(សៀមរាប)៖ លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប បានថ្លែងថា ពេលវេលានៃការអប់រំនៅថ្នាក់មត្តេយ្យ ជាពេលចាំបាច់ខ្លាំងបំផុត គឺចាំបាច់ជាងការសិក្សាថ្នាក់បន្តបន្ទាប់ ជាមូលដ្ឋានកំណត់ពីការសិក្សាទៅថ្នាក់បន្តបន្ទាប់ទៀត ក៏ជាមូលដ្ឋានកំណត់អំពីភាពរឹងមាំ គុណភាពរបស់ក្មួយៗទៅទៅថ្ងៃអនាគតផងដែរ។

លោកថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្នុងឱកាសអញ្ជើញសម្ពោធអាគារសិក្សាថ្មី ០១ខ្នង ០៤បន្ទប់ នៅក្នុងបរិវេណសាលាមត្តេយ្យវត្តព្រិន ជាអំណោយរបស់សប្បុរសជននាៗ នៅក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប។

លោកអភិបាលក្រុងសៀមរាប បានបញ្ជាក់ថា៖ «តាមការស្រាវជ្រាវ នូវពេលដែរយើងបណ្តុះបណ្តាលកុមារថ្នាក់មត្តេយ្យបានល្អប្រសើរ ធ្វើឲ្យពួកគេរឹងមាំ វាងវៃ រហ័សរហួន ពួកគេមានក្រិតអាយឃ្យូខ្ពស់ ជាងក្មួយៗដែលមិនបានចូលរៀននូវថ្នាក់មេត្តយ្យ នៅពេលដែលពួកគេបន្តចូលរៀននូវថ្នាក់បឋម អនុវិទ្យាល័យ វិទ្យាល័យ និង មហាវិទ្យាល័យ»

លោកបន្តថា ការបណ្តុះបណ្តាលនៅថ្នាក់មត្តេយ្យនេះ គឺជាមូលដ្ឋានសំខាន់សម្រាប់ការសិក្សារបស់គេទៅថ្ងៃក្រោយ សម្រាប់គុណភាព សម្ថភាពរបស់ក្មួយៗទៅថ្ងៃក្រោយ សម្រាប់២០ទៅ៣០ឆ្នាំក្រោយ ក៏ជាកត្តាកំណត់គុណភាព អ្នកបន្តវេន្តទៅថ្ងៃអនាគតសម្រាប់ប្រទេសជាតិយើងផងដែរ។

លោក នួន ពុទ្ធារ៉ា ក៏បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសប្បុរសជនទាំងអស់ ដែលបានចំណាយថវិកាផ្ទាល់ខ្លួន ដោយទឹកចិត្តសប្បុរស បង្ហាញពីការសាមគ្គី និងចូលរួមទាំងអស់គ្នាដើម្បីបង្កើតឡើងនូវអាគារមត្តេយ្យសិក្សាមួយនេះឡើងមក។ អាគារសិក្សាសាលាមត្តេយ្យ នេះជាមូលដ្ឋានយុទ្ធសាស្រ្ត សម្រាប់រយៈពេលវែង ជាថ្នាលផលិតនូវគុណភាពសម្រាប់ អ្នកបន្តវេនរបស់យើង នូវរយៈពេល២០ទៅ៣០ឆ្នាំក្រោយទៀត។

លោកថ្លែងថា តាមរយៈសកម្មភាពរបស់សប្បុរសជនទាំងអស់ បានបង្ហាញនូវការចូលរួមអនុវត្តតាម គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ដែលមានសម្តេចតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះវិស័យអប់រំ និងអនាគតរបស់កុមាតូចៗ។

លោក ក្អោប រ៉ន ចៅសង្កាត់ជ្រាវ បានឲ្យដឹងថា ទីធ្លាសាលារៀននេះ ត្រូវបានព្រះចៅអធិការវត្តព្រិនផ្តល់ឲ្យ។ រីឯសំណង់សាលាទាំមូល ជាកាបរិច្ចាករបស់សប្បុរសជន ដែលជាប្រជាពលរដ្ឋ រស់នៅក្នុងសង្កាត់ជ្រាវ ដែលចំណាយថវិកាសរុបអស់ ចំនួន ៦២១៥០ដុល្លារអាមេរិក៕