(ភ្នំពេញ)៖ កាបង្កើតច្បាប់ស្តីពី «បរធនបាលកិច្ច» មានគោលបំណងគ្រប់គ្រងមូលនិធិហិរញ្ញប្បទាន ឥតសំណង ឬអនុបំណុលដែលផ្តល់ដោយដៃគូអភិវឌ្ឍ ដើម្បីគាំទ្រដល់វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា និងដើម្បីធ្វើពិពិធកម្មវិស័យហិរញ្ញវត្ថុនៅកម្ពុជា ក្នុងការកៀរគរចំណូលបន្ថែមលើពន្ធរដ្ឋ។ នេះជាការលើកឡើងរបស់ លោក ជូ វណ្ណះ អគ្គនាយករង នៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ការលើកឡើងរបស់លោក ជូ វណ្ណះ បានធ្វើឡើងនាព្រឹកទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលលោកតំណាងឱ្យលោក ម៉ី វ៉ាន់ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី ច្បាប់បរធនបាលកិច្ច និងបទប្បញ្ញត្តិពាក់ព័ន្ធ ដែលបានរៀបចំឡើងនៅសណ្ឋាគារភ្នំពេញអ៊ីរ៉ា ដោយមានការចូលរួមពីលោក ហ៊ាន ឡូរ៉ាដូណា មន្ត្រីជំនាញការិយាល័យមីក្រូហិរញ្ញវត្ថុ និងបរធនបាលកិច្ចហិរញ្ញវត្ថុ, លោក ទឹង ទិដ្ឋានូ អនុប្រធាននាយកដ្ឋានទីផ្សារ និងស្ថាប័នហិរញ្ញវត្ថុ រួមទាំងមានមន្ត្រីពាក់ព័ន្ធចូលរួមជាច្រើនទៀតផងដែរ។

លោក ជូ វណ្ណះ បានឱ្យដឹងថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំច្បាប់ស្តីពី «បរធនបាលកិច្ច» លើកដំបូងនេះមានគោលបំណងគ្រប់គ្រងមូលនិធិ ហិរញ្ញប្បទានឥតសំណង ឬអនុបំណុលដែលផ្តល់ដោយដៃគូអភិវឌ្ឍដើម្បីគាំទ្រដល់វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ ដែលមូលនិធិទាំងនោះបាននិងកំពុងគ្រប់គ្រង និងកាន់កាប់ដោយគ្រឹះស្ថានធនាគារ និង មីក្រូហិរញ្ញវត្ថុមួយចំនួន។ នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងហិរញ្ញវត្ថុ វិស័យបរធនបាលកិច្ច មានវិសាលភាពទូលំទូលាយ ដែលមិនត្រឹមតែ គ្របដណ្តប់លើវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុប៉ុណ្ណោះទេ ថែមទាំងមានវិសាលភាពគ្របដណ្តប់លើវិស័យធានារ៉ាប់រង និងសោធន, វិស័យអចលនទ្រព្យ, វិស័យមូលបត្រ និងវិស័យផ្សេងៗទៀតនៅក្នុងសេដ្ឋកិច្ច និងសង្គមផងដែរ។

លោកបានបន្ថែមទៀតថា ដើម្បីឱ្យវិស័យនេះអាចចូលរួមចំណែកជំរុញដល់ការធ្វើពិពិធកម្ម វិស័យហិរញ្ញវត្ថុនៅកម្ពុជាឱ្យទទួលបាននូវការអភិវឌ្ឍកាន់តែឆាប់រហ័ស ស្របតាមនិន្នាការនៃការអភិវឌ្ឍវិស័យហិរញ្ញវត្ថុក្នុងតំបន់ និងសកលលោក ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំតាក់តែងសារជាថ្មីនូវសេចក្តីព្រាងច្បាប់ស្តីពី «បរធនបាលកិច្ច»ដែលគ្របបដណ្តប់លើបរធនបាលកិច្ចទូទៅ នៅក្នុងវិស័យសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងសង្គម។

លោក ជូ វណ្ណះ បានបញ្ជាក់ទៀតថា គុណប្រយោជន៍នៃការតាក់តែងច្បាប់ស្តីពី «បរធនបាលកិច្ច» នេះមានដូចជា បង្កើនការវិនិយោគក្នុងស្រុក ដែលជាប្រភពនៃការបន្ថែម ចំណូលពន្ធជាតិ, ជំរុញការធ្វើពិពិធកម្មហិរញ្ញវត្ថុ ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជា, ផ្តល់លទ្ធភាពដល់ការតាមដាន និងគ្រប់គ្រងលំហូរទុន និងប្រភពទុន លើគ្រប់វិស័យ ដែលកំពុងធ្វើប្រតិបត្តិការក្នុងព្រះរាជាណាចក្រកម្ពុជា សំដៅទាក់ទាញទំនុកចិត្តបន្ថែមពីដៃគូអភិវឌ្ឍនានា និងចូលរួមចំណែកគាំទ្រដល់បទប្បញ្ញត្តិនានា នៅកម្ពុជា ដែលបាននិងកំពុងអនុវត្តជាធរមាន។

លោកបន្ថែមថា បន្ទាប់ពីច្បាប់នេះត្រូវបានអនុម័ត និងចូលជាធរមាន រាជរដ្ឋាភិបាលនឹងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រង និងត្រួតពិនិត្យទៅលើ ប្រភេទបរធនបាលកិច្ចទាំងអស់ ដែលបានធ្វើប្រតិបត្តិការនៅកម្ពុជា។ លោកក៏បានបង្ហាញ ក្តីសង្ឃឹមថា តាមរយៈសិក្ខាសាលានេះសិក្ខាកាមនឹងយល់ជ្រួតជ្រៀប ច្បាស់អំពីច្បាប់ «បរធនបាលកិច្ច» និងបទប្បញ្ញត្តិពាក់ព័ន្ធ ដើម្បីជាប្រយោជនដល់ការវិយោគលើវិស័យបរធនបាលកិច្ចនេះ ដែលជាប្រភពចំណូលបន្ថែមទៀត ជួយគាំទ្រឱ្យសេដ្ឋកិច្ចនៅកម្ពុជា មានកំណើនប្រកបដោយចីរភាព។

សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពី «បរធនបាលកិច្ច»នេះ បានមកពីលទ្ធផលនៃការចូលរួមសិក្សាស្រាវជ្រាវ និងកិច្ចប្រជុំពិភាក្សាតាមរយៈកិច្ចប្រជុំជំនាញបច្ចេកទេស នៃអគ្គនាយកដ្ឋាន ឧស្សាហកម្មហិរញ្ញវត្ថុចំនួន ២៨លើក, កិច្ចប្រជុំអន្តរអគ្គនាយកដ្ឋានចំណុះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចំនួន០៤លើក, សិក្ខាសាលាពិគ្រោះយោបល់ជាសាធារណៈ និងកិច្ចប្រជុំអន្តរក្រសួងចំនួន ០៣លើក, កិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, កិច្ចប្រជុំពិភាក្សាជាមួយក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់។

ច្បាប់ស្តីពី «បរធនបាលកិច្ច» ត្រូវបានព្រះមហាក្សត្រឡាយព្រះហត្ថលេខា ដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩៕