(ភ្នំពេញ)៖ ដោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដែលជាស្ថាប័នរដ្ឋតែមួយគត់ ជាសមាជិកក្នុងគណៈកម្មាធិការសម្របសម្រួល វិស័យសហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងមធ្យមអាស៊ាន មានកិត្តិយសបានធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំលើកទី៨ នៃគណៈកម្មាធិការសម្របសម្រួល វិស័យសហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងខ្នាតមធ្យម អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។

កិច្ចប្រជុំថ្នាក់អាស៊ាននេះ មានការចូលរួមពីក្រុមការងារបច្ចេកទេស អាស៊ានទាំង ១០ប្រទេស លើវិស័សហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងខ្នាតមធ្យម រួមជាមួយកិច្ចប្រជុំពាក់ព័ន្ធជាមួយប្រទេស និងដៃគូអភិវឌ្ឍន៍មួយចំនួនមានដូចជា៖ អង្គការ GIZ OECD UNESCAP US-ABC ASEAN-Korea ASEAN-Japan ។ល។

ថ្លែងក្នុងពិធីបើកកិច្ចប្រ ជុំលើកទី៨ នៃគណៈកម្មាធិការសម្របសម្រួល វិស័យសហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងខ្នាតមធ្យម អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធលោក ហេង សុខគង់ រដ្ឋមន្រ្តីស្តីទីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានគូសបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍វិស័យសហគ្រាស ខ្នាតតូចបំផុត ខ្នាតតូច និងខ្នាតមធ្យមអាស៊ាន ២០១៦-២០២៥ កម្ពុជាបានធ្វើសេចក្តីព្រាងគោលនយោបាយគាំទ្រសហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងមធ្យមដោយផ្តោតទៅលើគោលដៅ ៥ចំណុច រួមមាន៖

*ទី១ ៖ ពង្រឹងបរិយាកាសគោលនយោបាយគាំទ្រ បទប្បញ្ញត្តិនានា
*ទី២ ៖ ជំរុញសហគ្រិនភាព និងការអភិវឌ្ឍធនធានមនុស្ស
*ទី៣ ៖ ជំរុញការលើកកម្ពស់ផលិតភាព បច្ចេកវិទ្យា និងនវានុវត្តន៍
*ទី៤ ៖ ជំរុញការទទួលបានហិរញ្ញប្បទាន
*ទី៥ ៖ ជំរុញការចូលទៅកាន់ទីផ្សារបរទេស និងអន្តរជាតូបនីយកម្ម។

លោករដ្ឋមន្រ្តីស្តីទីបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ក៏បានត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើជាដៃគូជាមួយបណ្តាប្រទេសអាស៊ាន និងដៃគូអភិវឌ្ឍនានា ដើម្បីពង្រឹងយន្តការគាំទ្រសហគ្រាស ខ្នាតតូចបំផុត ខ្នាតតូច និងមធ្យម សម្រាប់ធ្វើការប្រកួតប្រជែង ទាំងទីផ្សារក្នុងតំបន់ និងអន្តរជាតិ។

ជាក់ស្តែង បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានដាក់ចេញនូវគោលនយោបាយ លើកទឹកចិត្តជាច្រើនដល់សហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងមធ្យម រួមមាន ការអនុគ្រោះពន្ធដារ ការលើកទឹកចិត្តពន្ធគយ សម្រាប់អាជីវកម្មខ្នាតតូច និងមធ្យម ការកែសម្រួលអត្រាពន្ធគយ ពន្ធពិសេស និងពន្ធនាំចេញ ដើម្បីលើកទឹកចិត្តដល់វិស័យកសិ-ឧស្សាហកម្ម កម្មន្តសាល និងសហគ្រាស ដែលប្រើប្រាស់បច្ចេកវិទ្យា និងជំនាញ ការបង្កើតធនាគារខ្នាតតូច និងមធ្យម (SMEs Bank) ការបង្កើតមូលនិធិសហគ្រិនភាព (Entrepreneurship Development Fund) ដែលមានថវិកា ប្រចាំឆ្នាំ៥លានដុល្លារ មូលនិធិបណ្តុះបណ្តាលជំនាញ (Skill Development Fund) មជ្ឈមណ្ឌលបណ្តុះបណ្តាល សហគ្រិនថ្មីសម្តេចតេជោ (Techo Start Up Center) ដើម្បីបណ្តុះបណ្តាលនូវជំនាញ បច្ចេកទេសទីផ្សារ ការផលិត និងពិគ្រោះយោបល់ដល់សហគ្រាសខ្នាតតូច និងមធ្យមផងដែរ។

ទន្ទឹមនឹងនេះដែរ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា លើវិស័យឧស្សាហកម្ម និងសិប្បកម្មនេះ ក្រោមការដឹកនាំ របស់លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី ក៏បានរៀបចំនូវយុទ្ធសាស្រ្ត ផែនការសកម្មភាព និងគោលនយោបាយជាច្រើន ដើម្បីចូលរួមជួយដល់សហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងខ្នាតមធ្យមផងដែរ ជាក់ស្តែងដូចជា គោលនយោបាយអភិវឌ្ឍវិស័យសហគ្រាសធុនតូច និងធមធ្យម ២០២០-២០២៤(SME Development Policy 2020-2024) ផែនការសកម្មភាពប្រចាំប្រទេស (Program for Country Partnership) យុទ្ធសាស្រ្តស៊ីជម្រៅ សម្រាប់អាជីវកម្មប្រកបដោយបរិយាប័ន្ន (Comprehensive Strategy for Inclusive Business Enabling Environment for Cambodia) ផែនការមេសម្រាប់ផលិតភាពកម្ពុជា ២០២០-២០៣០ (Cambodia National Productivity Master Plan 2020-2030)។ល។

លោករដ្ឋមន្រ្តីស្តីទី បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកវិស័យ សហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងខ្នាតមធ្យម ជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ ដ៏មានសារសំខាន់បំផុត ក្នុងការចូលរួមចំណែកបង្កើនប្រាក់ចំណូល ដល់ប្រជាពលរដ្ឋកម្ពុជា ការបង្កើតការងារថ្មីៗ ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ការចាប់យក បច្ចេកវិទ្យាថ្មីៗ និងការកាត់បន្ថយភាពក្រីក្រ ដើម្បីចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ឲ្យសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៣០ ដែលកម្ពុជានឹងប្រែក្លាយ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់។

សូមបញ្ជាក់ថា កិច្ចប្រជុំលើកទី៨ នៃគណៈកម្មាធិការសម្របសម្រួលវិស័យសហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងខ្នាតមធ្យម អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធកម្ពុជា ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនេះ មានលោក ហ៊ត ផេង អគ្គនាយកនៃអគ្គនាយកដ្ឋានសហគ្រាសខ្នាតតូច និងមធ្យម និងសិប្បកម្ម ជាប្រធានប្រតិភូតំណាងកម្ពុជា អមដោយមន្រ្តីជំនាញមួយចំនួន ចូលរួមក្នុងកិច្ចប្រជុំដ៏មានសារសំខាន់នេះ៕