(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ជាថ្មីថា កម្ពុជាមិនអាចយកអធិបតេយ្យភាពជាតិ ទៅដោះដូរជាមួយនឹងជំនួយ ឬការអនុគ្រោះណាមួយនោះទេ ហើយថារាជរដ្ឋាភិបាល មិនចង់ឲ្យមានការបាត់បង់ ប្រព័ន្ធអនុគ្រោះពន្ធ «អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ-EBA» នោះទេ ប៉ុន្តែបើបាត់ EBA ក៏កម្ពុជានៅតែរកស៊ីបាន និងរកស៊ីដោយថ្លៃថ្នូរ ដោយគ្មានការគំរាម។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន យ៉ាងដូច្នេះធ្វើឡើងក្នុងឱកាស ដែលសម្តេចអញ្ជើញសម្ពោធ «អគារឥន្ទ្រទេវី» របស់រាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។

សម្តចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «បើគេដក EBA គេឲ្យយើងបង់ពន្ធ យើងបង់ពន្ធឲ្យគេទៅ ព្រោះ EBA គង់តែបាត់ដដែល បើគេមិនអនុគ្រោះលើយើងហើយ។ បាត់ផ្សារ និងបាត់ EBA វាខុសគ្នា។ EBA នៅពេលណាមួយវាគង់នឹងបាត់ទេ នៅពេលដែលសេដ្ឋកិច្ចយើងកើនឡើង ក្នុងប្រទេសអាស៊ានទាំង១០ គេឲ្យតែ៣ប្រទេសទេ កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា។ មីយ៉ាន់ម៉ាក៏គេគំរាមដែរ អីចឹងសម្រាប់យើងបានត្រៀមខ្លួនតាំងពីខែមីនាមក»

សម្តេចនាយករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា «យើងមិនចង់ឲ្យបាត់ទេ ប៉ុន្តែធ្វើម៉េចបើគាត់យកអាហ្នឹង [EBA] មកដោះដូរ ជាមួយនឹងច្បាប់ ជាមួយនឹងឯករាជ្យរបស់យើងហើយ យើងក៏មានអាចទទួលយកបានដែរ។ អីចឹងបើកគេឲ្យបង់ពន្ធយើងបង់ពន្ធឲ្យគេទៅ គ្រាន់តែពីមុនវាចំណេញច្រើន តែពេលយើងបង់ពន្ធវាចំណេញតិចជាង តែវានៅតែចំណេញ ហើយការក៏ថ្លៃថ្នូរដែរ គេមិនយក EBA មកគំរាមយើងទៀតបានទេ។ ឥឡូវគេយកអាហ្នឹង [EBA] មកគំរាមយើង ដើម្បីឲ្យយើងធ្វើតាមគេ សូមប្រាប់ត្រឡប់ទៅវិញថា យើងមិនអាចយកអធិបតេយ្យរបស់យើងទៅដោះដូរជាមួយជំនួយ ឬការអនុគ្រោះណាទេ»

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រឿងបង់ពន្ធនៅអឺរ៉ុបនេះនៅឆ្នាំ២០២៥ ឬ ២០២៦ គឺកម្ពុជាយើងត្រូវតែបង់ពន្ធឱ្យអរ៉ុបជាស្វ័យប្រវត្តិ ដោយសារតែសេដ្ឋកិច្ចកម្ពុជារីកចម្រើន។

សម្តេចតេជោ ហ៊ុន សែន ក៏បានលើកយកករណី ដែលអឺរ៉ុបយកពន្ធលើអង្ករកម្ពុជា ដែលមិនពាក់ព័ន្ធនឹងបញ្ហា EBA នោះទេ ប៉ុន្តែធ្វើឡើងតាមបណ្តឹងរបស់ អ៉ីតាលី និងអេស្ប៉ាញ ដែលតវ៉ាឱ្យដាក់ពន្ធលើអង្ករកម្ពុជា។ ដោយនៅពេលមិនទាន់បង់ពន្ធ អង្ករកម្ពុជាក៏នាំទៅអឺរ៉ុបបាន ពេលបង់ពន្ធពេលនេះក៏នាំទៅអឺរ៉ុបបាន ដោយពេលនេះកម្ពុជានាំ ទៅ២៣ប្រទេសនៅអឺរ៉ុប។

សម្តេចតេជោ ហ៊ុន សែន ក៏បានបកអាក្រាតគំនិតអាក្រក់របស់អឺរ៉ុប ក្នុងការបដិសេធទិញដូងប្រេងរបស់ហ្វីលីពីន និងឥណូនេស៊ី ដោយប្រើហេតុផលមកពីកាប់ព្រៃឈើច្រើនពេក ដើម្បីដាំដូងប្រេង តែការពិតអឺរ៉ុបរកឃើញរូបមន្តម្យ៉ាង អាចផលិតដូងប្រេងបាន។

សូមជម្រាបថា បញ្ហា EBA ត្រូវបានគេយកមកប្រើ ដើម្បីដាក់គំនាបលើរាជរដ្ឋាភិបាលកម្ពុជា ដោយលើកហេតុផលថា ប្រទេសនេះកំពុងតែមាន បញ្ហារំលោភសិទ្ធិមនុស្ស។ សហភាពអឺរ៉ុបនឹងធ្វើការសម្រេចចិត្តជាផ្លូវការ នៅខែកុម្ភៈ ឆ្នាំ២០២០ ថាតើត្រូវព្យួរ ឬមិនព្យួរប្រព័ន្ធអនុគ្រោះពន្ធមកលើកម្ពុជា។

សេចក្តីព្រាងច្បាប់ថវិកា ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជា នឹងប្រើប្រាស់ថវិកាជាង១៧០លានដុល្លារ សម្រាប់យកមកប្រើប្រាស់ ដើម្បីត្រៀមលក្ខណៈអនុវត្តវិធានការណ៍ ឆ្លើយតបនឹងផលប៉ះពាល់ នៃភាពមិនច្បាស់លាស់ ពាក់ព័ន្ធនឹងប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មជាមួយដៃគូមួយចំនួន៕