(ភ្នំពេញ)៖ វីដេអូដែលមានបុរសម្នាក់ច្រឡំតេចូលទូរស័ព្ទសម្តេចតេជោ ហ៊ុន សែន ពេលកំពុងថ្លែងសន្ទរកថា នៅក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវចំនួន ៣៤ខ្សែ នៅក្នុងក្រុងព្រះសីហនុ កំពុងតែផ្ទុះយ៉ាងខ្លាំងនៅប្រទេសចិន ក្រោយមានសារព័ត៌មានជាភាសាចិនដ៏ល្បីមួយឈ្មោះ Weibo បានកាត់ឃ្លីបវីដេអូនេះ យកទៅចុះផ្សាយអមដោយអក្សរចិន។

យោងតាមឃ្លីបវីដេអូរបស់សារព័ត៌មានចិន Weibo ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានបង្ហាញឲ្យឃើញថា គិតត្រឹមព្រឹកមិញវេលាម៉ោង ១១៖២០នាទីចំនួន Viewer (អ្នកចូលមើល) បានកើនឡើងដល់៩,៥៩០,០០០នាក់ ដែលនេះពិតជាអស្ចារ្យ និងគួរឲ្យកោតសរសើរនូវប្រជាប្រិយភាពសម្តេចតេជោ នៅប្រទេសចិន ក្នុងពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ខណៈកំពុងថ្លែងសន្ទរកថា នៅក្នុងពិធីបើកការដ្ឋានសាងសង់ ផ្លូវចំនួន ៣៤ខ្សែ នៅក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ស្រាប់តែមានបុរស ម្នាក់តេចូលទូរស័ព្ទរបស់សម្តេចតេជោ ហ៊ុន សែន។ តេលើកទី១ សម្តេចតេជោ មិនបានលើកនោះទេ លុះពេលតេមកម្តងទៀតសម្តេចក៏បានលើក និងបានបើកសំឡេងលឺ (Loud Speaker) ដោយមានប្រសាសន៍ឆ្លើយឆ្លង ប៉ុន្តែបុរសនោះក៏បាននិយាយទាំងសំលេងខ្សាវៗថា ច្រឡំលេខ រួចក៏បិទទៅវិញភ្លាមៗ៕