(ភ្នំពេញ)៖ លោកសាស្រ្ដាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងស្នើដល់ Sing Health Services របស់ប្រទេសសឹង្ហបូរី បន្ដសហការបន្ថែមទៀត លើវិស័យសុខាភិបាល ជាមួយសាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល ក្នុងការបង្កើនគុណភាពនៃការផ្ដល់សសេវាជូនប្រជាជនកម្ពុជា។

ការថ្លែងបែបនេះ របស់រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក្នុងឱកាសបំពាក់គ្រឿងឥស្សរិយយស មេដាយ មុនីសារាភណ្ឌ ថ្នាក់ធិបឌិន្ទ ជូនលោកស្រីសាស្ដ្រាចារ្យ Celia Tan នាយកកម្មវិធី Allied Health, Sing Health Services នៃប្រទេសសឹង្ហបូរី នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នាសាកវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល។

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងបន្ដថា «ក្នុងនាមក្រសួង និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្ដែងការកោតសរសើរ យ៉ាងកក់ក្ដៅចំពោះកិច្ចសហប្រតិបត្ដិការដ៏ប្រសើរ រវាងសាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល និងSing Health Services របស់ប្រទេសសឹង្ហបូរី»

លើសពីនោះ «ខ្ញុំសង្ឃឹមយ៉ងមុតមាំថា លោកស្រីសាស្ដ្រាចារ្យ នឹងបន្ដខិតខំប្រឹងប្រែងផ្ដល់នូវជំនួយបច្ចេកទេសក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស ព្រមទាំងជួយគៀងគរធនធានផ្សេងៗទៀត ដើម្បីចូលរួមចំណែកជាមួយក្រសួងសុខាភិបាលកម្ពុជា ក្នុងការពង្រឹងសេវាព្យាបាល និងថែទាំសុខភាពជូនប្រជាពលរដ្ឋកម្ពុជា នៅទូទាំងប្រទេស»

រដ្ឋមន្ដ្រីសុខាភិបាល បានបញ្ជាក់ទៀតថា ដើម្បីបង្កើនគុណភាពនៃការផ្ដល់សេវាពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធិភាព រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានគាំទ្រយ៉ាងពេញទំហឹង ដោយផ្ដល់អាទិភាពដល់វិស័យ​សុខាភិបាល ព្រមទាំងជំរុញការពង្រឹងកិច្ចសហប្រតិបត្ដិការអន្ដរវិស័យ និងភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍ទាំងអស់ រួមទាំងវិស័យឯកជនផងដែរ។

តាមការបញ្ជាក់របស់សាកលវិទ្យាធិការសកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល លោកសាស្ដ្រាចារ្យ សាផុន វឌ្ឍនៈ បានថ្លែងឱ្យដឹងថា លោកស្រីសាស្ដ្រាចារ្យ Celia Tan បានចាប់ផ្ដើមធ្វើការងារបណ្ដុះបណ្ដាលធនធានមនុស្សនៅកម្ពុជា លើជំនាញព្យាបាលដោយចលនា តាំងពីឆ្នាំ២០០៥មកម្លេះ ដោយបានបណ្ដុះបណ្ដាល ដល់អ្នកជំនាញ​ព្យាបាលដោយចលនានៅកម្ពុជា ចំនួន៦០នាក់ បណ្ដុះបណ្ដាលអន្ដរវិជ្ជាជីវៈដល់មន្ដ្រីសុខាភិបាលចំនួន៥៦៩នាក់ និងគ្រូបង្គោល១១នាក់ នៅមន្ទីរពេទ្យកុមារជាតិ មន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យព្រះកុសុមៈ និងមជ្ឈមណ្ឌលជាតិស្ដារនិតិសម្បទា។

ចាប់ពីឆ្នាំ២០១៣ មកដល់បច្ចុប្បន្ន លោកស្រីបានជួយជ្រោមជ្រែងយ៉ាងសកម្ម ក្នុងការជួយដល់សាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល ក្នុងការគៀងគរធនធាន ដើម្បីរៀបចំនិងបើកវគ្គបណ្ដុះបណ្ដាបរិញ្ញាប័ត្របន្ដពីថ្នាក់បរិញ្ញាបត្ររងលើជំនាញព្យាបាលដោយចលនាផងដែរ៕