(ភ្នំពេញ)៖ គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានចេញសេចក្តីថ្លែងការណ៍មួយ ប្រកាសបដិសេធ ចំពោះការរិះគន់ចំនួនលើបណ្តាញសង្គម ពាក់ព័ន្ធករណីរថយន្តដឹក ព្រះសពសម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី។

គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានបញ្ជាក់ថា ព្រះសព សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ត្រូវបានដឹកតាមយន្តហោះពីប្រទេសថៃ ហើយមកដល់រាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោងប្រមាណ៧៖៣០នាទីយប់ មិនមែនដឹកតាមរថយន្តពីប្រទេសថៃមកទេ។

គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានបញ្ជាក់ទៀតថា «ព្រះសព ត្រូវបានទទួលតាមព្រះរាជប្បវេណីខាងសាសនា ដោយមានសម្តេចព្រះមហាសង្ឃរាជ យាងជាព្រះអធិបតី នៅព្រលានយន្តហោះ និងបញ្ជូនដោយស្ងៀមស្ងាត់ តាមព្រះទីនាំងរបស់ក្រសួងព្រះបរមរាជវាំង (Mercedes) ដែលតែងតែប្រើសម្រាប់ថ្វាយព្រះរាជដំណើររបស់ ព្រះសង្ឃ ដែលនិមន្តចូលរួមក្នុងព្រះរាជពិធីផ្សេងៗ ក្នុងព្រះបរមរាជវាំង និងត្រូវបានតុបតែងលម្អ ដោយសន្ធិយា-វាំងនន និងកម្រាលព្រំថ្មីទាំងអស់ និងរៀបចំឲ្យស័ក្តិសមល្អបំផុត ជារថយន្តសម្រាប់ដង្ហែព្រះសព ដោយឥតមានកៅអីអង្គុយ នៅខាងក្នុងព្រះទីនាំងនោះទេ»។

សូមជម្រាបថា សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី បានសោយទិវង្គតនាវេលាម៉ោង ១២៖៣០នាទី ថ្ងៃត្រង់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងមន្ទីរពេទ្យព្រះរាជាណាចក្រថៃ ដោយជរាពាធ៕