(សៀមរាប)៖ ការប្រកួត (Makro HoReCa Challenge 2019) នៅទីក្រុងបាងកក ប្រទេសថៃ បានចាប់កាលពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលមាន ១៨ក្រុម ចូលរួម (១២ក្រុម ជាម្ចាស់ផ្ទះថៃ) មកពី ៧ប្រទេសរួមមាន៖ កម្ពុជា ចិន សិង្ហបុរី ឥណ្ឌា មីយ៉ាន់ម៉ា វៀតណាម និងម្ចាស់ផ្ទះថៃ ហើយចុងភៅខ្មែរ បានទទួលពានលេខ១ និងមេដៃប្រាក់ ក្នុងការប្រកួតជាមួយចុងភៅជើងខ្លាំងប្រចាំ៧ប្រទេស ចំនួន ១៨ក្រុម។

លោក វិន សាន បញ្ជាក់ថា សមាគមចុងភៅកម្ពុជា គ្រងពានជ័យលាភីលេខមួយ ការប្រកួតនេះ មានការចូលរួម គឺសុទ្ធតែចុងភៅ ដែលបានធ្វើការប្រកួតប្រជែង បានចំណាត់ថ្នាក់លេខ១ នៅតាមប្រទេសរៀងៗខ្លួន។ ក្នុងមួយក្រុមៗមានគ្នា ២នាក់ ហើយត្រូវឱធ្វើម្ហូប៤មុខ ក្នុងមួយមុខ ១០ចាន ក្នុងរយៈពេល២ម៉ោង និងការជ្រើសរើសគ្រឿងផ្សំ បន្លែត្រីសាច់ នៅក្នុងប្រអប់អាថ៌កំបាំង រយៈពេល២០នាទី។

លោកបានបញ្ជាក់ថា សម្រាប់មុខម្ហូបចុងភៅកម្ពុជា ទទួលជ័យលាភី គឺមាន៤មុខ ទី១៖ ញ៉ាំក្រូចថ្លុង ជាមួយបង្កងយក្ស ១០ចាន, ទី២៖ ឡាបសាច់ជ្រូក ១០ចាន, ទី៣៖ ឡុកឡាក់ទា ជាមួយបាយខ្ទិះដូង ១០ចាន, និងទី៤៖ ត្រីសាម៉ុង ការីទឹកអំពិលទុំ ១០ចាន។ ការប្រកួតខាងលើ មានត្រឹមតែមេដៃប្រាក់មានតែ ២ប្រទេសកម្ពុជា និងថៃ ចំណែកឯប្រទេសផ្សេងទៀត គឺមិនទទួលបានពិន្ទុរគ្រប់គ្រាន់ សម្រាប់ទទួលបានដល់មេដៃមាសឡើយ (មេដៃមាសទាល់តែបានចាប់ពី ៩០ពិន្ទុរ)។

លោកបន្តឱ្យដឹង ថា កម្មវិធីនេះ មានការប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ (ប៉ុន្តែប្រកួតជាលក្ខណៈក្នុងស្រុក ពុំមានការចូលរួមពីបរទេសទេ) ហើយនេះជាលើកទីមួយហើយ ដែលមានការប្រកួតជាលក្ខណៈអន្តរជាតិ ដើម្បីអបរអរសាទរខួបទី ៣០ឆ្នាំ នៃការបង្កើតផ្សារម៉ាក្រូ។ ភាគីម្ចាស់ផ្ទះ ដែលមាន១២ក្រុមចូលរួមប្រកួត ក្នុងនោះមាន១ក្រុម ទទួលបានពានជ័យលាភីកិត្តិយសព្រះមហាក្សត្រ ក្នុងពិន្ទុ ៨៨.៦០ អមដោយមេដាយប្រាក់ចំនួន២ ទឹកប្រាក់ចំនួន ១០ម៉ឺនបាត។

សមាគមចុងភៅកម្ពុជា (CCA) បានបញ្ជូនចុងភៅកម្ពុជា ចំនួន២នាក់ផងដែរ គឺលោក ម៉ក់ ម៉េងលី អាយុ២៩ឆ្នាំ ដែលបានចាប់យកអាជីព ជាចុងភៅអស់រយៈពេល ៨ឆ្នាំ រហូតមកដល់បច្ចុប្បន្ន ធ្លាប់បានសិក្សានៅសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូដឺប្រ៊ូល (Paule du brule) លើជំនាញធ្វើម្ហូបរយៈពេល ១ឆ្នាំ, និងលោក ប៉ាន សុវណ្ណដាម មានអាយុ៣៥ឆ្នាំ កំពុងធ្វើការនៅក្នុងគ្រុបភោជនីយដ្ឋានចំនួន១៤ នៅខេត្តសៀមរាប។

សម្រាប់ពានដែលកម្ពុជាយើង ទទួលបាននៅពេលនេះ គឺទទួលបានពានលេខមួយ (1st Runner Up) ដែលទទួលបានមេដាយប្រាក់ ដោយទទួលបាន ៨៧ពិន្ទុរ សម្រាប់រង្វាន់ដែលទទួលបានមានទឹកប្រាក់ចំនួន ៥០,០០០បាត។ ក្រុមការងារមន្ទីរទេសចរណ៍ និងសមាគមចុងភៅកម្ពុជា បានរៀបចំទទួលស្វាគមន៍ចុងភៅ ដែលទទួលបានជ័យលាភី និងក្រុមការងារនៅភោជនីយដ្ឋាន នៅភោជនីយដ្ឋាន ហ្វាមីលី នៅម្ដុំផ្សារឃីងរ៉ូត ក្រុងសៀមរាប៕