(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានស្នើសុំសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងបរទេស ចូលរួមការងារការពារបរិស្ថានធនធានធម្មជាតិ និងការប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ប្រភេទ។

នេះជាការលើកឡើងរបស់លោកអភិបាលខេត្ត ក្នុងពេលចូលរួមជាអធិបតី នៃវេទិកាស្ដីពី ការពិគ្រោះយោបល់ ជាមួយសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍លើកទី២ ឆ្នាំ២០១៩ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩។

លោក អ៊ុន ចាន់ដា បានលើកឡើងថា សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងស្រុក និងបរទេស ដែលមានទីតាំងស្នាក់ការក្នុងខេត្តកំពង់ចាម សរុបមានចំនួន៤៨ ក្នុងនោះសមាគម មានចំនួន ១០ (ក្នុងស្រុកចំនួន០៩ បរទេសចំនួន ០១) អង្គការមិនមែនរដ្ឋាភិបាល មានចំនួន៣៨ (ក្នុងស្រុកចំនួន២៨ និងបរទេសចំនួន១០) និងមានសហគមន៍ សរុបចំនួន៩០ ក្នុងនោះមានសហគមន៍ប្រើ ប្រាស់ទឹកចំនួន៤១ បានចុះបញ្ជីចំនួន២២ និងមិនទាន់ចុះបញ្ជីចំនួន១៩ សហគមន៍កសិកម្មចំនួន២៥ បានចុះបញ្ជីសហគមន៍ជលផលចំនួន២២ បានចុះបញ្ជី និងសហគមន៍ទេសចរណ៍ចំនួន០២ មិនទាន់បានចុះបញ្ជីចំនួន០១ខេត្ត ក៏នៅមានសហជីពតាមរោងចក្រចំនួន ១៥ផងដែរ។

ជាមួយគ្នានោះ លោកអភិបាលខេត្ត បានស្នើដល់អង្គការក្នុងស្រុក និងបរទេសមិនមែនរដ្ឋាភិបាល សូមចូលរួមការងារការពារបរិស្ថាន ធនធានធម្មជាតិ និងការប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ប្រភេទ ដែលមានជាអាទិ៍ បទល្មើសកាប់បំផ្លាញព្រៃឈើ បទល្មើសជួញដូរចែកចាយគ្រឿងញៀន បទល្មើសសម្អាតប្រាក់ និងបទល្មើសជួញដូរមនុស្ស ដែលជាមូលហេតុធ្វើឱ្យប៉ះពាល់ដល់សុខសន្តិភាព សុវត្ថិ ភាពសង្គម និងការអភិវឌ្ឍន៍ប្រទេសជាតិយើង។

លោកអភិបាលខេត្ត ក៏បានស្នើដល់ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល បន្តផ្តល់ការគាំទ្រ និងចូលរួមជាមួយរាជរដ្ឋាលកម្ពុជា ក្នុងការលើកកម្ពសលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សសិទ្ធិសេរីភាពរបស់ ប្រជាពលរដ្ឋនិងសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យកាន់តែមានភាពរីកចម្រើនរុងរឿងដោយចូលរួមគាំទ្រដល់គោលនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាល ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ជាពិសេសកំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់ហិរញ្ញវត្ថុសាផារណៈកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ និងកំណែ ទម្រង់ប្រព័ន្ធយុត្តិធម៌។

ថ្លែងក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត បានលើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់អនុវត្តកិច្ចការមួយចំនួន ដូចខាងក្រោម៖

*ទី១ ៖ ត្រូវបន្តសម្របសម្រួល និងបង្កលក្ខណៈងាយស្រួល ដល់អង្គការសង្គមស៊ីវិលដែល បានចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃ ព្រមទាំងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលបរទេស ដែលបានចុះអនុស្សរណៈនៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងការធ្វើសកម្មភាពដោយសេរីគ្មានការគំរាមកំហែង និងមិនលំអៀងស្របតាមច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន។

*ទី២ ៖ រដ្ឋបាលក្រុង ស្រុក ត្រូវខិតខំផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋឱ្យយល់ ដឹងពីច្បាប់ នៃការខ្ចីប្រាក់ និងកាតព្វកិច្ចសងប្រាក់ ព្រមទាំងត្រូវមានការប្រុងប្រយ័ត្នជាប្រចាំចំពោះសកម្មភាព របស់ភ្នាក់ងារ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលធ្វើសកម្មភាពមិនស្របនឹងច្បាប់ និងមានការបោកបញ្ឆោតប្រជាពលរដ្ឋ ដើម្បីទទួលបានកម្ចីដោយសន្យាផ្តល់នូវការប្រាក់ខ្ពស់។ល។

*ទី៣ ៖ រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងមេភូមិ មិនត្រូវដើរតួនាទីជាភ្នាក់ងាររបស់ស្ថាប័នមីក្រូហិរញ្ញវត្ថុនោះឡើយ ទោះបីក្នុងរូបភាពណាក៏ដោយ៕