(ភ្នំពេញ)៖ គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តក្រឡុកស៊ីម៉ង់ត៍ បានបើកលឿនតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ហើយបានរេចង្កូតរអិលក្រឡាប់ ទៅសង្កត់លើផ្ទះប្រជាពលរដ្ឋ នៅចំណុចភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលបណ្ដាលឲ្យក្មេងស្រីម្នាក់ ត្រូវរថយន្តក្រឡាប់សង្កត់ពីលើស្លាប់បាត់អណោចអធ័មកាលពីវេលាម៉ោង០១៖៣០នាទីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩។

បើតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋដែលរស់នៅត្រង់ចំណុចកើតហេតុនេះ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេ បានឃើញរថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿង បានធ្វើដំណើរតាមបណ្ដោយ ផ្លូវ៥០ម៉ែត្រ ក្នុងទិសដៅ ពីទិសដៅពីជើងទៅត្បូង ហើយខណៈមកដល់ចំណុចកើតហេតុ ដោយសារតែរថយន្តបើកបរ ក្នុងល្បឿនលឿនពេក ក៏បានរេចង្កូតមកខាងស្ដាំដៃក្រឡាប់សង្កត់ ទៅលើលំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋ ដែលនៅក្បែរទីតាំង និងបណ្ដាលឲ្យសង្កត់លើក្មេងស្រីម្នាក់ ដែលកំពុងតែអង្គុយនៅលើចិញ្ចើមផ្លូវ ស្លាប់បាត់បង់ជីវិតយ៉ាងអណោចអធ័មតែម្ដង។

ក្នុងហេតុការណ៍នេះដែរ គឺមានអណ្ដាតភ្លើងឆាបឆេះរថយន្តបង្ក ធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវនេះ។

សមត្ថកិច្ចបានឲ្យដឹងថា សពក្មេងស្រីខាងលើមានឈ្មោះ វន សុវាតា អាយុ៤ឆ្នាំ នៅភូមិពោនសិច ឃុំជាន ស្រុកកំចាយមារ ខេត្តព្រៃវែង។

ក្រោយពេលកើតហេតុ គេសង្កេតឃើញមានសមត្ថកិច្ចមូលដ្ឋាន ក៏ដូចជា សមត្ថកិច្ចជំនាញចរាចរណ៍ បានចុះមកដល់ទីតាំងកើតហេតុ ដើម្បីធ្វើការវាស់វែងស្ទូច យករថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ ហើយចំណែកសាកសពក្មេងស្រី ដែលស្លាប់ដោយសាររថយន្តក្រឡុកស៊ីម៉ង់ត៍ សង្កត់លើ ត្រូវបានសមត្ថកិច្ច ធ្វើលិខិតប្រគល់ឲ្យក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕