(ប៉ៃលិន)៖ មន្ទីរសុខាភិបាលខេត្តប៉ៃលិន នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានសហការជាជួយមួយគម្រោង២H អូស្ត្រាលី បើកវគ្គបណ្តុះបណ្តាលស្តីពីមាតុភាពគ្មានគ្រោះថ្នាក់ ជូនដល់ពេទ្យផ្នែកឆ្មប នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកក្នុងខេត្តប៉ៃលិន ក្រោមអធិបតីភាព លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងមានការអញ្ជើញចូលរួម ពីសំណាក់អនុបណ្ឌិត ស្លេះ យូ ប្រធានស្តីទីសុខាភិបាលខេត្តប៉ៃលិន និងលោក KEVIN ប្រធានគម្រោង២H ព្រមទាំងប្រធាន អនុប្រធាន មណ្ឌលមកពីក្រុងស្រុកផងដែរ។

បន្ទាប់ពីលោកអនុបណ្ឌិត ស្លេះ យូ មានមតិស្វាគមន៍និងធ្វើរបាយការណ៍ពីស្ថានភាពទូទៅផ្នែកសុខាភិបាលខេត្តប៉ៃលិនរួចមកលោក KEVIN បានថ្លែងថា វគ្គបណ្តុះបណ្តាលនៅពេលនេះដើម្បីពង្រឹងសមត្ថភាព ចំណេះដឹងបន្ថែមទៀតជូនដល់លោកគ្រូអ្នកគ្រូពេទ្យផ្នែកឆ្មបក្នុងខេត្តប៉ៃលិន ដើម្បីទប់ស្កាត់ ការកាត់បន្ថយគ្រោះថ្នាក់មាតា និងទារក ឲ្យបានកាន់តែទាប ក្នុងការចូលរួមសកម្មភាពជាមួយក្រសួងសុខាភិបាល និងរាជរដ្ឋា ភិបាល។

លោកលើកឡើងថា គម្រោង២H ចាប់ផ្តើមអស់រយៈ២០ឆ្នាំមក ហើយដែលបានបណ្តុះបណ្តាលពេទ្យឆ្មបចំនួន ៤០០០នាក់ទូទាំងព្រះរាជាណាចក្រកម្ពុជា។ សម្រាប់ខេត្តប៉ៃលិន ទើបតែលើកទី១ នៅពេលនេះ ដើម្បីធ្វើការបណ្តុះបណ្តាលដល់គ្រូពេទ្យឆ្មប ឲ្យមានជំនាញច្បាស់លាស់ ជាពិសេសបានផ្តល់នូវបទពិសោធន៍ឲ្យគ្នាទៅវិញទៅមក តាមការទំនាក់ទំនងល្អ សាមគ្គីភាព ស្មារតីទទួលខុសត្រូវខ្ពស់ជាមួយលោកគ្រូ អ្នកគ្រូពេទ្យខេត្ត។

លោក ផាន់ ចាន់ធុល បានផ្តាំផ្ញើដល់លោកគ្រូអ្នកគ្រូពេទ្យផ្នែកឆ្មបក្នុងខេត្តទាំងអស់ ត្រូវយកចិត្តទុកដាក់សិក្សារៀនសូត្រ អំពីជំនាញរបស់ខ្លួនឲ្យបានច្បាស់លាស់ សម្រាប់យកទៅអនុវត្តការងារជាក់ស្តែង ទទួលបានជោគជ័យ និងជាពិសេសចូលរួមទប់ស្កាត់ការគ្រោះថ្នាក់មាតា និងទារក ស្របពេលដែលរាជរដ្ឋាភិបាលកំពុងជំរុញឲ្យក្រសួងសុខាភិបាល អនុវត្តនូវផែនការកាត់បន្ថយ អត្រាមរណភាពមាតា ឲ្យនៅត្រឹម១៤០នាក់ ក្នុងចំណោម១០០,០០០ កំណើតរស់ និងអត្រាមរណភាពទារក ត្រឹម១៤នាក់ ក្នុងចំណោម១០០០កូនកើតរស់ ឆ្នាំ២០២០ខាងមុខនេះ។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនៅពេលនេះ មានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៥ រហូតដល់២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលមានលោកគ្រូអ្នកគ្រូពេទ្យឆ្មបសរុបចំនួន ៣០នាក់ចូលរួម៕