(ភ្នំពេញ)៖ រាជរដ្ឋាភិបាលសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) និងអង្គការអន្តរជាតិខាងការងារ (ILO) បានចុះហត្ថលេខាលើអនុស្សរណៈលើ «គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា-BFC» សម្រាប់ឆ្នាំ២០២០-២០២២ នៅសណ្ឋាគារសាន់វ៉េ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩។

អនុស្សរណៈនេះគ្របដណ្តប់លើវិស័យកាត់ដេរសម្លៀកបំពាក់ និងវាយនភណ្ឌ សម្ភារ និងសម្ភារធ្វើដំណើរ ដែលជាអនុស្សរណៈលើកទី៦ហើយ ក្នុងការបន្តទ្រទ្រង់ផ្នែកហិរញ្ញវត្ថុ និងកិច្ចសហការកាន់តែប្រសើរ ដើម្បីឱ្យស្របទៅនឹងការវិវត្តនៃស្ថានការបច្ចុប្បន្ន និងទៅអនាគត។

អនុស្សរណៈរវាងភាគីទាំង៣ខាងលើនេះ លើកទី១ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៣ ដើម្បីបន្តអនុវត្តគម្រោងសហប្រតិបត្តិការបច្ចេកទេស ដែលមានឈ្មោះថា «ការធានាថាលក្ខខណ្ឌការងារក្នុងវិស័យវាយនភណ្ឌ និងសម្លៀកបំពាក់នៅកម្ពុជា សមស្របតាមបទដ្ឋានការងារស្នូលដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ និងស្របតាមច្បាប់ស្តីពីការងារកម្ពុជា» សម្រាប់រយៈពេល២ឆ្នាំ ហើយគម្រោងនេះត្រូវបានផ្លាស់ប្តូរឈ្មោះទៅជា «គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា» រហូតមកដល់បច្ចុប្បន្ន។

លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានចាត់ទុក «គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា» គឺជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់ក្នុងការចូលរួមចំណែកធានានូវសិទ្ធិការងារ និងលក្ខខណ្ឌការងារល្អប្រសើរសម្រាប់កម្មករនិយោជិត និងផ្អែកលើភាពជោគជ័យនៃការអនុវត្តគម្រោងនេះ។

រាជរដ្ឋាភិបាលបានសម្រេចបន្តអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីរអនុវត្តគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា សម្រាប់ឆ្នាំ២០២០-២០២២។ ការសម្រេចនេះ គឺធ្វើឡើងដើម្បីឆ្លើយតបទៅនឹងកិច្ចសហប្រតិបត្តិការ និងសមាហរណកម្មរបស់គម្រោងរោងចក្រកាន់តែប្រសើរ ជាមួយនឹងក្រសួងការងារ ដែលឆ្លុះបញ្ចំាងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងបេសកកម្មលើកកម្ពស់ «លក្ខខណ្ឌការងារក្នុងវិស័យវាយនភណ្ឌ និងសម្លៀកបំពាក់នៅកម្ពុជា សមស្របតាមបទដ្ឋានការងារស្នូល ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ និងស្របតាមច្បាប់ស្តីពីការងារ»

លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លើកឡើងថា តាមរយៈការអនុវត្តគោលនយោបាយនៃការផ្សារភ្ជាប់ពាណិជ្ជកម្មជាមួយនឹងបទដ្ឋានការងារ បានប្រែក្លាយកេរិ៍តឈ្មោះរបស់កម្ពុជាទៅជា «ប្រទេសដែលឈានមុខគេក្នុងគោលនយោបាយពាណិជ្ជកម្មអន្តរជាតិ» និងបានធ្វើឱ្យកម្ពុជាក្លាយជាប្រទេសគំរូសម្រាប់ប្រទេសមួយចំនួន យកទៅធ្វើបទពិសោធន៍សម្រាប់អនុវត្ត និងរៀនសូត្រតាម។

លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានបន្តថា ការអនុវត្តគោលនយោបាយនៃការផ្សារភ្ជាប់ពាណិជ្ជកម្មជាមួយនឹងបទដ្ឋានការងារ ក៏បានបង្កើនទំនុកចិត្តដល់អ្នកបញ្ជាទិញពាណិជ្ជនាមល្បីៗ ក្នុងការដាក់បន្ថែមការបញ្ជាទិញផលិតផល សម្លៀកបំពាក់ និងវាយនភណ្ឌនៅកម្ពុជាពីមួយឆ្នាំទៅមួយឆ្នាំកាន់តែច្រើនឡើងផងដែរ។

លោកឧកញ៉ា វ៉ាន់ ស៊ូអៀង ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានឲ្យដឹងថា សមាគមរោងចក្រកាត់ដេរនឹងបន្តធ្វើការជាមួយរោងចក្រកាន់តែប្រសើរនៅកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរក្សាការផលិត សុវត្ថិភាពការងារ និងការងារប្រកបដោយចីរភាព សម្រាប់ជាកម្លាំងពលកម្មរបស់កម្ពុជា។

លោក Grame Buckley នាយកការិយាល័យអង្គការ ILO ប្រចាំប្រទេសកម្ពុជា ឡាវ និងថៃ បានកត់សម្គាល់ថា ដោយធ្វើការជាមួយរាជរដ្ឋាភិបាល និងសមាគមរោងចក្រកាត់ដេរ អង្គការ ILO នឹងចូលរួមលើកកម្ពស់ការងារសមរម្យសម្រាប់កម្មកររាប់រយរាប់ពាន់នាក់ ជាពិសេសស្ត្រី ហើយក៏ជួយកម្មករនិយោជិតក្នុងការអភិវឌ្ឍជំនាញថ្មីៗ អាជីវកម្ម ដើម្បីទទួលប្រាក់ចំណេញកាន់តែច្រើនជាងមុន និងក្រុមគ្រួសារពួកគេឲ្យចាកផុតពីភាពក្រីក្រ៕