(ភ្នំពេញ)៖ ដោយមើលឃើញពីវឌ្ឍនភាព នៃវិស័យអាជីវកម្មទីផ្សារបណ្ដាញកាន់រីកដុះដាលច្រើនឡើងៗ លោកបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធធុរកិច្ចទីផ្សារបណ្ដាញកម្ពុជា ក៏បានបង្ហាញពីការព្រួយបារម្ភ ចំពោះជនឆ្លៀតឱកាសមួយចំនួន ដែលឆក់យកឱកាសនេះ ធ្វើជាឈ្នាន់បោកប្រាស់ប្រជាពលរដ្ឋ និងអ្នកប្រកបអាជីវកម្មដូចគ្នា។

ដោយមើលឃើញពីបញ្ហាដ៏ព្រួយបារម្ភនេះហើយ លោកបណ្ឌិត ឡី សុភាព បានអំពាវនាវជាថ្មី ដល់អ្នកប្រកបអាជីវកម្មទីផ្សារបណ្ដាញ ក៏ដូចជាអ្នកលក់ផលិតផល តាមប្រព័ន្ធអនឡាញនានា សូមមកទទួលការបណ្ដុះបណ្ដាលឱ្យបានត្រឹមត្រូវ ដើម្បីទទួលបានចំណេះដឹងផ្នែកច្បាប់ អាជីវកម្ម ពាណិជ្ជកម្ម ក៏ដូចជាចំណេះដឹងពាក់ព័ន្ធដទៃទៀត ក្នុងការយកទៅប្រើប្រាស់សម្រាប់អាជីវកម្មរបស់ខ្លួន ជៀសវាងឱ្យបានពីការចាញ់បោកជនទុច្ចរិតទាំងនោះ។

ចំពោះជនទុច្ចរិតនេះទៀតសោត ត្រូវបានប្រធានសមាគមរូបនេះ ព្រមានថាបើនៅតែប្រព្រឹត្តអំពើល្មើសច្បាប់ បោកប្រាស់ប្រជាពលរដ្ឋតទៅទៀត គង់តែមានថ្ងៃជាប់ក្នុងសំណាញ់ច្បាប់ជាក់ជាមិនខាន ដោយសមាគមរបស់លោកនឹងសហការជាមួយកម្លាំងសមត្ថកិច្ចចាត់វិធានការឱ្យបានតឹងរឹងបំផុត។

លោក ឡី សុភាព បានបន្តថា ចំពោះអ្នកប្រកបអាជីវកម្មតាមអនឡាញ ក៏ដូចជាអ្នកទីផ្សារបណ្ដាញ ក៏អាចធ្លាក់ខ្លួនជាអ្នកបោកប្រាស់តៗគ្នាដោយមិនដឹងខ្លួនផងដែរ ប្រសិនបើមិនបានយលដឹងអំពីផ្នែកច្បាប់ឱ្យបានច្បាស់លាស់ ហើយក៏អាចប្រឈមចំពោះមុខច្បាប់ដូចជនទុច្ចរិត ដែលដើរបោកប្រាស់ដំបូងគេនោះដូចគ្នាដែរ ព្រោះថា «គ្មានជនណាម្នាក់មិនដឹងមិនឮអំពីច្បាប់ឡើយ»។

មិនតែប៉ុណ្ណោះ វាក៏បានផ្ដល់ផលប៉ះពាល់ដល់សុខភាពខ្លួនឯង សុខភាពប្រជាពលរដ្ឋដែលជាអ្នកទិញផលិតផលរបស់ខ្លួនយកទៅប្រើប្រាស់ ធ្វើឱ្យគេអស់ជំនឿទុកចិត្តមកលើខ្លួន ដែលជាអ្នកលក់ផលិតផលតាមទីផ្សារបណ្ដាញ។ ក្រៅពីនេះ វាក៏ឈានទៅដល់បង្កបញ្ហានានាដល់សង្គមផងដែរ។

លោកបានបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានខិតខំច្រើនណាស់ក្នុងការធ្វើប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ តួយ៉ាងវិស័យទីផ្សារបណ្ដាញនេះ ក៏កំពុងមានការរីកចម្រើនគួរឱ្យកត់សម្គាល់ផងដែរ។

ជាការពិតណាស់ ក្នុងដំណាក់កាលបដិវត្តឧស្សាហកម្ម ៤.០ នាយុគសម័យនេះ អាជីវកម្មទីផ្សារបណ្ដាញ ក៏ដូចជាអាជីវកម្មតាមអនឡាញនៅកម្ពុជា បានរីកលូតលាស់ជាច្រើនអនេក ពិសេសនៅលើបណ្ដាញ Facebook នេះតែម្ដង ប៉ុន្តែពួកគេទាំងនោះមិនបានយល់ដឹងពីនីតិវិធីច្បាប់ ឬបញ្ហាពាក់ព័ន្ធនឹងអាជីវកម្មរបស់ពួកគេនោះទេ ជាហេតុបង្កឱកាសដល់ជនទុច្ចរិតដែលតែងតែដើរបោកប្រាស់អ្នកដទៃ។

ដូច្នេះក្នុងនាមជាវិស័យឯកជន ដែលជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់របស់រាជរដ្ឋាភិបាល លោកបណ្ឌិត ឡី សុភាព បានស្ម័គ្រចិត្តចូលខ្លួនជួយបណ្ដុះបណ្ដាលអ្នកទីផ្សារបណ្ដាញទាំងឡាយនៅកម្ពុជា ឱ្យទទួលបាននូវចំណេះដឹងផ្នែកច្បាប់ និងចំណេះដឹងពាក់់ព័ន្ធផ្សេងទៀត ខណៈដែលថ្មីៗនេះ រាជរដ្ឋាភិបាលបានប្រកាសឱ្យអនុវត្តជាធរមាននូវច្បាប់ស្ដីពី អាជីវកម្មតាមប្រព័ន្ធអេឡិចត្រនិក រួចមកហើយនោះ។

សាធារណជនបានមើលឃើញថា នេះជាការផ្ដល់ឱកាសលើសពីពិសេសហើយ សម្រាប់អ្នកប្រកបអាជីវកម្មទីផ្សារបណ្ដាញគ្រប់គ្នានៅកម្ពុជា ប៉ុន្តែប្រសិនបើពួកគេមិនចាប់យកឱកាសមកទទួលការបណ្ដុះបណ្ដាលនោះទេ ពួកគេនឹងទទួលមកវិញនូវផលវិបាកជាច្រើននាពេលក្រោយជាជាពុំខាន ពីព្រោះច្បាប់ត្រូវបានដាក់ឱ្យអនុវត្តជាធរមានរួចហើយ ហើយវិធានការចំពោះបទល្មើសនានានឹងត្រូវអនុវត្តយ៉ាងតឹងរឹង ទោះបីអ្នកប្រព្រឹត្តដឹងខ្លួន ឬមិនដឹងខ្លួន ក៏នៅតែត្រូវទទួលទោសដូចគ្នា៕