(ភ្នំពេញ)៖ បន្ទាប់ពីបានអនុម័តសេចក្តីព្រាងច្បាប់ចំនួន៣ ក្នុងចំណោមរបៀបៈវារៈទាំង៤ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ រដ្ឋសភាបានសម្រេចផ្អាកសម័យប្រជុំ ដោយលើកពេលទៅបន្តនៅថ្ងៃក្រោយទៀត។

កិច្ចប្រជុំពេញអង្គរដ្ឋសភា នៅថ្ងៃនេះ បានធ្វើឡើងក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដោយមានតំណាងរាស្រ្តចូលរួមចំនួន ១០៨រូប។

ក្នុងពេលប្រជុំនេះ រដ្ឋសភាបានសេចក្តីព្រាងច្បាប់ចំនួន៣ រួមមានដូចជា ទី១៖ សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០, ទី២៖ សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រង២០១៨, ទី៣៖ សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្ម ច្បាប់ស្តីពីសហជីព។ ដោយឡែក សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាសមាជិកនៃកិច្ចព្រមព្រៀងសម្រាប់អនុវត្តបទបញ្ញត្តិ នៃអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ចុះថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៨២ ទាក់ទងនឹងការគ្រប់គ្រង និងការអភិរក្សផល ស្តុកត្រី ផ្លាស់ទីមធ្យម និងផលស្តុកត្រីផ្លាស់ទីឆ្ងាយ ត្រូវបានលើកយកទៅអនុម័តនៅពេលក្រោយទៀត ដោយមិនទាន់កំណត់នៅឡើយទេ។

សេចក្តីព្រាងច្បាប់ចំនួន៣ ដែលរដ្ឋសភាអនុម័តនៅថ្ងៃនេះ សុទ្ធតែជាសេចក្តីព្រាងច្បាប់សំខាន់។

ក្នុងសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ គឺរាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងចំណាយសរុបប្រមាណ ៣៣,៣៣៩,៦៣៣លានរៀល ដែលស្មើនឹងប្រមាណ ៨២២៣លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ការគ្រប់គ្រងរដ្ឋ។ គម្រោងចំណាយនេះមានប្រមាណ២៨.០១% នៃ ផសស (GDP) និងកើនឡើង ២២.៧ភាគរយ បើធៀបនឹងឆ្នាំ២០១៩។

ចំណែកសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្ម ច្បាប់ស្តីពីសហជីព នឹងធ្វើការកែប្រែលើ មាត្រា៣ មាត្រា១៧ មាត្រា២០ មាត្រា២១ មាត្រា២៧ មាត្រា២៨ មាត្រា២៩ មាត្រា៥៤ មាត្រា៥៥ និងមាត្រា៥៩ នៃច្បាប់ស្តីពីសហជីព ដែលត្រូវប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៥១៦/០០៧ ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦៕