(ភ្នំពេញ)៖ សមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិនៅកម្ពុជា នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានរៀបចំវេទិកាពិគ្រោះយោបល់ស្តីពី «រៀបចំយុទ្ធសាស្រ្តគាំទ្រការងាររៀបចំលំ នៅដ្ឋានមិនរៀបរយ» ដោយការចូលរួមពីអ្នកពាក់ព័ន្ធប្រមាណ ៤០នាក់ ពិសេសសហគមន៍ជនក្រីក្រ។

វេទិកាជាផ្នែកមួយនៃការអនុវត្តគម្រោង «ការពង្រឹងសមត្ថភាពអាជ្ញាធរថ្នាក់ក្រោមជាតិនៅកម្ពុជា ក្នុងការរៀបចំផែនការនគរូបនីយកម្ម និងការគ្រប់គ្រងដីធ្លី ដើម្បីកែប្រែមុខមាត់ សហគមន៍មិនទាន់រៀបរយ និងធានានូវលទ្ធភាពក្នុងការទទួលបានសេវាសាធារណៈជាសារវ័ន្ត»

គម្រោងនេះ អនុវត្តរួមគ្នាដោយសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត (NACPC), សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន (NLC) និងរដ្ឋបាលរាជធានីភ្នំពេញ ក្រោមការគាំទ្រមូលនិធិពី EU និងសមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF)។

តាមរយៈវេទិកា តំបន់អាទិភាពក៏នឹងត្រូវកំណត់ជ្រើសរើសដាក់បញ្ចូលទៅក្នុងការតាក់តែងយុទ្ធសាស្រ្ត ផងដែរ។

សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត គឺជាស្ថាប័នតំណាងឱ្យសម្លេង និងការពារផលប្រយោជន៍ស្របច្បាប់របស់ក្រុមប្រឹក្សារាជធានី-ខេត្តទាំង២៥ នៅប្រទេសកម្ពុជា។

រីឯសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន គឺជាស្ថាប័នតំណាងឱ្យសម្លេង និងការពារផលប្រយោជន៍ស្របច្បាប់ របស់ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់នៅប្រទេសកម្ពុជា៕