(ភ្នំពេញ)៖ ក្នុងជំនួបពិភាក្សាជាមួយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញគម្រោងផែនការចាំបាច់មួយចំនួន ដែលត្រូវសហការរួមគ្នាជាមួយក្រសួងទេសចរណ៍ និងក្រសួង-ស្ថាប័នផ្សេងទៀត ពាក់ព័ន្ធនឹងការផ្សព្វផ្សាយ សេវាកម្ម ធនធានមនុស្ស ពិសេសផែនការយុទ្ធសាស្ត្រទាក់ទាញទេសចរ ដើម្បីបន្តឱ្យមានកំណើនទេសចរមកទស្សនាកម្ពុជាកាន់តែច្រើន។

ជំនួបពិភាក្សាការងារខាងលើនេះត្រូវបានធ្វើឡើងនៅទីស្ដីការក្រសួងទេសចរណ៍ នាល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងនោះក៏មានវត្តមានថ្នាកដឹកនាំរបស់ក្រសួងទេសចរណ៍ និងរាជបណ្ឌិត្យសភាកម្ពុជាមួយចំនួនទៀត។

នាឱកាសនោះ លោករដ្ឋមន្ត្រី ថោង ខុន បានជម្រាបជូនអំពីសភាពការណ៍ថ្មីៗក្នុងវិស័យទេសចរណ៍នៅកម្ពុជា តំបន់ និងពិភពលោកទាំងមូល ព្រមទាំងបានលើកឡើងពីគោលនយោបាយជាតិអេកូទេសចរណ៍ ដែលទើបប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការបាន១-២ថ្ងៃមកនេះ និងគោលនយោបាយសំខាន់ៗជាច្រើន ជម្រាបជូនដល់គណៈប្រតិភូរាជបណ្ឌិត្យសភាកម្ពុជា។

លោករដ្ឋមន្ត្រីក៏បានលើកឡើងចំណុចខ្វះចន្លោះ និងកង្វះមធ្យោបាយមួយចំនួនជូនដល់លោក សុខ ទូច ផងដែរ ជាមួយនឹងសំណើមួយចំនួនពាក់ព័ន្ធនឹងការបណ្ដុះបណ្ដាលធនធានមនុស្សបន្ថែម សំណើសុំជួយរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍ជាដើម។

ឆ្លើយតបនឹងបញ្ហាខាងលើនេះ លោក សុខ ទូច បានបង្ហាញគោលបំណងមួយចំនួនថា៖

* ទី១៖ រាជបណ្ឌិត្យសភាកម្ពុជា ចង់បង្កើនការបណ្ដុះបណ្ដាលធនធានមនុស្សក្នុងវិស័យទេសចរណ៍ ដោយមានការចូលរួមសហការពីសំណាក់ក្រសួងទេសចរណ៍ ដែលគោលបំណងនេះគឺប្រសព្វជាមួយសំណើរបស់ក្រសួងទេសចរណ៍។

* ទី២៖ រាជបណ្ឌិត្យសភាកម្ពុជា គ្រោងនឹងបង្កើតមជ្ឈមណ្ឌលបកប្រែភាសាបរទេស សម្រាប់ទេសចរមកពីប្រទេសនីមួយៗ ដោយសុំការចូលរួមពីក្រសួងទេសចរណ៍ឱ្យបានជិតស្និទ្ធផងដែរ។

* ទី៣៖ រាជបណ្ឌិត្យសភាកម្ពុជា ចង់ធ្វើផែនទីទេសចរណ៍ដែលបង្ហាញពីគោលដៅទេសចរណ៍នានានៅកម្ពុជា ទោះបីជាដល់កន្លែងណាក៏ដោយ។

* ទី៤៖ រាជបណ្ឌិត្យសភាកម្ពុជា មានបំណងចង់បង្កើតឱ្យមានសារមន្ទីរអប្សរានៅខេត្តសៀមរាប ដើម្បីដើរតួជាផលិតផលទេសចរណ៍ថ្មីដ៏មានប្រសិទ្ធភាពមួយ ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកទស្សនា និងស្នាក់នៅយូរក្នុងប្រទេសកម្ពុជា។ លោកលើកជាឧទាហរណ៍ថា «មុននឹងឱ្យគេទៅមើលអប្សរា ត្រូវបង្កើតសារមន្ទីរអប្សរា រៀបចំពីលក្ខណៈរបស់អប្សរា ឱ្យគេយល់ច្បាស់ជាមុនសិន នៅពេលគេទៅមើលគេអត់ជិនណាយទេ»។

ត្រង់ចំណុចទី៤នេះដែរ លោក សុខ ទូច ក៏បានលើកឡើងជាមតិយោបល់ដល់ក្រសួងទេសចរផងដែរថា គួរតែរៀបចំឱ្យមានការពន្យល់បកស្រាយឱ្យបានក្បោះក្បាល និងត្រឹមត្រូវអំពីតំបន់ទេសចរណ៍នីមួយៗជូនដល់ភ្ញៀវទេសចរ និងមានការបង្ហាញដោយផ្ទាល់។

លោកក៏បានលើកឡើងថា ភ្ញៀវទេសចរសំខាន់ៗត្រូវមានការបកប្រែភាសាតាមប្រទេសរបស់ពួកគេ ដូចជាបើចង់បានភ្ញៀវចិនត្រូវមានភាសា និងអក្សរចិន កូរ៉េ ជប៉ុន និងភ្ញៀវទេសចរផ្សេង ក៏ត្រូវអនុវត្តដូចគ្នាដែរ។

ការលើកឡើងមតិយោបល់ខាងលើរបស់ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ធ្វើឱ្យក្រសួងទេសចរណ៍ទទួលបាននូវគំនិតថ្មីៗមួយចំននួនថែមទៀត ក្នុងការយកទៅអនុវត្តឱ្យបានល្អប្រសើរជាងនេះ ព្រមទាំងត្រៀមបន្តកិច្ចសហការជាមួយរាជបណ្ឌិត្យសភាកម្ពុជា ក្នុងការសម្រេចសមិទ្ធផលផ្សេងៗបន្ថែមទៀត៕