(ហុងកុង)៖ បាតុកម្មតវ៉ារបស់ក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យ ដែលបាននិងកំពុងធ្វើឱ្យកក្រើកពេញទីក្រុងហុងកុង អស់រយៈពេលជាង៦ខែមកនេះ នៅតែបន្តកើតមាននៅឡើយ បើទោះជាសេចក្ដីព្រាងច្បាប់ស្ដីពីការធ្វើបត្យាប័ន ជនសង្ស័យទៅកាន់ចិនដីគោកត្រូវបានលុបចោលទាំងស្រុងក៏ដោយ។ មិនតែប៉ុណ្ណោះអំពើហិង្សាកាន់តែមានសភាពអាក្រក់ឡើងៗជាងមុនទៅទៀតផង។

* តើបាតុកម្មតវ៉ាផ្ទុះឡើងយ៉ាងដូចម្ដេច?

ក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យ បានចាប់ផ្ដើមធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលទីក្រុងហុងកុង តាំងតែពីខែមិថុនា មកម្ល៉េះ ហើយបច្ចុប្បន្នការតវ៉ានៅតែបន្តធ្វើឡើង និងកាន់អាក្រក់ជាងមុនទៅទៀត ដោយក្រុមបាតុករមួយចំនួន ចាប់ផ្ដើមប្រើប្រាស់អាវុធដូចជាធ្នូ ឬគ្រាប់បែកសំាង ដើម្បីប្រយុទ្ធជាមួយប៉ូលិស ដែលបានព្រមានប្រើគ្រាប់កាំភ្លើងពិត ជាវិធានការឆ្លើយតបនឹងអំពើហិង្សា។

កាលពីខែកក្កដា ក្រុមបាតុករបានសម្រុកចូលក្នុងសភាហុងកុង ហើយនៅខែសីហា បាតុករម្នាក់បានរងរបួសត្រង់ភ្នែក និងរហូតដល់ខែកញ្ញា ទើបសេចក្ដីព្រាងច្បាប់ស្ដីពីការធ្វើបត្យាប័នជនសង្ស័យទៅកាន់ចិនដីគោក ត្រូវបានលុបចោលទាំងស្រុង។ ប៉ុន្តែក្រុមបាតុករ បានអះអាងថា វាយឺតពេលពេកទៅហើយ ដោយពួកគេកាន់តែបន្ថែមការទាមទារពី រដ្ឋាភិបាលទីក្រុងហុងកុង ក្នុងនោះរួមមានទាំងការស្នើឱ្យលោកស្រី Carrie Lam លាលែងចេញពីតំណែងផងដែរ។

លើសពីនេះទៅទៀត អំពើហិង្សា និងស្ថានការណ៍ក្នុងទីក្រុងហុងកុង កាលពីសប្ដាហ៍មុនកាន់តែធ្ងន់ធ្ងរឡើងៗដោយប៉ូលិសម្នាក់ បានបាញ់បាតុករម្នាក់ឱ្យរងរបួស ហើយបុរសជាអ្នកបោសសម្អាតវ័យចំណាស់ម្នាក់ បានស្លាប់ដោយសារត្រូវគេគប់ដុំឥដ្ឋចំក្បាល ខណៈប៉ូលិសទម្លាក់ការទទួលខុសត្រូវលើបាតុករជ្រុលនិយមខ្លះ។

* តើក្រុមបាតុករចង់បានអ្វីឱ្យប្រាកដ?

ក្រុមបាតុករហុងកុង ធ្លាប់បានលើកឡើងនូវសំណើចំនួន៥ ហើយក្នុងសំណើទាំងនេះមានមួយទទួលបានជោគជ័យ នោះគឺការលុបចោលទាំងស្រុងនូវច្បាប់ស្ដីពីការធ្វើបត្យាប័នជនសង្ស័យទៅកាន់ចិនដីគោក។ ចំណែកឯសំណើ៤ ផ្សេងទៀតមានដូចជា៖

- បញ្ឈប់ការចាត់ទុកបាតុកម្មតវ៉ាមានលក្ខណៈជាកុបកម្ម
- លើកលែងទោសដល់បាតុករដែលអាជ្ញាធរចាប់ខ្លួន
- បើកការស៊ើបអង្កេតដោយឯករាជ្យលើអំពើហិង្សាប្រព្រឹត្តឡើងដោយប៉ូលិស
- អនុវត្តឱ្យបានពេញលេញនូវការបោះឆ្នោតសកល ខណៈបាតុករខ្លះបន្ថែមការទាមទារឱ្យលោកស្រី Carrie Lam លាលែងចេញពីតំណែងជា នាយកប្រតិបត្តិក្រុងហុងកុង ដោយចោទថា លោកស្រីជា «អាយ៉ង» របស់ទីក្រុងប៉េកាំង។

តែយ៉ាងណាក៏ដោយក្រុមអ្នកជំនាញមួយចំនួនយល់ថា រដ្ឋាភិបាលទីក្រុងហុងកុង ជាពិសេសគឺទីក្រុងប៉េកាំង ទំនងជានឹងមិនផ្ដល់សម្បទានណាមួយបន្ថែមទៀត ឱ្យក្រុមបាតុករនោះទេ ពីព្រោះពួកគេព្រួយបារម្ភខ្លាចក្រែងបាតុករកាន់តែបន្ថែមការទាមទារ និងមានទម្លាប់អាក្រក់ដោយយកការធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល ដើម្បីចង់បានអ្វីមួយ ឬក៏រហូតដល់ចង់បានឯករាជ្យពីចិន នៅថ្ងៃណាមួយក៏ថាបាន។

* តើនឹងមានអ្វីកើតឡើងបន្ទាប់?

ជាការពិតអ្វីដែលនឹងកើតឡើងបន្ទាប់នៅតែស្ថិតនៅក្នុងភាពមិនច្បាស់លាស់ ខណៈទីក្រុងប៉េកាំងបន្តរក្សាការអត់ធ្មត់ រីឯបាតុកម្មតវ៉ាមានចំនួនអ្នកចូលរួមកាន់តែតិច បើធៀបទៅនឹងបាតុកម្មផ្ទុះឡើងដំបូងកាលពីខែមិថុនា កន្លងទៅ ដោយវាខុសគ្នាត្រង់បាតុកម្មតវ៉ាបច្ចុប្បន្នសម្បូរអំពើហិង្សាជាងតែប៉ុណ្ណោះ។

ប៉ូលិសហុងកុង បានចាប់ខ្លួនបាតុករច្រើនជាង៤,០០០នាក់ ចាប់តាំងថ្ងៃទី៩ ខែមិថុនាមក ហើយទាំងក្រុមបាតុករ និងរដ្ឋាភិបាលហុងកុង ហាក់ដូចជាមិនបានបង្ហាញកាយវិការបន្ធូរដៃទាល់តែសោះ ជាហេតុធ្វើឱ្យគេពិបាកស្មានថា វិបត្តិសព្វថ្ងៃនឹងត្រូវបានបញ្ចប់ដោយរបៀបណា ស្របពេលប្រជាជនហុងកុងធម្មតាកំពុងប្រឈមមុខភាពអសណ្ដាប់ធ្នាប់, អសន្តិសុខ, វិបត្តិសេដ្ឋកិច្ច និងរហូតដល់មានអ្នកខ្លះចាប់ផ្ដើមចាកចេញពីហុងកុងក៏មានដែរ។

ក៏ប៉ុន្តែ បើតាមសម្ដីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងសប្ដាហ៍នេះ ចិនបានត្រៀមលក្ខណៈរួចស្រេចទៅហើយក្នុងការប្រើប្រាស់កម្លាំងយោធា ជាជម្រើសចុងក្រោយដើម្បីដោះស្រាយបញ្ហា ពោលគឺគ្រាន់តែគេមិនដឹងថា នៅពេលណាតែប៉ុណ្ណោះ។ លោក ត្រាំ បាននិយាយថា លោកបានជួយសង្រ្គោះទីក្រុងហុងកុង ពីការបំផ្លិចបំផ្លាញតាមរយៈការបញ្ចុះបញ្ចូលឱ្យលោកប្រធានាធិបតីចិន ស៊ី ជិនពីង បញ្ឈប់ការបញ្ជូនកងទ័ពទៅបង្រ្កាបក្រុមបាតុករគាំទ្រ លទ្ធិប្រជាធិបតេយ្យ។

ការកត់សម្គាល់ខាងលើរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox News នៅថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) និងបន្ទាប់ពីព្រឹទ្ធសភាអាមេរិក អនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យក្រុងហុងកុង។

ថ្លែងនាឱកាសនោះលោកប្រធានាធិបតីអាមេរិក បានគូសបញ្ជាក់ដូច្នេះថា៖ «បើមិនមែនដើម្បីខ្ញុំទេ ទីក្រុងហុងកុង ប្រហែលជាត្រូវបំផ្លាញខ្ទេចខ្ទីបាត់ទៅហើយ ក្នុងរយៈពេលត្រឹមតែ១៤នាទីប៉ុណ្ណោះ... កងទ័ពចិនរាប់លាននាក់ មិនត្រូវបានបញ្ជូនមកកាន់ទីក្រុងហុងកុង ដោយសារតែខ្ញុំបានស្នើសុំគាត់ (លោក ស៊ី ជិនពីង) ដូច្នេះថា៖ សូមកុំធ្វើដូច្នេះពីព្រោះអ្នកនឹងបង្កកំហុសមួយដ៏ធំ និងផ្ដល់ផលប៉ះពាល់ជាអវិជ្ជមានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មបច្ចុប្បន្ន»

គួរជម្រាបថា ព្រឹទ្ធសភាអាមេរិកនៅថ្ងៃអង្គារសប្ដាហ៍នេះ បានបោះឆ្នោតអនុម័តជាឯកច្ឆ័នលើសេចក្ដីព្រាងច្បាប់មួយ ដែលមានគោលដៅការពារសិទ្ធិមនុស្សនៅក្នុងទីក្រុងហុងកុង ខណៈមានការព្រួយបារម្ភកាន់តែច្រើនឡើងថា ទីក្រុងប៉េកាំងអាចនឹងប្រើប្រាស់កម្លាំងយោធា ដើម្បីបញ្ចប់វិបត្តិនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរបស់ខ្លួនមួយនេះ។

ក្រោយការបោះឆ្នោតអនុម័តដោយព្រឹទ្ធសភា សេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យហុងកុង នឹងត្រូវបញ្ជូនបន្តទៅកាន់សភាតំណាងរាស្ត្រអាមេរិក មុននឹងបញ្ជូនឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ ធ្វើការពិចារណា និងចុះហត្ថលេខា។ សេចក្ដីព្រាងច្បាប់នេះគឺមានគោលដៅការពារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ក៏ដូចជាហាមឃាត់ផងដែរ នូវការនាំចេញអាវុធមួយចំនួនក្នុងនោះមានដូចជាឧស្ម័នបង្ហូរទឹកភ្នែក គ្រាប់កាំភ្លើងជ័រ ឧបករណ៍បាញ់ម្សៅម្រេច និងកាំភ្លើងឆក់ជាដើមឱ្យកងកម្លាំងប៉ូលិសហុងកុង៕