(ភ្នំពេញ)៖ ក្នុងសិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយ និងឯកសារគតិយុត្តពាក់ព័ន្ធការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ បានលើកឡើងថា បច្ចុប្បន្នកម្ពុជាមានឆ្នេរខ្សាច់ស្អាតៗចំនួន ៤៨កន្លែង ក្នុងនោះមាន ១០កន្លែង ជាប់ជ័យលាភីស្អាតជាងគេ ដែលអាចទាក់ទាញភ្ញៀវទេសចរឱ្យទៅទស្សនាបានច្រើន។

ក្នុងសិក្ខាសាលាខាងលើធ្វើឡើងនៅមន្ទីរបរិស្ថានខេត្តកោះកុង នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមវត្តមានលោក នី ផល្លី អនុរដ្ឋធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា រួមជាមួយមន្ត្រីក្រោមឱវាទ និងក្រោមវត្តមានលោក ទូ សាវុធ អភិបាលរងខេត្តកោះកុង មន្ត្រីរាជការគ្រប់ស្ថាប័ន អាជ្ញាធរភូមិ-ឃុំ។

លោក នី ផល្លី បានថ្លែងថា ចំពោះការខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាខេត្តកោះកុង ពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់មន្ទីរ អង្គភាពជំនាញ ប្រជាពលរដ្ឋដែលចូលរួមចំណែកធ្វើឲ្យមានវឌ្ឍនភាពលើការងារនគរូបនីកម្ម ទេសចរណ៍ និងបរិស្ថាន សម្រាប់គ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ឲ្យមានសក្តានុពលនិងសោភ័ណភាពកាន់ស្រស់បំព្រងបន្ថែមទៀត។

លោក នី ផល្លី បានបន្តថា ឆ្នេរសមុទ្រ គឺជាស្នូលនៃតំបន់សមុទ្រកម្ពុជា ក្នុងចំណោមឆ្នេរខ្សាច់សរុប ៤៨កន្លែង មានឆ្នេរខ្សាច់ចំនួន ១៦កន្លែង បានចូលរួមប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតកន្លងទៅ ក្នុងនោះមានឆ្នេរខ្សាច់ខេត្តកោះកុងចំនួន ២ និងខេត្តព្រះសីហនុចំនួន ៨ ខេត្តកែបចំនួន ៦ ហើយឆ្នេរខ្សាច់ទទួលជ័យលាភីមានចំនួន ១០ឆ្នេរ។

លោកបានអំពាវរនាវដល់គ្រប់មជ្ឈដ្ឋានគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការគ្រប់ស្ថាប័ន ចូលរួមថែរក្សាអនាម័យ បរិស្ថាន និងថែរក្សាតំបន់ឆ្នេរខ្សាច់ ឆ្នេរកម្សាន្តឲ្យមានសក្តានុពលសោភ័ណភាព ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិចូលមកកម្សាន្តបានច្រើន និងដើម្បីលើកស្ទួយវិស័យទេសចរណ៍ឲ្យមានកំណើនខ្ពស់ និងមុខមាត់ប្រទេសជាតិ៕