(ភ្នំពេញ)៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដែលបានតស៊ូរំដោះកម្ពុជាចេញពីភ្លើងសង្គ្រាមដ៏រ៉ាំរ៉ៃ រហូតទាញទ័ពខ្មែរក្រហម ដែលនៅសេសសល់ឲ្យចុះមកជាមួយភាគីរាជរដ្ឋាភិបាលនោះ បានរំលឹកអំពីហេតុផល៣ចំណុចសំខាន់ៗ ដែលធ្វើឲ្យកងទ័ពខ្មែរក្រហម ព្រមចុះចូលជាមួយសម្ដេច។

ការមានប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្នុងឱកាសអញ្ជើញសម្ពោធ «អគារឥន្ទ្រទេវី» របស់រាជបណ្ឌិត្យសភាកម្ពុជា។ «អគារឥន្ទ្រទេវី» ជាសមិទ្ធផលថ្មីមួយសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ដែលជាកន្លែងប្រមូលផ្តុំដោយធនធានបញ្ញា សម្រាប់បម្រើការងារជាឧត្តមប្រយោជន៍ដល់ សង្គមជាតិ។

ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ចុងក្រោយតែ៣ចំណុចទេ ទី១៖ ធានាជីវិត និងរូបកាយ អត់ត្រូវបានសម្លាប់ ឬត្រូវធ្វើទារុណកម្ម, ទី២៖ ធានាអាជីព និងមុខរបរ និងទី៣៖ ទទួលស្គាល់កម្មសិទ្ធិលើអចលនទ្រព្យ និងចលនទ្រព្យ [...] ដោះខោអាវខ្មែរក្រហមចេញ ដាក់ខោអាវរដ្ឋាភិបាលចូលចប់»

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានសង្កត់ធ្ងន់ថា ត្រឹមតែ៣ចំណុចនេះប៉ុណ្ណោះ ធ្វើឲ្យប្រទេសកម្ពុជាធ្លាប់តែមានភ្លើងសង្គ្រាមផ្ទៃក្នុងនោះ បែរមកជារួបរួមគ្នា រហូតមកដល់ពេលបច្ចុប្បន្ននេះ ជាង២០ឆ្នាំហើយ។ សម្ដេចបន្ដថា ចំណុច៣នេះទៅមើលដូចស្រាល ប៉ុន្ដែមិនតូចនោះទេ ពោល​ចំណុចធានាជីវិត និងអាជីព ជាចំណុចដែលសំខាន់បំផុត។

បន្ថែមពីនេះ សម្ដេចតេជោ ហ៊ុន សែន បានគូសរំលេចទៀតថា កាលពីអតីតកាល ដើម្បីអាចដាក់ចេញបាននូវគោលនយោបាយឈ្នះឈ្នះ សម្ដេចត្រូវធ្វើការប្រមូលព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ រហូតដល់សម្តេចត្រូវចូលទៅពន្ធនាគារ ដើម្បីសួរទ័ពព្រៃដែលត្រូវចាប់បាន។ ទាំងអស់នេះ ជាហេតុផលដែលជំរុញឲ្យសម្ដេចចូលចិត្តនូវការស្រាវជ្រាវ។

គួរជម្រាប នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដែលបានខិតខំប្រឹងប្រែងស្ទើពាក់កណ្ដាលជីវិត ដើម្បីប្រទេស និងប្រជាជនកម្ពុជានោះ តែងតែមិនភ្លេចនូវការអរគុណដល់ជនរួមជាតិទាំងអស់ ដែលបានគាំទ្រ​ចំពោះនយោបាយឈ្នះឈ្នះរបស់សម្តេច ហើយសម្តេចបានរំលឹកប្រជាពលរដ្ឋថា អ្វីដែលកម្ពុជាមាននាពេលបច្ចុប្បន្ននេះ ដោយសារតែកម្ពុជា មានសុខសន្តិភាព៕