(កំពត)៖ ស្នងការដ្ឋាននគរបាលខេត្តកំពត, ព្រះសីហនុ និងខេត្តកែប នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានបើកកិច្ចប្រជុំជាមួយនគរបាលខេត្តគៀនយ៉ាង ប្រទេសវៀតណាម ដើម្បីដកពិសោធន៍គ្នាទៅវិញទៅមក លើការងារការពារសន្ដិសុខ សណ្ដាប់ធ្នាប់រវាងព្រំដែនប្រទេសទាំងពីរ ពិសេសក្នុងខេត្តទាំងបី។

កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅស្នងការដ្ឋាននគរបាលខេត្តកំពត ក៏មានការចូលរួមពី លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការខេត្តកំពត, លោកឧត្តមសេនីយ៍ត្រី បែន តារា ស្នងការខេត្តកែប និងតំណាងស្នងការខេត្តព្រះសីហនុ និងថ្នាក់ដឹកនាំនគរបាលវៀតណាម ព្រមទាំងមន្ដ្រីនគរបាលដែលពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

ក្នុងកិច្ចប្រជុំនោះ ថ្នាក់ដឹកនាំនគរបាលកម្ពុជា-វៀតណាម បានឯកភាពគ្នាបន្ដកិច្ចសហប្រតិបត្តិការការពារ សន្ដិសុខ សណ្ដាប់ធ្នាប់តាមព្រំដែនរវាងភាគីទាំងពីរ ឲ្យកាន់តែរឹងមាំ ដើម្បីធ្វើឲ្យតំបន់ព្រំដែនមានស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។

បន្ថែមពីនេះ ជំរុញការក្ដាប់សភាពការណ៍នៅតាមខ្សែព្រំដែន ឲ្យបានណែនាំដើម្បីចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបបានទាន់ពេលវេលានូវរាល់អំពើភេរវកម្ម និងបទល្មើសឧក្រិដ្ឋឆ្លងដែននានា ពិសេសសហការបង្ក្រាបនូវរាល់សកម្មភាពបង្កគ្រោះថ្នាក់ និងបំផ្លិចបំផ្លាញអធិបតេយ្យភាពប្រទេសទាំងពីរ។

បង្កើនកិច្ចសហការឲ្យបានខ្លាំងក្លា លើការងារបង្ការបង្ក្រាបគ្រឿងញៀននៅតាមព្រំដែន ពិសេសសកម្មភាពចរាចរសារធាតុញៀនឆ្លងកាត់តាមច្រករបៀងព្រំដែន។ ទន្ទឹមនោះ ត្រូវជំរុញការបំផុសផ្សព្វផ្សាយ ស្ដីពីផលប៉ះពាល់គ្រឿងញៀនដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន៕