(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ បានផ្ញើសារថ្លែងអំណរគុណដល់ បងប្អូនកូនក្មួយ ពលករ កម្មករ និងប្រជាពលរដ្ឋខ្មែរជាច្រេីន ដែលកំពុងរង់ចាំទទួលស្វាគមន៍សម្តេច នៅប្រទេសកូរ៉េខាងត្បូង។

សម្តេចបានបង្ហោះសារនៅលើ Facebook របស់សម្តេចយ៉ាងដូច្នេះថា៖ «សូមអរគុណ បងប្អូន កូនក្មួយ ពលករ កម្មករ និងប្រជាពលរដ្ឋខ្មែរជាច្រេីន ដែលកំពុងធ្វេីការងារ និងរស់នៅក្នុងប្រទេសកូរ៉េ គឺកំពុងតែរង់ចាំទទួលស្វាគមន៍ ដោយសេចក្ដីសោមនស្សរីករាយចំពោះវត្តមានដ៍ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងអញ្ជើញមកចូលរួមកិច្ចប្រជុំអាស៊ាននៅទីក្រុងប៊ូសាន-សាធារណៈរដ្ធកូរ៉េ»

សូមជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ ទទួលបានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច ការងារ និងសុខសុភមង្គលគ្រប់ក្រុមគ្រួសារ។

ការថ្លែងអំណរគុណរបស់របស់សម្តេចតេជោ បានធ្វើឡើង បន្ទាប់ពីប្រជាពលរដ្ឋខ្មែរដែលបានទៅបម្រើការងារ និងមានក្រុមគ្រួសារជាជនជាតិកូរ៉េ បានប្រកាសពីការត្រៀមខ្លួនដើម្បីទទួលស្វាគមន៍វត្តមាន របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងគណៈប្រតិភូ ប្រកបដោយក្ដីរីករាយ និងរំភើបជាទីបំផុត។

ពលករខ្មែរទាំងអស់នោះ ក៏បានថ្លែងអំណរគុណដល់សម្ដេចតេជោ ហ៊ុន សែន ដែលបានឈ្លៀតពេលពីការប្រជុំ ហើយជួបសំណេះសំណាលជាមួយពួកគាត់។ ក្រុមពលករបានចាត់ទុកថា នេះជាវេលាដ៏មានតម្លៃណាស់សម្រាប់ពួកគាត់ ដើម្បីអាចចែករំលែកពីសុខទុក្ខ ក្នុងការរស់នៅក្រៅប្រទេស ជូននាយករដ្ឋមន្ដ្រីរបស់ខ្លួន។ ជាមួយគ្នានេះ ពួកគាត់ក៏បានអំពាវនាវដល់ពលរដ្ឋខ្មែររស់នៅប្រទេសកូរ៉េខាងត្បូងទាំងអស់ កុំភ្លេចទៅទទួលស្វាគមន៍សម្ដេចតេជោ ហ៊ុន សែន ឲ្យបានគ្រប់ៗគ្នាដើម្បីបង្ហាញអំពីទំហំនៃក្ដីស្រលាញ់។

គួរជម្រាបថា បន្ទាប់ពីដឹងព័ត៌មានថា នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចុះជួបសួរសុខទុក្ខដោយផ្ទាល់ចំពោះពលរដ្ឋខ្មែរ ដែលរស់នៅប្រទេសកូរ៉េខាងត្បូង ពលរដ្ឋខ្មែរនៅទីនោះ បាននាំគ្នាបង្ហោះសារ និងវីដេអូពេញបណ្ដាញសង្គម Facebook បង្ហាញនូវក្ដីរំភើបរីករាយចំពោះដំណឹងនេះ៕