(ព្រះវិហារ)៖ លោក គោ ស៊ុប៊ុនសឿត អភិបាលរងខេត្តព្រះវិហារ តំណាងលោក ប្រាក់ សុណ្ណ អភិបាលខេត្ត បានអំពាវនាវឲ្យរួមគ្នាប្រែក្លាយប្រទេសកម្ពុជា ទៅជាប្រទេសមួយ ដែលមានសុវត្ថិភាពចរាចរណ៍ដ៏គួរឲ្យកក់ក្តៅ។

លោកអំពាវនាវបែបនេះ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្នុងឱកាសរដ្ឋបាលខេត្តព្រះវិហារ បានរៀបចំប្រារព្ធទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៤។

លោក គោ ស៊ុប៊ុនសឿត បានបញ្ជាក់ថា៖ «ក្នុងនាមថ្នាក់ដឹកនាំខេត្ត និងក្នុងនាមអនុគណៈកម្មាការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត សូមធ្វើការអំពាវនាវដល់គ្រប់បណ្តាមន្ទីរ អង្គភាពពាក់ពន្ធ័ អជ្ញាធរគ្រប់លំដាប់ថ្នាក់ វិសយ័ឯកជន អង្កការមិនមែនរដ្ឋាភិបាល និងប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តព្រះវិហារ ត្រូវបង្កើនកិច្ចសហប្រតិបត្តិការ និងសហការគ្នាយ៉ាងសស្រាក់សស្រាំ ដើម្បីចូលរួមអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក សំដៅប្រែក្លាយផែនការសកម្មភាព សុវត្ថិភាពចរាចរណ៍ របស់គណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឲ្យមានប្រសិទ្ធិភាពខ្ពស់ និងរួមគ្នាប្រែក្លាយប្រទេសកម្ពុជាយើង ឲ្យទៅជាប្រទេសមួយមានសុវត្ថិភាពចរាចរណ៍ដ៏គួរឲ្យកក់ក្តៅ»

លោក គោ ស៊ុប៊ុនសឿត បានបន្តថា ការរៀបចំប្រារព្វពិធីនៅពេលនេះ គឺដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធអ្នកស្លាប់ជាច្រើនដោយគ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាសំដៅពញាក់ស្មារតីប្រជាពលរដ្ឋ ជាពិសេសអ្នកប្រើប្រាស់ផ្លូវសាធារណៈទាំងអស់ ឲ្យមានការភ្ញាក់រលឹក ផ្លាស់ប្តូរឥរិយាបទមិនគោរពច្បាប់ ឲ្យចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដើម្បីរួមចំណែកឈានឆ្ពោះទៅទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ឲ្យចុះមកកម្រិតទាបបំផុត ព្រោះថាកត្តាមនុស្ស កត្តាមធ្យោបាយគ្រាន់តែជាកត្តារួមផ្សំប៉ុណ្ណោះ កត្តាសំខាន់ដែលអាចចៀសវាងគ្រោះថ្នាក់ចរាចរណ៍បាននោះ គឺកត្តាខ្លួនឯង ដូច្នេះត្រូវការពារខ្លួនត្រូវកំណត់អ្វីដែលត្រូវធ្វើនិងអ្វីមិនគួរធ្វើ។

ទន្ទឹមនឹងនោះ លោកសំណូមពរថា ត្រូវជួយអប់រំដល់ក្រុមគ្រួសារ និងញាតិមិត្ត ឲ្យគោរពច្បាប់ដើម្បីសុវត្ថិភាពទាំងអស់គ្នា ដូចពាក្សស្លោកមួយពោលថា៖ «ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍»

ថ្លែងដូចគ្នាដែរ លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ក៏បានសំណូមពរដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទ ត្រូវគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក មានសុជីវធម៌ល្អ និងចេះអធ្យាស្រយ័គ្នាក្នុងការបើកបរ។ សូមពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព និងមួកសុវត្ថិភាពឲ្យបានត្រឹមត្រូវទាំងអស់គ្នាក្នុងពេលធ្វើដំណើរ ទាំងអ្នកបើកបរ និងអ្នករួមដំណើរ៕