(ភ្នំពេញ)៖ សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានដឹកនាំសហជីវិន សហជីវនី ធ្វើពិធីបង្សុកូល និងរាប់បាតថ្វាយព្រះរាជកុសលផលបុណ្យ ដល់ព្រះវិញ្ញាណក្ខន្ធ ព្រះរាជបុត្រី ព្រះរៀម នរោត្តមបុប្ផាទេវី ដែលជាព្រះរៀម របស់ព្រះអង្គផ្ទាល់។

ពិធីបង្សុកូល និងរាប់បាត ដែលធ្វើឡើងតាមទំនៀមទម្លាប់ព្រះពុទ្ធសាសនានេះ គឺបានធ្វើឡើងនៅព្រះដំណាក់របស់ព្រះអង្គវាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយមានសហជីវិន សហជីវនី គណបក្សមកពីគ្រប់រាជធានី-ខេត្ត រាប់រយនាក់ចូលរួម។

ក្រៅពីធ្វើពិធីបង្សុកូល និងរាប់បាតដល់ព្រះសង្ឃនៅព្រះដំណាក់ សហជីវិន-សជីវនី គណបក្សដែលដឹកនាំដោយព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ប្រធានស្តីទីគណបក្សក៏បានយាង និងអញ្ជើញទៅគោរពព្រះវិញ្ញាណក្ខន្ធ ព្រះរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី នៅក្នុងវត្តបទុមវតី្ត ផងដែរ។

សូមបញ្ជាក់ថា សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី បានយាងសោយព្រះពិរាល័យ ក្នុងព្រះជន្ម ៧៧ព្រះវស្សា នាវេលាម៉ោង១២៖៣០នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងមន្ទីរពេទ្យ ព្រះរាជាណាចក្រថៃ ដោយជរាពាធ។

ទ្រង់ជាព្រះរាជបុត្រីច្បង នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាព ទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត និងអ្នកម្នាង ផាត់ កាញ៉ុល នាដការី នៃរបាំព្រះរាជទ្រព្យ។

ព្រះសពព្រះអង្គម្ចាស់ រាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី នឹងធ្វើពិធីបូជា នៅថ្ងៃទី២៥ ខែវិច្ឆិកា ខាងមុខនេះ នៅព្រះមេន នៅវត្តបទុមវតី្ត៕