(សៀមរាប)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបង្ហាញក្តីសង្ឃឹមថា កិច្ចប្រជុំកងទ័ពជើងទឹក អាស៊ាននាពេលនេះ នឹងបន្តពិភាក្សាគ្នាកាន់តែល្អិតល្អន់ ផុសផុលអំពីបញ្ហាប្រឈម ដែលជាគន្លឹះក្នុងការលើកកម្ពស់ការជឿទុកចិត្តគ្នា ក្នុងចំណោមកងទ័ពជើងទឹកអាស៊ាន រួមចំណែកដល់ការថែរក្សាសន្តិភាព ស្ថិរភាព ការអភិវឌ្ឍន៍វិបុលភាពក្នុងតំបន់ រួមគ្នាដោះស្រាយបញ្ហាប្រឈម ក៏ដូចជាស្ថានភាពអាសន្ន ប្រកបដោយប្រសិទ្ធភាព ដោយឈរលើគោលការណ៍នៃការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង។

ការបង្ហាញក្តីសង្ឃឹមបែបនេះ របស់ប្រមុខការពារជាតិកម្ពុជា បានធ្វើឡើងនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែល សម្តេចពិជ័យសេនា បានអញ្ជើញជាអធិបតីភាព «ពិធីបើកកិច្ចប្រជុំលើកទី១៣ មេបញ្ជាការកងទ័ពជើងទឹកអាស៊ាន» ក្រោមប្រធានបទ «បង្កើតកិច្ចសហប្រតិបត្តិការ ដើម្បីសន្តិសុខសមុទ្រយូរអង្វែង» នៅខេត្តសៀមរាប។

សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំសង្ឃឹមថា កិច្ចប្រជុំកងទ័ពជើងទឹកអាស៊ាននាពេលនេះ នឹងបន្តពិភាក្សាគ្នាកាន់ តែល្អិតល្អន់ផុលផុស ថែមទៀតអំពីបញ្ហាប្រឈម ដែលជាគន្លឹះ ក្នុងការលើកកម្ពស់ការជឿទុកចិត្តគ្នា ក្នុងចំណោមកងទ័ពជើងទឹកអាស៊ាន រួមចំណែកដល់ការថែរក្សាសន្តិភាព ស្ថេរភាព ការអភិវឌ្ឍន៍ និងវិបុលភាពក្នុងតំបន់ និងរួមគ្នាដោះស្រាយបញ្ហាប្រឈមក៏ដូចជាស្ថានភាពអាសន្ន ប្រកបដោយប្រសិទ្ធភាព ដោយឈរលើគោលការណ៍ នៃការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ការគោរពឯករាជ្យភាព អធិបតេយ្យភាព និងការគោរពគ្នាទៅវិញទៅមក»

ឆ្លៀតនៅក្នុងឱកាសនោះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានរំលឹកថា អតីតកាលប្រទេសកម្ពុជាបានឆ្លងកាត់ការបែកបាក់ និងសង្គ្រាមស៊ីវិល ដែលអូសបន្លាយ ជាង៣ទសវត្ស បានបន្សល់ទុកនូវសោកនាដកម្ម ទុក្ខវេទនាហួសពីការស្មាន។ កម្ពុជាបានទទួលស្គាល់ថា សន្តិភាពពិតជាមានតម្លៃ មិនអាចខ្វះបាន ទើបជានិច្ចកាលកម្ពុជា បានជំរុញលើកទឹកចិត្តខិតខំការពារសុខសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការ ដើម្បីអភិវឌ្ឍន៍ និងភាពរុងរឿង។

សម្តេចពិជ័យសេនាថា កិច្ចប្រជុំមេបញ្ជាការកងទ័ពជើងទឹក លើកទី១៣នេះ ពិតជាមានខ្លឹមសារស្របជាមួយនឹងអ្វីដែលជាទស្សនទាន នៃកិច្ចប្រជុំថ្នាក់ រដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំថ្នាក់អគ្គមេបញ្ជាការកងទ័ពអាស៊ាននាពេលថ្មីៗនេះ។ ព្រោះវិសាលភាពដ៏ទូលំទូលាយ នៃកិច្ចការសន្តិសុខ សមុទ្រ ក្នុងតំបន់បានបង្ហាញឱ្យយើងដឹងថា សន្តិភាព កិច្ចសហប្រតិបត្តិការ ផលប្រយោជន៍រួម និងការអភិវឌ្ឍន៍ គឺជាគោលបំណងចំបង របស់ប្រទេសសហគមន៍ ប្រជាជាតិអាស៊ាន បើទោះបីជាស្ថានភាពសមុទ្រមានភាពខុសប្លែកពីគ្នាក៏ដោយ

ប្រទេសនៅអាស៊ីអាគ្នេយ៍ បានផ្សាភ្ជាប់គ្នាដោយសមុទ្រ និងមានលក្ខណៈពិសេស ដោយឡែកមានសណ្ឋានធម្មជាតិ ជាតំបន់ប្រជុំកោះ ខ្វះខាតហេដ្ឋារចនាសម្ព័ន្ធ មូលដ្ឋានតភ្ជាប់គ្នាដោយដីគោក លើសពីនេះទៅទៀត អាស៊ីអាគ្នេយ៍មាន ទីតាំងស្ថិតនៅចំកបំពង់ក ដែលផ្សាភ្ជាប់ រវាងមហាសមុទ្រឥណ្ឌា និងមហាសមុទ្រប៉ាស៊ីហ្វិក។ ដូចនេះ ទើបការដឹកជញ្ជូនតាមផ្លូវទឹក មានសារៈសំខាន់ពុំអាចខ្វះបាន ដែលជាអាយុជីវិត សម្រាប់ប្រទេសក្នុងតំបន់ និងពិភពលោកផងដែរ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានឱ្យដឹងថា កិច្ចសហប្រតិបត្តិការកងទ័ពជើងទឹក នៃបណ្តាប្រទេសអាស៊ាន តាមរយៈកិច្ចប្រជុំ ANCM នាឱកាសនេះ គឺជាសក្ខីកម្មនៃស្មារតីឯកភាពគ្នា និងការខិតខំរួមគ្នា លើវិស័យនាវាចរ ដើម្បីធានាបាននូវសន្តិសុខយូរអង្វែង លើផ្ទៃសមុទ្រ និងទទួលខុសត្រូវលើជោគវាសនា របស់ប្រជាជាតិអាស៊ានទាំងមូល។ ប្រវត្តិសាស្ត្របានចង្អុលបង្ហាញពីជីវភាពរស់នៅ វប្បធម៌ អរិយធម៌ សេដ្ឋកិច្ច សង្គមកិច្ច នៃប្រជាជាតិទាំងឡាយនៅតំបន់អាស៊ី មានការរីកចម្រើនយ៉ាងខ្លាំង អាស្រ័យដោយមានការដឹកជញ្ជូនតាមផ្លូវទឹកយ៉ាងសកម្ម តាមរយៈកប៉ាល់ សំពៅ ទូកធំៗ។ល។ រហូតមកដល់បច្ចុប្បន្ន ការដឹកជញ្ជូនតាមផ្លូវសមុទ្រ នៅតែជាវិស័យអាទិភាពដ៏សំខាន់ សម្រាប់វិបុលភាព និងវឌ្ឍនភាពក្នុងពិភពលោកទាំងមូល ពិសេសតំបន់អាស៊ាន បាននិងកំពុងបន្តវិវត្តន៍រីកចម្រើនទៅមុខ ប្រកបដោយសុទិដ្ឋិនិយម។

នៅរយៈពេល១៩ឆ្នាំ ជាបន្តបន្ទាប់មកនេះ កិច្ចប្រជុំមេបញ្ជាការកងទ័ពជើងទឹកអាស៊ាន បានបង្ហាញនូវសុពលភាព និងសមត្ថភាពដ៏មានសក្តានុពល ដែលជាភស្តុតាងនៃតួនាទីស្នូលរបស់ខ្លួន ក្នុងការរក្សាសន្តិសុខលើសមុទ្រក្នុងតំបន់ និងពិភពលោក ។ ACNM គឺជាវេទិកាសម្រាប់កងទ័ពជើងទឹក ប្រទេសសមាជិកធ្វើការបែងចែកទស្សនៈនៃការថែរក្សាសុខសន្តិភាព ស្ថេរភាព និងវិបុលភាពក្នុងតំបន់ និងលើកទឹកចិត្តដល់កងទ័ពជើងទឹកតូច ធំ ចូលរួមដោយស្មើសិទ្ធិ ស្មើភាព នៅគ្រប់សកម្មភាពក្នុងកិច្ចការបន់ និងពិភពលោក។ ទាំងអស់នេះមានន័យថា ការពង្រឹង ពង្រីកសមត្ថភាព នៃធនធានមនុស្សគ្រឿងបំពាក់ យុទ្ធោបករណ៍ នាវាចម្បាំង។ល។ កងទ័ពជើងទឹកនៃប្រទេសសមាជិកអាស៊ាន នៅតែជាកត្តាចាំបាច់មិនអាចខ្វះបាន។