(ភ្នំពេញ)៖ រថយន្តកុងតឺន័រ ១គ្រឿង បានបើកធ្លាក់ចូលទៅក្នុងប្រឡាយទឹកស្អុយ កាលពីវេលាម៉ោង២៖៤០នាទីទៀបភ្លឺថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅតាមផ្លូវបេតុង ស្ថិតនៅភូមិសាមគ្គី១ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ដែលសង្ស័យអ្នកបើកបរងងុយដេកហើយងោក១ភាំង។ ប៉ុន្តែបុគ្គលិកក្រុមហ៊ុនរថយន្តនេះ បាននិយាយថា គ្រោះថ្នាក់ធ្លាក់ចូលប្រឡាយនេះបណ្ដាល មកពីអ្នកបើកបរគេចចេញពីម៉ូតូ១គ្រឿង នៅខាងមុខ។

ប្រជាពលរដ្ឋបាននិយាយថា រថយន្តខាងលើនោះម៉ាក PREIGHT LINER ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3D-9510 អ្នកបើកបរមិនត្រូវបានស្គាល់អត្តសញ្ញាណឡើយ ។ នៅមុនពេលកើតហេតុ ខណៈដែលគាត់ក្រោកពីដំណេករៀបចំឥវាន់លក់ដូរ ស្រាប់តែឃើញរថយន្តនេះបើកបរធ្វើដំណើរពីទិសខាងត្បូងឆ្ពោះទៅជើង ហើយមកដល់ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែរេចង្កូតទៅខាងឆ្វេងដៃ ជ្រុលធ្លាក់ចូលទៅក្នុងប្រឡាយទឹកស្អុយនោះតែម្ដង។

ប្រជាពលរដ្ឋបានបន្តថា ពេលនោះសំណាងល្អរថយន្តអត់ក្រឡាប់ ហើយអ្នកបើបរ និងព្រូបើកទ្វារលូនចេញពីក្នុងរថយន្តដោយមិនមានរងរបួសឡើយ មិនតែប៉ុណ្ណោះប្រសិនបើអត់ធ្លាក់ប្រឡាយ ហើយរេចង្កូតមកខាងស្ដាំដៃវិញ និងបុកចូលផ្ទះពួកគាត់បណ្ដាលឲ្យមានគ្រោះថ្នាក់មិនខានឡើយ។

ក្រោយពេលកើតហេតុ ខាងក្រុមហ៊ុនបានយករថយន្តស្ទូច១គ្រឿង ទៅស្ទូចលើកយករថយន្តនេះ ហើយរហូតដល់វេលាម៉ោងជិត៩ព្រឹកថ្ងៃដដែល ទើបស្ទូចយកចេញបានរួចបានយកទៅធ្វើការ ជួសជុលឡើងវិញដោយខ្លួនឯង។

ចំណែកឯនគរបាលមិនបានចុះទៅវាស់វែងនោះទេ ព្រោះរថយន្តនេះជួបគ្រោះថ្នាក់ដោយខ្លួនឯង មិនមានប៉ះពាល់ដល់អ្នកផ្សេងឡើយ៕