(សៀមរាប)៖ ក្រុមហ៊ុន គូបូតា ខេមបូឌា ខូអិលធីឌី បានរៀបចំឡើងនូវកម្មវិធីសប្បុរសធម៌ ៥ឆ្នាំជាប់ៗគ្នាក្នុងយុទ្ធនាការឈ្មោះថា «KUBOTA Sharing the Future» ដើម្បីផ្តល់ថវិកាជាង ៦៦០លានរៀល (ស្មើនឹង ១៦៥.០០០ដុល្លារអាមេរិក) សម្រាប់ជាជំនួយដល់ការអប់រំ សិស្សានុសិស្ស ក៏ដូចជាកុមារដែលខ្វះខាតនៅតាមតំបន់ឆ្ងាយៗទូទាំងប្រទេស។ កម្មវិធីនេះ ត្រូវបានប្រារព្ធធ្វើឡើងនៅសណ្ឋាគារ សុខាល័យ អង្គរ វីឡា រីសត ក្នុងខេត្តសៀមរាប នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ។

លោក ភីសានុ មីលីនតានុស អគ្គនាយករង និងជាអ្នកគ្រប់គ្រងទូទៅផ្នែកលក់ និងសេវាកម្ម នៃក្រុមហ៊ុន ស្យាម គូបូតា ខបភឺរេសិន ខូអិលធីឌី បានលើកឡើងថា ក្រុមហ៊ុន គូបូតា (ខេមបូឌា) ខូអិលធីឌី ប្រកាន់ខ្ជាប់យ៉ាងសំខាន់នូវការអនុវត្តអាជីវកម្មក្នុងការបើកអាជីវកម្មដំណាលគ្នា និងចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សង្គម។

ក្រុមហ៊ុនមានការយកចិត្តទុកដាក់ខ្ពស់ទៅលើវិស័យអប់រំ ដែលមានតួនាទីសំខាន់សម្រាប់ការអភិវឌ្ឍជាតិ។ ក៏ដូចជាយុវជន ដែលជាកម្លាំងស្នូលនៃសង្គម និងការអភិវឌ្ឍជាតិ។ ដូច្នេះហើយសកម្មភាពនៃកម្មវិធី «KUBOTA Sharing the Future» ត្រូវបានរៀបចំសម្រាប់រយៈពេល៥ឆ្នាំជាប់គ្នា ដែលជាផ្នែកមួយនៃយុទ្ធនាការថ្នាក់តំបន់ CSR ដែលធ្វើឡើងនៅប្រទេសកម្ពុជា និងឡាវ។ យុទ្ធនាការទូទាំងតំបន់នេះមានគោលបំណងផ្តល់ជូននូវសម្ភារសិក្សា ដើម្បីឱ្យកុមារក្រីក្រដែលគ្រប់អាយុចូលសាលាបានប្រើប្រាស់ និងឱ្យជីវិតកាន់តែប្រសើរជាងមុន ជាមួយការជួយអភិវឌ្ឍ និងចូលរួមចែករំលែកមកឱ្យសង្គមវិញ។

លោក បានបន្ថែមទៀតថា ចាប់តាំងពីទទួលបានជោគជ័យក្នុងរយៈពេលបួនឆ្នាំ ក្នុងការជួយដល់កុមារបានសង្កេតឃើញថាសម្ភារសិក្សា គឺពិតជាអាចជួយអភិវឌ្ឍសមត្ថភាពរៀនសូត្រ និងលើកទឹកចិត្តដល់ពួកគេ។ លើសពីនេះ មានតំបន់ជាច្រើននៅកម្ពុជា ដែលនៅតែត្រូវការជំនួយ ដើម្បីបំពេញចន្លោះបញ្ហានេះ។ នៅក្នុងឆ្នាំនេះ ដោយមានកិច្ចសហការពីស្ថាប័ន រដ្ឋបាលខេត្តសៀមរាប និងក្រសួងអប់រំ យុវជន និងកីឡា ក្នុងការប្រគល់សម្ភារសិក្សាទូទាំងប្រទេស ដែលមានដូចជាកាបូប និងសម្ភារសិក្សាចំនួន ២០,០០០ឈុត ដែលមានតម្លៃសរុប ៦៦០លានរៀល ដែលចាប់ផ្តើមពីខែវិច្ឆិកា ឆ្នាំ២០១៩ ដែលសម្ភារសិក្សាចំនួន ៥,០០០ឈុត នឹងត្រូវប្រគល់ទៅឱ្យស្ថាប័នរដ្ឋបាលខេត្តសៀមរាប ហើយ១៥,០០០ឈុតទៀត នឹងត្រូវប្រគល់ទៅឲ្យភ្នាក់ងារចែកចាយគូបូតា នៅទូទាំងប្រទេស ដើម្បីផ្ដល់ឱកាសបន្ថែម សម្រាប់ជួយកុមារនៅតាមតំបន់នានា នៅកម្ពុជា ។

តាមរយៈយុទ្ធនាការ CSR ក្នុងតំបន់ ក្រុមហ៊ុន ស្យាម គូបូតា មានផែនការប្រគល់កាបូបនិងសម្ភារសិក្សាសរុបចំនួន ២៩០០០ ឈុតសម្រាប់ប្រទេសកម្ពុជានិងឡាវ ដែលនឹងប្រគល់ជូនស្ថាប័នរដ្ឋាភិបាល និងភ្នាក់ងារចែកចាយគូបូតាទូទាំងប្រទេស ដើម្បីធ្វើកម្មវិធីសប្បុរសធម៌ដល់កុមារនិងយុវជនដែលខ្វះខាតសម្ភារសិក្សា ។

លោកបានបន្តទៀតថា «ក្រុមហ៊ុនតែងតែមើលឃើញពីសារសំខាន់នៃការអភិវឌ្ឍ និងការគាំទ្រដល់កុមារនិងសង្គម ដូច្នេះហើយទើបយើងបន្តសកម្មភាពជារៀងរាល់ឆ្នាំ ដើម្បីជំរុញសង្គមនិងជួយលើកកម្ពស់សុខមាលភាពប្រជាជន ជាពិសេសក្នុងការអប់រំនិងកុមារ ហេតុផលនេះហើយ ទើបយើងសម្រេចបង្កើត «មជ្ឈមណ្ឌលអប់រំបច្ចេកទេសគូបូតា» (KUBOTA Technical Education Center) សហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងគូបូតា Palungjai ដើម្បីជួយជនរងគ្រោះ ពីគ្រោះមហន្តរាយធម្មជាតិ បន្ថែមពីលើគម្រោង «KUBOTA Sharing The Future» ដែលបានរៀបចំឡើងនៅថ្ងៃនេះ ។

លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប បានថ្លែងថា តម្រូវការនូវចំណេះដឹង និងចំណេះធ្វើ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ សម្រាប់ជំរុញនូវកំណើនសេដ្ឋកិច្ច ដែលក្នុងនោះ តម្រូវការចំណេះដឹង និងជំនាញរបស់បុគ្គលម្នាក់ៗ មិនថាកុមារ យុវជន ជនពេញវ័យ ឬមនុស្សចាស់ ទទួលបានការសិក្សាទាំងអប់រំក្នុងប្រព័ន្ធ អប់រំក្រៅប្រព័ន្ធ និងអប់រំមិនផ្លូវការ ធ្វើឲ្យពួកគេមានលទ្ធភាពកាន់តែច្រើន ក្នុងការផ្លាស់ប្តូរទៅតាមបច្ចេកវិទ្យាសម័យទំនើប ចេះច្នៃប្រឌិត ស្គាល់គុណតម្លៃក្នុងការបង្កើនជីវភាពបុគ្គល គ្រួសារ ក៏ដូចជាសេដ្ឋកិច្ចជាតិ។ ស្ថានភាពបែបនេះហើយ ដែលទាមទារឱ្យមនុស្សយើងម្នាក់ៗ ត្រូវតែធ្វើការអភិវឌ្ឍ គុណវុឌ្ឍិ ជំនាញ តាំងពីក្មេងរហូតដល់ចាស់។

ដូច្នេះ ការរៀបចំផែនការយុទ្ធសាស្ត្រ រួមជាមួយការកែលម្អកម្មវិធីដែលមានស្រាប់ឲ្យកាន់តែប្រសើរឡើង ការពិភាក្សារិះរកគន្លឹះ និងវិធានការសំខាន់ៗនានា គឺជាធាតុផ្សំដ៏សំខាន់សម្រាប់ជំរុញលើកស្ទួយដល់ការសិក្សាពេញមួយជីវិតនៅកម្ពុជា។ ជាមួយគ្នានេះ ការទំនុកបំរុង ឧបត្ថម្ភគាំទ្រ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ គឺជាធាតុផ្សំដ៏ចាំបាច់បំផុត សម្រាប់ជំរុញលើកស្ទួយដល់ការសិក្សាពេញមួយជីវិតរបស់សិស្សានុសិស្សនៅកម្ពុជា ពិសេសក្នុងខេត្តសៀមរាប ផងដែរ។

ការរៀបចំពិធីប្រគល់កាបូបសិក្សា/សម្ភារសិក្សាជូនដល់សិស្សានុសិស្សនាពេលនេះ បានឆ្លុះបញ្ចាំងពីការ ចូលរួមមួយផ្នែកពីក្រុមហ៊ុន Kubota សម្រាប់ជាសកម្មភាពមនុស្សធម៌ ក៏ដូចជាកិច្ចការសង្គម ។ ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងក្នុងនាមខ្លួនលោកផ្ទាល់ បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនគូបូតា ដែលបានគាំទ្រ និងជួយឧបត្ថម្ភកាបូបសិក្សាដល់សិស្សានុសិស្សក្នុងខេត្តសៀមរាប នាពេលនេះ ហើយក៏សង្ឃឹមថានឹងនៅតែបន្តគាំទ្រដល់ការអភិវឌ្ឍមាតុភូមិកម្ពុជា ឲ្យមានការរីកចម្រើន ជាបន្តបន្ទាប់៕