(ភ្នំពេញ)៖ រសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ជា តារា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទទួលបន្ទុកជាសាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ បានទទួលជួបជាមួយគណៈប្រតិភូដឹកនាំដោយលោក KOKUBUN Ryosei នាយកសាលាបណ្ឌិត សភាការពារជាតិជប៉ុន ដើម្បីរឹតចំណងទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការល្អ លើការងារបណ្តុះបណ្តាល និងហ្វឹកហ្វឺនសាកលវិទ្យាល័យការពារជាតិកម្ពុជា និងសាលាបណ្ឌិតសភាការពារជាតិជប៉ុន។

នាយឧត្តមសេនីយ៍ ជា តារា បានជម្រាបជូនភ្ញៀវអំពីសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា ដែលបានមកពីនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលបានបញ្ចប់នូវសង្គ្រាមរ៉ាំរ៉ៃជាង៣ទសវត្ស នាំមកនូវសុខសន្តិភាពពេញលេញ បង្កជាមូលដ្ឋានគ្រឹះដល់ការអភិវឌ្ឍលើគ្រប់វិស័យ។

នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ បានរំលឹកនូវការចងចាំជានិច្ចចំពោះការជួយឧបត្ថម្ភ ពីរាជរដ្ឋាភិបាលកងទ័ព និងប្រជាជនជប៉ុន ដែលតែងតែគាំទ្រលើកទឹកចិត្ត ជានិច្ចដល់កម្ពុជា។ ជាក់ស្តែងយោធាចារ្យនៅទីនេះ សុទ្ធសឹងមានបទពិសោធន៍ និងទទួលបានការបណ្តុះបណ្តាល ពីក្នុងប្រទេស និងក្រៅប្រទេស ជាពិសេសក៏មានអតីតនិស្សិត វគ្គការពារជាតិ ពីប្រទេសជប៉ុនជាច្រើនរូប ដែលបច្ចុប្បន្នបានក្លាយជាយោធាចារ្យជំនាញ។

បច្ចុប្បន្នសាកលវិទ្យាល័យការពារជាតិ កំពុងជំរុញពង្រឹងការងារបណ្តុះបណ្តាលកងទ័ព ក្នុងគោលដៅសំខាន់២ គឺទី១៖ ជាថ្នាលបណ្តុះបណ្តាលធនធានមនុស្ស ក្នុងវិស័យការពារជាតិ និងទី២៖ ជាមជ្ឈមណ្ឌលតម្រង់ទិសពីគោលជំហរទស្សនៈនយោបាយការពារជាតិ ចំទិស ស្របតាមប្រសាសន៍សម្តេចតេជោ នាយករដ្ឋមន្ត្រី កងទ័ពជាខឿនការពារជាតិរបស់ប្រជាជន។

លោកថា បណ្តុះឲ្យក្លាយជាកងទ័ពម្នាក់ៗ មានសមត្ថភាពដឹកនាំបំពេញភារកិច្ចការពារជាតិមាតុភូមិ ថែរក្សាសុខ សន្តិភាព ប្រឆាំងដាច់ខាតចលនាឧទ្ទាម ចលនាបដិវត្តន៍ពណ៌ ដែលមានចរិកប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល និងឲ្យក្លាយជាកម្លាំងពិតមួយ ដែលស្មោះត្រង់ដាច់ខាត ចំពោះជាតិមាតុភូមិ សម្ដៅដាច់ខាតការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពារ និងគោរពជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលស្របច្បាប់ដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោក KOKUBUN Ryosei នាយកសាលាបណ្ឌិតសភា ការពារជាតិជប៉ុន បានសម្តែងនូវក្តីរីករាយរំភើប និងអបអរសាទរចំពោះសមិទ្ធផល ដែលសម្រេចបានដោយរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និងការរីកចម្រើនលើវិស័យបណ្តុះបណ្តាលធនធានមនុស្ស ក្នុងវិស័យការពារជាតិ របស់សាកលវិទ្យាល័យការពារជាតិកម្ពុជា មានការរីកចម្រើនលើសពីអ្វីដែលលោកបានរំពឹងទុក។

លោកនាយកសាលាបណ្ឌិតសភាការពារជាតិជប៉ុន បានបញ្ជាក់ថា កម្ពុជាមានរបស់មានតម្លៃ មិនអាចកាត់ថ្លៃបាននោះ គឺបទពិសោធន៍ នៃការបញ្ចប់សង្គ្រាមរ៉ាំរ៉ៃ ដោយនយោបាយឈ្នះឈ្នះ និងថែរក្សាការពារបានសន្តិភាព។ លោកពេញចិត្ត នឹងទទួលយកសំណើរបស់សាកលវិទ្យាល័យការពារជាតិកម្ពុជា ជាពិសេស លើការផ្លាស់ប្តូរទស្សនកិច្ចដកបទពិសោធន៍ពីគ្នាទៅវិញទៅមករបស់ថ្នាក់ដឹកនាំ យោធាចារ្យ និងនិស្សិតសិក្ខាកាម ព្រមទាំងបន្តជួយដល់ការបណ្តុះបណ្តាល យោធាចារ្យកម្ពុជា ក៏ដូចជាការជួយដល់ការបង្រៀនភាសាជប៉ុន នៅសាកលវិទ្យាល័យការពារជាតិ៕