(ភ្នំពេញ)៖ លោក ធីត លីនអន ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ប្រចាំកម្ពុជា ដែលទើបតែងតាំងថ្មី បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងដ៏ល្អរវាងព្រះពុទ្ធសាសនា នៃប្រទេសទាំងពីរកម្ពុជា-មីយ៉ាន់ម៉ា ជាពិសេសលើការរឹតចំណងទំនាក់ទំនង នយោបាយថ្នាក់ជាតិ។

ការលើកឡើងបែបនេះ របស់លោក ធីត លីនអន បានធ្វើឡើងនាព្រលប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅក្នុងឱកាសដែលលោកត្រូវបាន សម្តេចព្រះមហាអរិយវង្សបណ្ឌិត សៅរ៍ ចន្ទថុល្ល ព្រះអនុប្រធានទី៣ ថេរសភាព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តលង្កា ព្រះកុសុមារាម អនុញ្ញាតឱ្យចូលក្រាបថ្វាយបង្គំសម្តែងការគួរសម ស្វែងយល់ពីវិស័យព្រះពុទ្ធសាសនា និងសិក្សាឈ្វេងយល់ពីនយោបាយ សេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសកម្ពុជា។

នៅក្នុងឱកាសនោះដែរ លោកបានរំលឹកថា ក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, សម្តេចតេជោ ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលមីយ៉ាន់ម៉ា ព្រមទាំងថ្នាក់ព្រះសង្ឃនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលទទួលសមណនិស្សិត ព្រះសង្ឃរបស់កម្ពុជា ឱ្យបន្តការសិក្សានៅទីនោះ ព្រមទាំងស្នើសុំឱ្យរដ្ឋាភិបាលមីយ៉ាន់ម៉ា បន្ថែមទទួលសមណនិស្សិតកម្ពុជា ឱ្យសិក្សានៅមីយ៉ាន់ម៉ា ឱ្យមានតែច្រើនឡើងបន្ថែមទៀតផងដែរ។

លោក ធីត លីនអន សង្ឃឹមយ៉ាងមុតមាំថា ប្រទេសទាំងពីរនឹងខិតខំពង្រឹង ពង្រីកទំនាក់ទំនង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែរឹងមាំថែមទៀត ជាពិសេសវិស័យព្រះពុទ្ធសាសនា ផងដែរ។

នៅក្នុងឱកាសនោះដែរ សម្តេចព្រះមហាអរិយវង្សបណ្ឌិត សៅរ៍ ចន្ទថុល្ល មានសង្ឃដីការឱ្យដឹងថា ប្រទេសទាំងពីរ ប្រជាជនមានប្រពៃណី វប្បធម៌ និងអត្តសញ្ញាណជាតិដ៏ល្អផូរផង់ស្រដៀងគ្នា គោរពប្រណិបត្តិព្រះពុទ្ធសាសនាដូចគ្នា។

សម្តេចព្រះមហាអរិយវង្សបណ្ឌិត សៅរ៍ ចន្ទថុល្ល មានសង្ឃដីការរំលឹកថា សម្តេចព្រះសង្ឃនាយកនិងមន្រ្តី សង្ឃជាច្រើនអង្គនាក់បានទៅទស្សនកិច្ច និងទទួលក្រមងារ ទទួលសិរីរិទ្ធធាតុជាព្រះទាន់តៈព្រះពុទ្ធនាំមកកម្ពុជា ដើម្បីឱ្យព្រះពុទ្ធសាសនាកាន់តែរីចម្រើន និងត្រជាក់ត្រជុំដល់ប្រជាពលរដ្ឋនៃយើងផងដែរ។ មិនតែប៉ុណ្ណោះប្រពៃណី វប្បធម៌ និងអត្តសញ្ញាណជាតិដ៏ល្អផូរផង់ស្រដៀងគ្នា៕