេសដែលជាសមាជិកអង្គការ យូនីស្កូ ប្រមាណជាង១៩០ប្រទេស ត្រូវរៀបចំបញ្ជីត្រៀម តាមប្រទេសរៀងៗខ្លួន ដើម្បីដឹងថា តើចង់ដាក់ស្នើអ្វីជាសម្បត្តិបេតិកភណ្ឌពិភពលោកសម្រាប់ប្រទេសរបស់ខ្លួន។ បន្ទាប់ពីរៀបចំបញ្ជីរួចហើយ ត្រូវដាក់ស្នើទៅអង្គការយូនីស្កូ ដោយកំណត់រយៈពេលមួយឆ្នាំ ចាប់គិតពីថ្ងៃដាក់មក។ ដល់រយៈពេលមួយឆ្នាំនោះ ប្រទេសដែលបានដាក់ស្នើ ត្រូវចេញទៅការពារនូវបេតិកភណ្ឌរបស់ខ្លួន ជាមួយនឹងអង្កការយូនីស្កូ បន្ទាប់ពីការពារមានហេតុផល និងលក្ខណៈសម្បត្តិគ្រប់គ្រាន់ ទើបអង្គការនេះសម្រេចថា បេតិកភណ្ឌនោះ បានជាប់ជាបេតិកភណ្ឌពិភពលោក ឬក៏មិនបានជាប់។

ដូចគ្នានេះដែរ ក្នុងករណីបើកម្ពុជាសម្រេចជ្រើសយកអំបុក, នំបញ្ចុក, បង្អែម, តម្បាញហូល ក្បាច់គុណខ្មែរ, ទូកង ស្នើទៅយូនីស្កូ សុំបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនោះ ដូច្នេះត្រូវការមួយឆ្នាំក្រោយទើបមានសិទ្ធិក្នុងការចេញទៅការពារ។

ដោយឡែកសម្រាប់បេតិកភណ្ឌរូបិយ ដែលកំពុងពិចារណា ក្នុងការដាក់ស្នើទៅអង្គការយូនីស្កូដែលនោះ ត្រូវបានលោក ជុច ភឿន លើកឡើងថា អាចនឹងមានដូចជា រមណីយដ្ឋានភ្នំគូលែន និងតំបន់ព្រៃព្រឹក្សាមួយចំនួនទៀត ដែលអភិរក្សដោយរដ្ឋាភិបាល។

សូមជម្រាបថា គិតមកដល់ពេលនេះ កម្ពុជាមានសម្បត្តិបេតិកភណ្ឌពិភពលោក ទាំងអស់ចំនួន៨ហើយ ដែលក្នុងនោះចែកជា សម្បត្តិវប្បធម៌រូបី៣ និងសម្បត្តិវប្បធម៌អរូបី៥។ ១៖ តំបន់អង្គរវត្ត (សម្បត្តិវប្បធម៌រូបី), ២៖ របាំព្រះរាជទ្រព្យ (អរូបី), ៣៖ ល្ខោនស្រមោលស្បែក ឬល្ខោនស្បែកធំ (អរូបី), ៤៖ប្រាសាទព្រះវិហារ (រូបី), ៥៖ ល្បែងទាញព្រ័ត្រ (អរូបី), ៦៖ ចាប៉ីដងវែង (អរូបី), ៧៖ ប្រាសាទសំបូរព្រៃគុក (រូបី) និង៨៖ ល្ខោនខោលវត្តស្វាយអណ្ដែត (អរូបី)៕