(ក្រចេះ)៖ ប្រជាពលរដ្ឋរស់នៅភូមិអូរត្រូន ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ មានការព្រួយបារម្ភក្រោយពីពួកគាត់បានប្រទះ ឃើញត្រីតូចធំពុលងាប់ជាច្រើនក្បាលនៅក្នុងអូរ តាំងពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយសារហៀទឹករ៉ែមាសរបស់ក្រុមហ៊ុនចិន ឈ្មោះ ស៊ីង យ័ងគ័ងយិ ហូរចូលអូរមានសារធាតុពុល។

លោក សុខ គីរីរតន៍ ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តក្រចេះ បានបញ្ជាក់ឲ្យថា លោកបានដឹកកម្លាំងចុះទីតាំងនោះ ដើម្បីពិនិត្យទឹកយកទៅវិភាគរកមូលហេតុថា តើត្រីទាំងនោះងាប់ដោយសារអ្វី និងហាមបងប្អូនដែររស់នៅម្ដុំនោះមិនឲ្យប្រើទឹកអូរនោះទេ ខ្លាចមានគ្រោះថ្នាក់ ហើយមិនទាន់ដឹងថា ទឹកនោះមានសារធាតុពុល ឬអត់នោះទេ លោកនឹងយកទឹកនោះទៅពិនិត្យធ្វើតេស្ដនៅក្រសួងរ៉ែ និងថាមពលសិន ទើបដឹងលទ្ធផល ហើយរដូវនេះជាដូវប្រាំងទឹកអូរជិតរីង មិនអាចអូររាលដាលបាននោះទេ។

លោក សុខវឿន មេភូមិអូរត្រូន បានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះថា កំឡុងថ្ងៃទី១១-១២ ខែវិច្ឆិកា មានភ្លៀងធ្លាក់ ហើយទឹករ៉ែមាស របស់ក្រុមហ៊ុនចិនបានហៀ និងហូរចូលអូរ ហើយខាងក្រុមហ៊ុនចិន បានបិទប៉ុន្ដែបិទមិនជាប់ ហើយនៅថ្ងៃទី២៤ ខែវិច្ឆិកា ប្រជាពលរដ្ឋបានប្រទះឃើញត្រីតូចធំងាប់អណ្ដែតទឹកជាច្រើនក្នុងអូរ។

លោកមេភូមិបន្តទៀតថា ទឹករ៉ែមាស ដែលហូរចូលក្នុងអូរមានសារធាតុក្លរ ធ្វើឲ្យប៉ះពាល់ដល់ការប្រើប្រាស់របស់ប្រជាពលរដ្ឋដែលរស់នៅម្ដុំអូរ ហើយទឹកនោះ និងអាចហូរចូលដល់ព្រែកកាំពីទៀតផង ប៉ុន្តែសាធាតុពុលនោះមិនថាសាប ឬអត់នោះទេ៕