(សៀមរាប)៖ ក្រោមកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន ក្នុងក្របខណ្ឌ នៃការអនុវត្តគំនិតផ្តួចផ្តើម «ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ» ខេត្តសៀមរាប នឹងមានរោងចក្រផលិត ជីកសិកម្ម សរីរាង្គ នាថ្ងៃអនាគតបន្ទាប់ក្រុមហ៊ុន GUOMEI LIQUOR GROUP នៃខេត្តសានតុង សាធារណរដ្ឋប្រជាមានិតចិន រួមជាមួយក្រុមហ៊ុន Brightway Group បានចុះកិច្ចព្រមព្រៀងស្ដីពី «កិច្ចព្រមព្រៀងសហប្រតិបត្តិការជាយុទ្ធសាស្រ្ត ក្នុងការបង្កើតរោងចក្រផលិត ជី កសិកម្ម សរីរាង្គ» ដោយជ្រើសរើសយកខេត្តសៀមរាប ធ្វើជាទីតាំងនៃការបង្កើតរោងចក្រនោះ។

ពិធីនេះបានធ្វើឡើងក្រោមវត្តមាន លោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា និងលោក វ៉ាង ស៊ូជៀន (WANG SHUJIAN) សមាជិកគណ:កម្មាធិការ អចិន្ត្រៃយ៍របស់គណ:កម្មាធិការបក្សខេត្ត និងជាអភិបាលរងខេត្តសានតុង ប្រទេសចិន នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅសណ្ឋាគារសូហ្វ៊ីតែលអង្គរភូគីត្រ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប, រួមនឹងវត្តមាន អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ប្រមាណ៣០០នាក់ ពិសេសប្រតិភូមកពី ខេត្តសានតុង សាធារណរដ្ឋប្រជាមានិតចិន។

តាមរយៈនៃការបង្កើតរោងចក្រនេះ ក្នុងគោលបំណងកាត់បន្ថយការនាំចូលជីកសិកម្ម ពីក្រៅប្រទេសចូលកម្ពុជា ហើយប្រជាកសិករ នឹងទទួលបានតម្លៃជីដ៏សមរម្យជាងមុន និងបានបង្កើតឱកាសការងារធ្វើ សម្រាប់ប្រជាពលរដ្ឋកម្ពុជា ផងដែរ។

លោក ម៉ៅ ថូរ៉ា បានថ្លែងថា តាមរយ: ការដាក់ចេញនូវគំនិតផ្តួចផ្តើម «ផ្លូវមួយ ខ្សែក្រវាត់មួយ» របស់សាធារណរដ្ឋប្រជាមានិតចិន គឺបានរួមចំណែកយ៉ាងសកម្ម ដល់ការជំរុញកិច្ចអភិវឌ្ឍតំបន់ និងសកលលោក។ គំនិតផ្តួចផ្តើមនេះ គឺជាក្របខណ្ឌ នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍនៅក្នុងតំបន់ ក៏ដូចជានៅក្នុងសកលលោក ហើយក៏ជាយន្តការមួយ ដែលផ្តល់នូវធនធាន ដល់ប្រទេសនានាលើសកលលោក ពិសេសប្រទេសកំពុងអភិវឌ្ឍ សម្រាប់បំពេញគម្លាតតម្រូវការហិរញ្ញប្បទាន ដើម្បីបង្កើនការតភ្ជាប់សេដ្ឋកិច្ចរបស់ខ្លួន។

លោកបានបន្តថា តាមរយៈនៃអង្គសិក្ខាសាលា ដែលស្ថិតក្នុងគោលបំណង ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ វិនិយោគ របស់សហគ្រាស នៃខេត្តសានតុង មកធ្វើការវិនិយោគនៅកម្ពុជានាពេលនេះ នឹងបង្កើននូវចំណងមិត្តភាពកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការយោគយល់គ្នា ដើម្បីពង្រឹងលើការលើកកម្ព ស់ការអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច កំណើនការងារ ពង្រឹងគុណភាពជីវិតរស់នៅរបស់ប្រជាពលរដ្ឋ និងដើម្បីផលប្រយោជន៍ទៅវិញ ទៅមក សម្រាប់ភាគីទាំងពីរ (កម្ពុជា-ចិន)។

ទន្ទឹមនឹងនេះដែរ លោក នាក់ ណេរ៉ុន ក៏បានបង្ហាញនូវការចាប់អារម្មណ៍ផងដែរថា សម្រាប់ការចូលរួមរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តគំនិតផ្តួចផ្តើម «ផ្លូវមួយ ខ្សែក្រវាត់មួយ» បានធ្វើឱ្យខេត្តសៀមរាប ទទួលបាននូវអត្ថប្រយោជន៍យ៉ាងច្រើន លើវិស័យសេដ្ឋកិច្ច សង្គម និងវប្បធម៌។ បច្ចុប្បន្ននេះ ខេត្តសៀមរាប មានចំណងសម្ព័ន្ធមេត្រីភាពជាមួយបណ្តាខេត្ត-ក្រុង នៃសាធារណរដ្ឋប្រជាមានិតចិន បានចំនួន ២៨ខេត្ត-ក្រុង និងមានក្រុមហ៊ុន និងសហគ្រាសចិន ចំនួន១៩៤ បាននិងកំពុងប្រតិបត្តិការវិនិយោគរបស់ខ្លួនក្នុងខេត្តសៀមរាប៕