(ភ្នំពេញ)៖ នៅរសៀលថ្ងៃពុធ ៩រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេចចៅហ្វាវាំង គង់ សំអុល អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានដឹកនាំគណៈប្រតិភូចូលរួមរំលែកព្រះមរណទុក្ខយ៉ាងក្រៀមក្រំបំផុត និងគោរពព្រះវិញ្ញាណក្ខន្ធ សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ទេពនាដវដ្តីឯក ឧត្តមក្រុមប្រឹក្សា ព្រះមហាក្សត្រ សមាជិកាក្រុមប្រឹក្សាធម្មនុញ្ញ និងជាអតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាវត្តបុទុមវតីរាជវរារាម ដែលព្រះអង្គ បានយាងសោយព្រះពិរាល័យ កាលពីថ្ងៃចន្ទ ៧រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ១២៖៣០នាទី ក្នុងព្រះជន្មាយុ៧៧ព្រះវស្សា ដោយព្រះរោគាពាធ។

ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំបំផុតនេះ សម្តេចចៅហ្វាវាំង គង់ សំអុល សូមចូលរួមរំលែកនូវព្រះមរណទុក្ខយ៉ាងក្រៀមក្រំបំផុត និងសម្តែងនូវក្តីសង្វេគសោកស្តាយស្រណោះ អាឡោះអាល័យស្ទើររកទីបំផុតគ្មាន ព្រោះថាការបាត់បង់ សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី គឺជាការបាត់បង់ដ៏ធំធេងបំផុត នូវតួអង្គពហុជំនាញក្នុងវិស័យវប្បធម៌ អរិយធម៌ ជាតិខ្មែរ ជាទេពនាថវដ្តីឯក និងជាមរតកមនុស្សរស់របស់កម្ពុជាក្នុងរបាំព្រះរាជទ្រព្យ លើកតម្កើងវប្បធម៌ពណ្ណារាយជាតិថ្កើងថ្កាន ល្បីល្បាញរន្ទឺទូទាំងសកលលោក។

ក្នុងឱកាសចូលរួមគោរពព្រះវិញ្ញាណក្ខន្ធនោះ សម្តេចចៅហ្វាវាំង គង់ សំអុល បានថ្វាយបច្ច័យបុណ្យរបស់ កាកបាទក្រហមកម្ពុជា ចំនួន១០លានរៀល និង សូមវន្ទាឧទ្ទិសថ្វាយដួងព្រះវិញ្ញាណក្ខន្ធ សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី បានយាងយោនយកកំណើតបដិសន្ធិ ក្នុងសុគតិភព គ្រប់ៗព្រះជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕