(ភ្នំពេញ)៖ គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក សហការជាមួយក្រុមហ៊ុន អឹម អេស អេ MSA (Marketing Solutions Asia) នឹងរៀបចំយុទ្ធនាការ ដើរដោយសុវត្ថិភាព ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង អំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបង្កើនស្មារតីចូលរួមឱ្យបានផុសផុល ពីគ្រប់ភាគីពាក់ព័ន្ធ និងពីសាធារណជន ពិសេសយុវជន សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងធ្វើឲ្យប្រសើរឡើងនាពេលខាងមុខ។

យុទ្ធនាការនេះនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយមានការចូលរួមពីមហាជនជួបជុំគ្នាមុខវត្តបទុមវត្តីវេលាម៉ោង៧៖០០នាទីព្រឹក និងចេញដំណើរឆ្ពោះទៅចូលរួម កម្មវិធីទិវាអន្ដរជាតិរំលឹកជនរងគ្រោះថ្នាក់ចរាចរណ៍លើកទី១៤ ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដែលមានអ្នកចូលរួមប្រមាណ៣០០០នាក់។

ក្នុងទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើក ទី១៤ សម្ដេចក្រឡាហោម ស ខេង នឹងអញ្ជើញរាប់បាត្រ បង្សុកូលឧទ្ទិសកុសស ជូនដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ និងទស្សនាស្ដង់ពិព័រណ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក។

សូមអញ្ជើញសាធារណជន ចូលទៅកាន់ Facebook Page «ដើរដោយសុវតិ្ថភាព-Safe Walk Page» ដើម្បីទទួលបានពត៌មានលម្អិត អំពីយុទ្ឋនាការនេះ ដើម្បីចូលរួមចំណែកលើកកម្ពស់ ការអប់រំផ្សព្វផ្សាយ សុវតិ្ថភាពចរាចរណ៍ផ្លូវគោក សំដៅកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ និងលើកកម្ពស់សនិ្តសុខ សណ្តាប់ធ្នាប់ និងជីវភាពសុខដុមរុងរឿងគ្រប់ក្រុមគ្រួសារ ក្នុងព្រះរាជជាណាចក្រកម្ពុជា និងក្នុងសកលលោក៕