(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍ទាំងអស់ ត្រូវប្រើប្រាស់ឲ្យអស់លទ្ធភាព ពីពាណិជ្ជកម្មសេរី កម្ពុជា-ចិន ខណៈដែលបច្ចុប្បន្នកម្ពុជា មិនទាន់ប្រើឲ្យអស់លទ្ធភាពនៅឡើយ។

ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងដែលសម្ដេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធ «អគារឥន្ទ្រទេវី» របស់រាជបណ្ឌិត្យសភាកម្ពុជា ដែលជាកន្លែងប្រមូលផ្តុំ ដោយធនធានបញ្ញាសម្រាប់បម្រើការងារ ជាឧត្តមប្រយោជន៍ ដល់សង្គមជាតិ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «យើងត្រូវប្រើសក្ដានុពល នៃកិច្ចព្រមព្រៀងរវាងពាណិជ្ជកម្មសេរី រវាងអាស៊ាន-ចិន ឲ្យអស់លទ្ធភាព យើងអត់ទាន់ប្រើឲ្យអស់លទ្ធភាពនោះទេ...លទ្ធភាពសក្ដានុពល របស់យើងនៅធំណាស់ គ្រាន់តែយើងហាក់ដូចជាភ្លេចភ្លាំង យើងគិតទៅទីឆ្ងាយ តែមិនបានគិតទីជិត»

សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា សព្វថ្ងៃនេះសូម្បីតែក្នុងក្របខណ្ឌអាស៊ានខ្លួនឯង អាស៊ានអត់ទាន់ប្រើប្រាស់ អស់សក្ដានុពលនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្នុងអាស៊ាននោះទេ អាស៊ានគ្នាឯងចូលចិត្ត នាំចេញទៅប្រទេសដទៃ ប៉ុន្តែប្រទេសគ្នាឯងមិនសូវធ្វើនោះទេ លើកលែងតែប្រទេសថៃ ដែលទំហំពាណិជ្ជកម្មជាមួយកម្ពុជា ជាង៦ពាន់លានដុល្លារ ក្នុងនោះថៃ នាំចូលកម្ពុជា៥ពាន់លានដុល្លារ។

សម្ដេចតេជោ បានបន្ថែមទៀតថា ទំហំពាណិជ្ជកម្មកម្ពុជា ជាមួយវៀតណាម ប្រមាណ៥ពាន់លានដុល្លារ ក៏វៀតណាមនាំចូលមកកម្ពុជា ប៉ុន្ដែកម្ពុជា ជាមួយនិងដៃគូដទៃទៀត ដូចជាហ្វីលីពីន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី ពីទំនិញរបស់កម្ពុជា ក៏ដូចជាទំនិញរបស់មិត្ដភក្ដិយើង កម្ពុជាអត់ទាន់បានធ្វើទេ។

ជាមួយគ្នានោះ នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា «គិតពីរឿងកម្ពុជា-ថៃ ទៅវិញទៅមក ទំហំជាង៦ពាន់លានដុល្លារ គិតជាមួយវៀតណាម ប្រមាណ៥ពាន់លានដុល្លារ ហើយបើទំហំពាណិជ្ជកម្ម រវាងវៀតណាម-ចិន មានទំហំរហូតដល់១៦០ពាន់លានដុល្លារ បានសេចក្ដីថា ទីផ្សាររបស់វៀតណាម មិនមែនអាមេរិក ឬក៏អ៊ឺរ៉ុបនោះទេ ទីផ្សាររបស់វៀតណាម គឺចិន»

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជានៅសេសសល់ច្រើន ដូច្នេះគួរណែនាំនូវសភាពាណិជ្ជកម្មកម្ពុជា ផ្នែកធុរកិច្ច ឲ្យសម្លឹងមើលឆ្ពោះទៅរកទីផ្សារនានា នៅតាមប្រទេសដទៃទៀត ក្នុងតំបន់អាស៊ាន។

គួរជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន គ្រោងនឹងបើកកិច្ចពិភាក្សាជាផ្លូវការលើកដំបូង ស្តីពីការស្រាវជ្រាវលទ្ធភាពកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង ប្រទេសទាំង២ នៅដើមខែធ្នូខាងមុខនេះ។ ប្រទេសចិន បានចាត់ទុកការបើកកិច្ចពិភាក្សាជាផ្លូវការលើកដំបូង ស្តីពីការស្រាវជ្រាវលទ្ធភាព កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងប្រទេសទាំង២នេះ ជាការរៀបចំដ៏ពិសេសមួយនៃភាគីចិន ដោយផ្អែកលើទំនាក់ទំនង មិត្តភាពរវាងចិន និងកម្ពុជា។

ទំហំពាណិជ្ជកម្មកម្ពុជា-ចិន ដែលកាលពីឆ្នាំ២០១៨ សម្រេចបានទឹកប្រាក់ ៧,៤០០លានដុល្លារអាមេរិក នៅក្នុងនោះការនាំចេញរបស់កម្ពុជា ទៅចិនមានទំហំទឹកប្រាក់១,៣៧៧លានដុល្លារអាមេរិក កើនឡើង៣៧% និងនាំចូលមានទំហំទឹកប្រាក់ ៦,០០០លានដុល្លារអាមេរិក គឺបានកើនឡើង ២៦%។ ប្រទេសទាំងពីរ បានដាក់ចេញនូវគោលដៅថ្មីទៀត គឺជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឲ្យឈានដល់ ១០ប៊ីលានដុល្លាអាមេរិក នៅឆ្នាំ២០២៣៕