(ភ្នំពេញ)៖ ដើម្បីអបអរសាទរខួបលើកទី៥៥ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងសិង្ហបុរី ចាប់ពីឆ្នាំ១៩៦៥-២០២០ ឱ្យកាន់តែអធិកអធមប្រកបដោយអត្ថន័យនោះ ស្ថានទូតសិង្ហបុរីប្រចាំកម្ពុជា បានស្នើសុំកិច្ចសហការជាមួយក្រសួងទេសចរណ៍ ក្នុងការរៀបចំឱ្យមានព្រឹត្តិការណ៍ដ៏ធំមួយនោះគឺ «មហោស្រពសិល្បៈតាមដងវិថី» នៅរាជធានីភ្នំពេញ នាកំលុងខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះ។

ការស្នើសុំកិច្ចសហការនេះត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក តាន់ មីឆាអ៊ែល (Michael Tan) ឯកអគ្គរដ្ឋសិង្ហបុរីប្រចាំកម្ពុជា នៅទីស្ដីការក្រសួងទេសចរណ៍ នារសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩។

លោកឯកអគ្គរដ្ឋទូតសិង្ហបុរី បានឱ្យដឹងថា ស្ថានទូតរបស់លោកមានបំណងចង់រៀបចំឱ្យមាន «មហោស្រពសិល្បៈតាមដងវិថី ឬហៅថា Street Art Festival» នៅរាជធានីភ្នំពេញ ដើម្បីអបអរសាទរខួបលើកទី៥៥ នៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសិង្ហបុរី។

ហេតុដូច្នេះហើយទើបស្ថានទូតសិង្ហបុរីស្នើសុំឱ្យមានការសហការពីសំណាក់ក្រសួងទេសចរណ៍ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈរបស់កម្ពុជា ដើម្បីផ្ដល់អនុសាសន៍បន្ថែម និងចូលរួមរៀបចំព្រឹត្តិការណ៍ទេសចរណ៍ និងវប្បធម៌នេះឱ្យប្រព្រឹត្តទៅប្រកបដោយភាពអធិកអធម និងបន្សល់ទុកនូវអត្ថន័យស្ថិតស្ថិរយូរអង្វែង។

លោករដ្ឋមន្ត្រី ថោង ខុន ពិតជាមានការគាំទ្រយ៉ាងពេញទំហឹងចំពោះបំណងចង់រៀបចំ «មហោស្រពសិល្បៈតាមដងវិថី» ខាងលើនេះ ដោយបានចាត់ឱ្យលោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ ដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធសហការជាមួយស្ថានទូតសិង្ហបុរី និងក្រសួងវប្បធម៌ ធ្វើយ៉ាងណារៀបចំព្រឹត្តិការណ៍នេះឱ្យបានល្អប្រសើរ។

លោក តាន់ មីឆាអ៊ែល បានលើកឡើងថា នាព្រឹត្តិការណ៍មហោស្រពនោះ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរទូទាំងក៏អាចចូលលេងកម្សាន្ត ទស្សនាសិល្បៈចម្រុះ ទទួលទានអាហារ និងភេសជ្ជៈ គូគំនូលើជញ្ជាំងដែលគេរៀបចំទុកសម្រាប់គូគំនូ ព្រមទាំងមានកម្មវិធីកម្សាន្តផ្សេងៗទៀតជាច្រើន។

លោក តាន់ បានបញ្ជាក់ទៀតថា ប្រសិនបើការរៀបចំមហោស្រពនេះទទួលបានជោគជ័យនៅរាជធានីភ្នំពេញ ស្ថានទូតសិង្ហបុរីនឹងបន្តកិច្ចសហការរៀបចំនៅតាមបណ្ដាខេត្តសំខាន់ៗផ្សេងទៀត ដូចជា ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តបាត់ដំបងជាដើម។

លោករដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ថា ការរៀបចំឱ្យមានមហោស្រពសិល្បៈតាមដងវិថី ក៏ដូចជាការរៀបចំពិព័រណ៍ម្ហូបអាហារផងនោះ ក៏ស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបាននិងកំពុងជំរុញឱ្យការរៀបចំ «វិថីម្ហូបអាហារ ឬ Food Street និងម្ហូបអាហារតាមដងវិថី ឬ Street Food» ហើយក៏ជាផលិតផលទេសចរណ៍ដ៏សំខាន់ចាំបាច់ណាស់ដែរ ក្នុងការទាក់ទាញភ្ញៀវទេសចរពីគោលដៅនានា ពីព្រោះភ្ញៀវទេសចរមិនគ្រាន់តែដើរកម្សាន្តប៉ុណ្ណោះ តែក៏មានការទទួលអាហារ ភេសជ្ជៈ និងត្រូវការសេវាកម្មផ្សេងទៀតដែរ។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជាបានបង្ហាញការជឿជាក់ថា ព្រឹត្តិការណ៍ខាងលើនេះក៏នឹងចូលរួមផ្សព្វផ្សាយពីគោលដៅទេសចរណ៍ និងវិស័យទេសចរណ៍កម្ពុជាបន្ថែមទៀត ព្រមទាំងជាមេដែកដ៏សំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាកម្ពុជា។ បើតាមការបង្ហើបរបស់ឯកអគ្គរដ្ឋទូតសិង្ហបុរី ក៏នឹងមានក្រុមអ្នកសារព័ត៌មានជាតិ-អន្តរជាតិ ចូលរួមផ្សព្វផ្សាយពីមហោស្រពនេះផងដែរ៕