(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានសង្កត់ធ្ងន់ថា កម្លាំងសមត្ថកិច្ចពីខាងក្រៅ មិនអាចចូលដោះស្រាយបញ្ហា ឬផ្តល់កិច្ចអន្តរាគមន៍ដល់មូលដ្ឋានបានគ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលា ដូចអ្នកនៅក្នុងមូលដ្ឋានផ្ទាល់នោះទេ «រមាស់របស់នរណា អ្នកនោះអេះ ទើបចំកន្លែងរមាស់»។

ការសង្កត់ធ្ងន់បែបនេះ របស់នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែល នាយឧត្តមសេនីយ៍ បានអញ្ជើញជាអធិបតីភាព បើកកិច្ចប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាង គោលនយោបាយជាតិ និងគោលការណ៍ណែនាំ ស្តីពី «ការរៀបចំបង្កើតភូមិ-ឃុំ-សង្កាត់ គ្មានគ្រឿងញៀន» នៅទីស្តីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីសំណាក់ តំណាងក្រសួង-ស្ថាប័ន ពាក់ព័ន្ធយ៉ាងច្រើនផងដែរ។

នាយឧត្តមសេនីយ៍បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា៖ «ត្រង់នេះ គឺជាចំណុចសំខាន់ ដែលយើងត្រូវយល់ និងគិតឱ្យបានម៉ត់ចត់ ព្រោះថាកម្លាំងសមត្ថកិច្ចពីខាងក្រៅ មិនអាចចូលទៅដោះស្រាយបញ្ហា ឬផ្តល់កិច្ចអន្តរាគមន៍ដល់មូលដ្ឋានបានគ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលា ដូចអ្នកនៅក្នុងមូលដ្ឋានផ្ទាល់នោះទេ រមាស់របស់នរណា អ្នកនោះអេះ ទើបចំកន្លែងរមាស់»

នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានបន្តថា ឃុំ-សង្កាត់ខ្លះមានយុទ្ធការ ប៉ុន្តែមិនមានការចូលរួម គាំទ្រពីផ្នែកពាក់ព័ន្ធដែលអាចម្ចាស់ការ ក្នុងការដោះស្រាយបញ្ហាតាមតម្រូវការជាក់ស្តែង ហើយបច្ចុប្បន្នបទល្មើសគ្រឿងញៀននៅតាមភូមិ-ឃុំ-សង្កាត់ ស្ទើរតែទាំងស្រុង គឺពឹងផ្អែកតែលើមន្ត្រីនៅតាមថ្នាក់លើ ដើម្បីដោះស្រាយចំពោះបញ្ហាគ្រឿង នៅតាមមូលដ្ឋានរបស់ខ្លួនឡើយ។

ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀននេះ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានឱ្យដឹងថា កន្លងមកនេះរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ក៏ដូចជាអាជ្ញាធរជាតិប្រយុទ្ធឆាំងគ្រឿងញៀន បានយកចិត្តទុកដាក់ខិតខំប្រឹងប្រែងយ៉ាងខ្លាំង លើយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្នាក់ជាតិ តាមរយៈការបង្កើត និងដាក់ចេញនូវវិធានការណ៍មួយចំនួនដូចជា៖

* ការកសាង និងដាក់ចេញឯកសារគតិយុត្ដិនានា (ធ្វើវិសោធនកម្ម ស្តីពីការត្រួតពិនិត្យគ្រឿងញៀនជាច្រើនលើក គោលនយោបាយភូមិ ឃុំ/សង្កាត់ មានសុវត្ថិភាព គោលការណ៍ប្រៀបសមរភូមិប្រឆាំងបទល្មើសគ្រឿងញៀន បទបញ្ជាលេខ ០០១ បប ស្តីពីការពង្រឹងវិធានការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផែនការជាតិ ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន។

* ការបង្កើតបង្កើតគណៈកម្មាធិការ និងគណៈកម្មការអន្តរក្រសួង (គណៈកម្មាធិការទទួលបន្ទុកការងារព្យាបាល និងស្តារនីតិសម្បទា គណៈកម្មការត្រួតពិនិត្យ សារធាតុគីមីផ្សំ គណៈកម្មការត្រួតពិនិត្យគ្រឿងញៀនទិសភាគឦសាន)។

* បង្កើតអង្គភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងក្រសួង ស្ថាប័ន របស់រាជរដ្ឋាភិបាល។

* កិច្ចដំណើរការសាងសង់ បង្កើតមជ្ឈមណ្ឌលជាតិ ព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន និងពង្រឹងសេវាមណ្ឌលដែលមានស្រាប់

* ការបំពាក់ និងពង្រឹងសេវាព្យាបាលអ្នកប្រើប្រាស់គ្រឿងញៀននៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក តាមប្រព័ន្ធក្រសួងសុខាភិបាល

* យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ជាបន្តបន្ទាប់លើកទី១ ទី២ ទី៣ និងបច្ចុប្បន្នបាននិងកំពុងអនុវត្តយុទ្ធនាការលើកទី៤៕