(ក្រចេះ)៖ កម្លាំងនគរបាលក្រុងក្រចេះក្រោមការបញ្ជាពីលោកឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្ត ក្រោមការសម្របសម្រួលពីលោក កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៩ បានឃាត់ជនសង្ស័យ ៣នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀននៅវត្តក្រចេះ ភូមិវត្ត សង្កាត់ក្រចេះ ក្រុងក្រចេះ។

យោងតាមរបាយការណ៍នគរបាលក្រុងក្រចេះ បានបញ្ជាក់ឲ្យដឹងថា ជនសង្ស័យទី១ ឈ្មោះ ខាន ប៉ាង អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិជួរក្រូច ឃុំថ្មអណ្តើក ស្រុកចិត្របុរី ខេត្តក្រចេះ (ស្នាក់នៅបណ្តោះអាសន្នក្នុងវត្តក្រចេះ)។ ពេលនោះកម្លាំងនគរបាល បានដកហូតបានវត្ថុតាងម្សៅក្រាមពណ៌សចំនួន ៣កញ្ចប់ ទូរសព្វ័១គ្រឿង និងសម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួន។

តាមចម្លើយសារភាពរបស់ឈ្មោះ ខាន ប៉ាង នៅវេលាម៉ោង ២១៖១០នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងនគរបាលបានបន្តទៅឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់បន្ថែមទៀត នៅខាងជើងស្ពានព្រែកតាថឹង ចម្ងាយប្រហែល ២០០ម៉ែត្រ ក្នុងភូមិព្រែកតាថឹង ឃុំបុសលាវ ស្រុកចិត្របុរី។ ជនសង្ស័យមានឈ្មោះ ម៉េង កាំង អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិត្រពាំងព្រីង សង្កាត់ក្រចេះ និងឈ្មោះ សាន តូ អាយុ២៤ឆ្នាំ មុខរបរជាងរថយន្តទីលំនៅភូមិព្រែកតាថឹង ឃុំបុសលាវ ស្រុកចិត្របុរី។

ពេលនោះកម្លាំងនគរបាល បានដកហូតសម្ភាររួមមាន៖ ទូរស័ព្ទចំនួន ០៣គ្រឿង ហើយតាមចម្លើយសារភាពរបស់ឈ្មោះ ម៉េង កាំង កម្លាំងយើងបានបន្តទៅឆែកឆេរបន្ទប់ជួល ផ្ទះសំណាក់ ហេង ហេង1 (បន្ទប់លេខ២១២) រកឃើញ និងដកហូតវត្ថុតាងរួមមាន៖ ម្ស៉ៅក្រាមពណ៌ស ចំនួន ១៤កញ្ចប់ និងសម្ភារមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យទាំង ៣នាក់ និងវត្ថុតាង ត្រូវបានឃាត់ និងរក្សាទុកជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងក្រចេះ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕