(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហោះសារ និងបង្ហាញរូបភាពដើម្បីបង្ហាញជូនជនរួមជាតិ អំពីស្ថានភាពជំងឺម្តាយក្មេករបស់សម្តេច ដែលកំពុងស្ថិតក្នុងដំណាក់ការសង្រ្គោះបន្ទាន់នៅឡើយ តម្រូវឱ្យកូនចៅនៅក្បែរជានិច្ច។

ការចេញមកបញ្ជាក់របស់សម្តេចតេជោ នៅព្រឹកនេះបន្ទាប់ពីមាន Facebook មួយបានយករូបថតម្តាយក្មេកសម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន កាលពី១១ឆ្នាំមុនមកបង្ហោះ នៅមន្ទីរពេទ្យសិង្ហបុរី បង្កើតឲ្យមានការភ័ន្តច្រឡំថា សុខភាពម្តាយក្មេករបស់សម្តេចបានជាសះស្បើយ ដែលធ្វើឲ្យសម្តេចពិបាកក្នុងការបកស្រាយ ពាក់ព័ន្ធការលុបចោលការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េ និងកិច្ចប្រជុំមេគង្គ-កូរ៉េ។

សម្តេចតេជោ ហ៊ុន សែន បានសរសេររៀបរាប់យ៉ាងដូច្នេះថា «ម្សិលមិញមានហ្វេកបុកមួយ បានយករូបថតម្តាយក្មេកខ្ញុំ និងភរិយាខ្ញុំកាលពីឆ្នាំ២០០៨ គឺ១១ឆ្នាំមុន នៅមន្ទីរពេទ្យសង្ហិបុរីមកបង្ហោះ ធ្វើឱ្យមានការភ័ន្តច្រឡំថា ម្តាយក្មេកខ្ញុំបានជាសះស្បើយ ឬបានធូរស្រាលហើយដែលធ្វើឱ្យខ្ញុំជួបការលំបាក ក្នុងការបកស្រាយពីរឿងខ្ញុំលុបចោលការទៅចូលរួមប្រជុំកំពូលអាស៊ាន-កូរ៉េ, មេគង្គ-កូរ៉េ នៅទីក្រុងប៊ូសាននៃប្រទេសកូរ៉េខាងត្បូង។ ខ្ញុំសូមបញ្ជាក់ថា ស្ថានភាពជំងឺម្តាយក្មេក ខ្ញុំស្ថិតក្នុងដំណាក់ការសង្រ្គោះបន្ទាន់នៅឡើយ ដែលតម្រូវឱ្យកូនចៅនៅក្បែរគាត់ជានិច្ច។ សូមជូនរូបភាពមួយចំនួនពីម្សិល និងព្រឹកថ្ងៃនេះ២៤ និង២៥ វិច្ឆិកា ២០១៩»